ព័ត៌មានជាតិ

CMA៖ របាយ​ការណ៍​​​​​មួល​បង្កាច់ លើការផ្តល់ប្រាក់​​កម្ចី របស់អង្គការលីកាដូ និងធាងត្នោត បង្ហាញ​ពី​​រូប​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ និង​មើល​រំលង​​តួនាទី ​ដ៏​សំខាន់​របស់គ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញ​វត្ថុ លើ​​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រី

ភ្នំ​ពេញ៖ របាយ​ការណ៍​មួយ​ដែល​ ​ត្រូវ​បាន​ចេញ​ផ្សាយ​​​ ដោយ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ​ និង​សមា​គម​ធាង​ត្នោត ដែលមាន​ចំណង​ជើង​ថា «ការ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យបញ្ចាំ» នៅ​ថ្ងៃពុធ ទី​៧ ខែសីហា ឆ្នាំ​២០១៩ មិន​​បង្ហាញ​ពី​ស្ថាន​ភាព​ជាក់​ស្តែង ​របស់​​វិស័យ​មី​ក្រូ​ហិរញ្ញ​វត្ថុនៅកម្ពុជានោះទេ និងហើយរបាយការណ៍នេះ ​​​ផ្តោត​​តែ​​ទៅលើ​គុណ​វិ​បត្តិ ដើម្បី​បង្កើត​ឲ្យ​មាន​រូប​ភាព​ ជា​អវិជ្ជ​មាន​​ដែល​គ្មាន​​ភាព​ប្រាកដ​និយម ​ទៅ​លើ​ការផ្តល់កម្ចី​របស់​គ្រឹះស្ថានមី​ក្រូ​ហិរញ្ញ​វត្ថុ​។ នេះ​បើយោង​ទៅ​តាម​សមា​គម មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា (CMA) ដែល​តំណាង​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់នៅ​​កម្ពុជា​ ។

សមា​គមមីក្រូហិរញ្ញ​វត្ថុកម្ពុជា បាន​បញ្ជាក់​ថា ស្រប​ពេល​​​​​ការ​សិក្សា​ផ្សេង​ៗ ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​លើ​​២៨​ករណី ក្នុង​ចំណោម​អ្នក​ខ្ចី​ប្រាក់​ច្រើន​ជាង ​២​​លាន​នាក់ នៅ​ក្នុង​​សៀវ​ភៅ​កំណត់​ត្រា​នា​ពេល​បច្ចុប្បន្ន​​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​​កម្ពុជា របាយ​ការណ៍​នេះ មិន​បង្ហាញ​ពី​ភាព​ជាក់​ស្តែង​ទៅលើ ​​រូប​ភាព​ទាំង​ស្រុង​​​លើ​កម្ចី​​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ នៅ​កម្ពុជា​ឡើយ ផ្ទុយ​ទៅ​វិញ ​គ្រឹះស្ថានមីក្រូ​ហិរញ្ញ​វត្ថុ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការ​ជួយ​ឲ្យ​​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ ការ​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ និង​​បាន​បង្កើន​កម្រិត​នៃ​​​ការ​​ជួយ​​ផ្តល់​ទុន​ហិរញ្ញ​វត្ថុ ក្នុង​រយៈពេល​១​ទស​វត្សរ៍​ចុងក្រោយ​នេះ​។

សមា​គមមីក្រូហិរញ្ញ​វត្ថុកម្ពុជា បាន​​កត់សម្គាល់​ឃើញ​ថា ភាគី​ពាក់​ព័ន្ធ​លើ​​​ការ​សរសេរ និង​​​រៀប​ចំ​របាយ​ការណ៍​នេះ បាន​ដឹង​យ៉ាង​​ច្បាស់​​​ថា ពួក​គេ​បាន​ជ្រើស​រើស​យក​គំ​រូ​​មក​​សិក្សា​ត្រឹមតែ​២៨​ករណី​​ប៉ុណ្ណោះ ដោយ​​មាន​មូល​ដ្ឋាន​តែ​ទៅ​លើ​ លទ្ធ​ផល​ជា​​អវិជ្ជ​មាន​ពី​កម្ចី​​មីក្រូ​ហិរញ្ញ​វត្ថុ​។ ការ​ធ្វើ​បែប​នេះ គឺ​​ជា​ការ​បង្ហាញ​ពី​​រូប​ភាព​មិន​ត្រឹម​ត្រូវ​មួយ​ និង​មិន​ឆ្លុះ​បញ្ចាំង​​ពី​ស្ថាន​ភាព​ពិត ​ទៅ​លើ​កម្ចី​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ដែល​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់ ​ប្រជា​ពល​រដ្ឋ​កម្ពុជា​រាប់លាននាក់​។ សមា​គមមីក្រូហិរញ្ញ​វត្ថុកម្ពុជា (ស.ម.ក) បាន​បញ្ជាក់​ថា របាយ​ការណ៍​ដដែលនេះ​ បង្ហាញ​ថា

«​ការ​ស្រាវ​ជ្រាវ​នេះ មិន​ត្រូវ​បាន​ចាត់​ទុក​ថា ជា​តួ​លេខ​​​តំណាង​ឲ្យ​កម្ពុជា ឬ​អតិ​ថិ​ជន​ទាំង​អស់​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ឡើយ» ក៏ប៉ុន្តែ របាយ​​ការណ៍​នេះ និង​​ការ​ស្រាវ​ជ្រាវ​តែ​មួយ​ផ្នែក​​​របស់​អង្គ​ភាព​ទាំង​២ តាម​វិធី​បែប​នេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការបង្ខូចកេរិ៍្ត​ឈ្មោះ​​របស់​​វិស័យ ​​​មីក្រូ​ហិរញ្ញ​វត្ថុ​ទាំង​មូល​យ៉ាង​ពិត​ប្រាកដ​។

លោក​ គា បូ​រាណ ប្រធាន​សមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា លេីកឡេីងថា៖ «សមា​គមមីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង ​ទៅ​​លើ​របាយ​ការណ៍​ណា​មួយ​ដែល​​មិន​មាន​ភាព​ពិត​ប្រាកដ និង​មួល​បង្កាច់​ទៅលើ​ការអ​នុវត្តការផ្តល់ប្រាក់​កម្ចី ហើយ​សមាគម​នឹង​ធ្វើ​ការ​ ជា​មួយ​នឹង​សមា​ជិក​​របស់​យើង ​ដើម្បី​ស៊ើប​អង្កេត​ទៅ​លើ​​ការ​សិក្សា​​ផ្សេង​ៗលើ​ករណី​ ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​របាយ​ការណ៍​នេះ​។ ក៏ប៉ុន្តែ សមាគមពិត​​ជា​​មានការ​ សោក​ស្តាយ​ណាស់​ដែល​របាយ​​ការណ៍​នេះ ផ្តោត​តែ​ទៅ​លើ​គំរូ​តូច​មួយ​នៃ​អ្នក​ខ្ចីប្រាក់នៅក្នុងវិស័យ​មី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា ហើយ​សមាគមក៏មាន​​​​ការ​សោក​ស្តាយ​ផង​ដែរ​ថា ​មិន​មាន​​សមា​ជិក​ណា​ម្នាក់​របស់​យើង ឬ​​ក៏​សមា​គម​ផ្ទាល់ ត្រូវ​បាន​ទាក់​ទង​ដោយ​​​អ្នក​សរសេរ​របាយ​ការណ៍​នេះ​ អំឡុង​ពេល​នៃ​​ការ​បំពេញ​ការ​ងារ​របស់​ពួក​គេ​​»​។

លោក​ គា បូ​រាណ បានបន្ថែម​ថា៖ «យើង​​មិន​ទាន់​បាន​ត្រួត​ពិនិត្យ ​​របាយ​ការណ៍​នេះ​ទាំង​ស្រុង​នៅ​ឡើយ​ទេ ដោយសាតែ​របាយ​ការណ៍​នេះ ទើប​តែ​​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ ប៉ុន្តែ យើង​មាន​ការ​​យក​​ចិត្ត​ទុក​​ដាក់​ជាខ្លាំង ​​ទៅ​​ការ​​ពិពណ៌​នា​ដែលមិន​ត្រឹម​ត្រូវ ឬ​អវិជ្ជ​មាន​ទៅ​លើ​កម្ចី​​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅកម្ពុជា     ខណៈ​ដែល​សមា​ជិក​​របស់​យើង​ត្រូវបាន​តម្រូវ​ឲ្យ​​អនុវត្ត​តាម​នីតិ​វិធី ​​​​​ជាច្រើន​ទាក់​ទង​នឹង​ការ​កាត់​បន្ថយ និងការ​​វិភាគយ៉ាង​តឹង​រ៉ឹង​បំផុត ​​​​លើ​ហានិភ័យ​​​ដែល​ប្រឈមមុខ​ ក៏ដូច​ជា​វិធី​សាស្ត្រ​លើ​ការ​ការ​ពារ​អតិ​ថិ​ជន​​យ៉ាង​ម៉ត់​ចត់​បំផុត នៅទីផ្សារ​មីក្រូ​ហិរញ្ញ​វត្ថុ​​​ធំៗនានា នៅក្នុង​ពិភព​​​​លោកដែល​​កំពុង​តែ​អភិវឌ្ឍ​»​។

សមា​ជិក​​របស់​​សមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា បាន​ចុះ​ហត្ថលេខា​​​​រួម​គ្នា​លើ​សេចក្តី​ណែនាំ​លើ​ផ្តល់កម្ចី​ ដ៏​តឹង​រ៉ឹង​របស់​សមា​គម​នេះ​កាលពី​ឆ្នាំ​មុន ខណៈ​​​ដែល​សេចក្តី​ណែនាំ​​​នេះ មាន​លក្ខខណ្ឌ​​លើ​ការ​ទប់​ស្កាត់​ ការ​ជាប់​បំណុលវណ្ឌករ ​តឹង​រ៉ឹង​ជាង​បទ​បញ្ញត្តិ​​​ដែល​គ្រប់គ្រង ​វិស័យ​ធ​នា​​គារ​ពាណិជ្ជ​កម្ម​របស់​កម្ពុជា និង​ទីផ្សារមីក្រូ​ហិរញ្ញ​វត្ថុ​ភាគ​ច្រើន​ទូ​ទាំង​ពិភព​លោក​ទៅទៀត ទៀត​ផង​​។

 គ្រឹះ​ស្ថានទទួលប្រាក់​បញ្ញើហិរញ្ញ​វត្ថុ​ចំនួន​៦ ​ក្នុង​ចំណោម​គ្រឹះ​ស្ថាន​​​​​ទទួល​យក​ ប្រាក់​បញ្ញើហិរញ្ញ​វត្ថុ​​ធំៗ​ទាំងអស់របស់​កម្ពុជា ក៏​ទទួល​បាន​វិញ្ញា​​ប័ណ្ណ​ប័ត្រ​ពី Smart Campaign ដែល​ជា​កម្ម​វិធី​​ផ្តល់វិញ្ញា​​ប័ណ្ណ​ប័ត្រ​ ​ជា​សកល​សម្រាប់គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ ដោយ​តម្រូវ​ឲ្យ​ស្ថាប័ន​ទាំង​នេះ ​អនុ​វត្ត​គោល​ការណ៏ការ​ពារ​អតិ​ថិ​ជន ដ៏​តឹង​រ៉ឹង ហើយមាន​គោល​បំណង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង ​​នឹង​ការ​ជាប់​បំណុលវណ្ណករ ក៏​ដូច​ជា​បង្ហាញ​ពី​​ការ​​ប្រព្រឹត្ត​ដ៏​យុត្តិ​ធម៌ និង​ប្រកប​ដោយ​ការ​គោរ​ព​ ទៅ​កាន់​​អតិ​ថិ​ជន​របស់​ខ្លួន​។

 លោក​ គា បូ​រាណ បានបញ្ជាក់​ថា៖ «បើ​យោង​ទៅ​តាម​ទិន្ន​ន័យ​របស់​ធនា​គារ​ពិភព​លោក វិស័យមីក្រូ​ហិរញ្ញ​វត្ថុ​ បានក្លាយ​ជា​តួ​អង្គ​ដ៏សំខាន់ ​លើ​ទៅ​ការ​​​រីក​ចម្រើន​សេដ្ឋ​កិច្ច​របស់​កម្ពុជា និង​បាន​​ចូល​រួម​ចំណែក​ជួយ​កាត់​​បន្ថយភាព​ក្រី​ក្រី​​ពី​ ៤៧% នៃ​​អត្រា​ប្រជា​ជន​​សរុប​ក្នុង​ឆ្នាំ​២០០៧ មក​នៅ​ត្រឹម ១៣,៥% នៃ​អត្រា​ប្រជា​ជន​ ក្នុងឆ្នាំ​២០១៤​»​។

សមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​របស់​កម្ពុជា មាន​​សមត្ថ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ ក្លាយ​​​វិស័យ​​គំ​រូ​មួយ​ក្នុង​ចំណោម ​វិស័យ​​គំ​រូ​ដ៏​ជោគ​ជ័យ​បំផុត​សម្រាប់​បរិ​យា​ប័ណ្ណ​ហិរញ្ញ​វត្ថុ​ទូ​ទាំង​ពិភព​លោក និង​ត្រូវ​បាន​ចាត់​ទុក​យ៉ាង​ទូ​លំ​ទូលាយ​ថា ជា​ករណី​សិក្សា​ស្រាវ​ជ្រាវ​ជា​វិជ្ជ​មាន ​មួយ​​ទៅ​លើ​​កម្រិត​​នៃ​ភាព​ងាយ​​ស្រួល​ដែល​​មីក្រូ​ហិរញ្ញ​វត្ថុ​ ​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ពល​រដ្ឋ​ក្រីក្រ ក្នុង​ប្រទេសកំពុង​អភិវឌ្ឍ​។

ការ​កំណត់​ចំណាំ​គោល​​ន​យោ​បាយ​​ មីក្រូ​ហិរញ្ញ​វត្ថុ​​កម្ពុជា​របស់​ធនា​គារ​ពិភព​លោក ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ បង្ហាញ​ថា «កំណើន​​ក្នុង​កម្ចី​ខ្នាត​តូច (មីក្រូ​ក្រេឌីត) កំពុង​តែ​មាន​​ឥទ្ធិ​ពល​​សុខុ​មាល​ភាព និង​ហិរញ្ញវត្ថុ​ជា​​វិជ្ជ​មាន​សម្រាប់​ក្រុម​គ្រួ​សារ​​​នានា នៅកម្ពុជា​។ ការពង្រីក​​ខ្លួន​របស់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ បាន​​បង្កើត​ឲ្យ​មាន​លទ្ធ​ភាព​​សម្រាប់​អ្នក​ខ្ចី ក្នុង​ការ​ផ្លាស់​ប្តូរ​​ប្រភព​កម្ចី​មិន ​ផ្លូវ​ការឲ្យ​ទៅ​ជា​ប្រភព​កម្ចី​ផ្លូវ​ការ ជា​ពិសេស​ក្នុង​គ្រួ​សារ​ក្រីក្រ​»​។

ការ​កំណត់​ចំណាំ​​គោល​នយោ​បាយ ​​របស់​ធនា​គារ​ពិភព​លោក ក៏​បង្ហាញ​ពី​​ឲ្យ​ឃើញ​​ផងដែរ​ថា ភាព​​ងាយ​ស្រួល​ទៅ​លើ​​ការ ​ផ្តល់​កម្ចី​របស់គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ បាន​កាត់​បន្ថយ​ជា​ពិសេស​​ទៅលើ​ ការ​ខ្ចីមិន​ផ្លូវ​ការ​របស់​ពល​ដ្ឋកម្ពុជា

ខណៈ​ដែល​ចំនួន​​អ្នក​ខ្ចី​ ដែល​ប្រើប្រាស់​ប្រភព​កម្ចី​មិនផ្លូវ​ការ បាន​ធ្លាក់​ចុះ​ពី​ ៣២% ក្នុងឆ្នាំ​២០០៤ មក​នៅត្រឹម​ ៦% ក្នុង​ឆ្នាំ​២០១៤​។

​របាយ​ការណ៍​នេះ បង្ហាញ​ពី​អត្ថ​ប្រយោជន៍​ជាច្រើន​ដែល​​កម្ចីខ្នាត​តូច អាច​​មាន​សម្រាប់​អ្នក​ខ្ចី​។ ការ​​កត់​សម្គាល់​គោល​នយោ​បាយ​នេះ​ បាន​បញ្ជាក់​ថា៖     «ភាព​ងាយ​ស្រួលលើ​កម្ចី​ បាន​បង្កើន​ឱកាស ​​របស់​​​គ្រួសារ​ក្នុង​ការ​បង្កើត​មុខ​របរ ​លក្ខខណៈ​គ្រួ​សារ​ រហូត​ដល់​ទៅ​ ៤% បើប្រៀប​ធៀប​ទៅ​នឹង​​ក្រុម​គ្រួ​សារ​ស្រដៀង​គ្នា ដែល​មិន​មាន​កម្ចី កាលពី​​ឆ្នាំ​២០១៦​។ ភាពស្រដៀង​គ្នា​នេះ​ផងដែរ ក្រុម​គ្រួ​សារ​ដែលមានកម្ចី បាន​​ចំណាយ​​ច្រើន​ជាង​ ៥% ទៅលើ​ការ​ងារ​កសិកម្ម បើ​ប្រៀបធៀប​ទៅនឹង​អ្នក​ដែល​​គ្មាន​កម្ចី​។ ភ័ស្តុតាង​ទាំង​នេះ បង្ហាញ​ថា កម្ចី​ខ្នាត​តូច បាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុងការ​​ អភិវឌ្ឍសកម្ម​ភាព​សហគ្រិន ការ​ធ្វើ​កសិកម្ម​បែប​ពាណិជ្ជ​កម្ម និង​ធ្វើ​ឲ្យ​កម្រិត​ជី​វ​ភាព​ជា​ទូទៅ​​របស់​ពល​រដ្ឋ​ក្រីក្រ កាន់​តែមានភាពល្អ​ប្រសើរ​ជាង​មុន​»​។

បើ​ទោះ​បី​​សមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា បាន​ទទួល​ស្គាល់​ថា អត្រា​នៃ​បំណុល​ធៀប​នឹង ​​ផលិត​ផល​ក្នុងស្រុក​សរុប (GDP) បាន​កើន​ឡើង​ក្នុង​រយៈពេល​៣ ទៅ​៤​ឆ្នាំ​ចុងក្រោយ​នេះ​ក៏​ដោយ ប៉ុន្តែ សមា​គម​នេះ ក៏​បាន​​កត់​សម្គាល់ឃើញ​ផងដែរ​ថា អត្រា​នៃ​ការ​ដាក់​ប្រាក់​បញ្ញើនៅ​តាមគ្រឹះស្ថានទទួលប្រាក់បញ្ញើ​ហិរញ្ញ​​វត្ថុ​ បាន​កើន​ឡើង​ ៣៩% ស្រប​ពេល​ដែល​​អត្រា​កម្ចី បាន​កើន​ឡើង​ត្រឹម​តែ​ ៣២% ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៨​។

សមា​​គមមីក្រូ​ហិរញ្ញ​វត្ថុ​​កម្ពុជា ក៏​បាន​កត់​សម្គាល់​​បន្ថែម​ទៀត​ថា ការប្រៀបធៀបរបស់​​របាយ​ការណ៍​នេះ ទៅ​លើ​ទំហំ​កម្ចី​ជា​មធ្យម​ធៀប ​ទៅនឹង​ផលិត​ផល​ក្នុង​ស្រុក​សរុប​ក្នុង​ពលរដ្ឋ​ម្នាក់ បាន​បង្កើត​ឲ្យ​មានការ​យល់​ខុសគ្នា ខណៈ​ដែល​កម្ចី​ធំ​ៗ​របស់​មីក្រូ​ហិរញ្ញ​វត្ថុ​ជាច្រើន ដែល​​បាន​ធ្វើ​ឲ្យ​ចំនួន​នៃ​ ទំហំ​​កម្ចី​​ជា​មធ្យម​កើន​ឡើង​​នោះ ត្រូវ​បាន​​ធ្វើ​ឡើង​ទៅលើ​សហ​គ្រាស​ខ្នាត​តូច និង​មធ្យម មិនមែន​ជាកម្ចី​បុគ្គ​ល​ឡើយ​។

សមាគមមីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា បាន​បញ្ជាក់​បន្ថែម​ថា កម្ចីមីក្រូ​ហិរញ្ញ​វត្ថុ​​ភាគ​ច្រើន សម្រាប់​បុគ្គ​ល​​ឯក​ជន​នីមួយៗ មាន​ចំនួន​ទឹកប្រាក់​ក្រោម ១០០០ដុល្លារ​អាមេរិក និងជាឥណទានដែលគ្មាន​ដាក់​ទ្រព្យ​ធានា ដើម្បី​ទទួល​បាន​ប្រាក់​កម្ចីនោះ​ឡើយ​៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top