ព័ត៌មានជាតិ

សម្ដេចតេជោ៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺផ្តល់ឱកាសឲ្យផ្នែកឯកជនលើកឡើងនូវបញ្ហា និងសំណូមពរ (វីដេអូ)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការបង្កើតវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន គឺផ្តល់ឱកាសឲ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការសមស្របណាមួយដើម្បីដោះស្រាយ។

ក្នុងវេទិកាធុរកិច្ច កម្ពុជា-ស្រីលង្កា នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃ កំណើនសេដ្ឋកិច្ច និងដៃគូដ៏ពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេស។

សម្ដេចមានប្រសាសន៍ថា “ក្នុងន័យនេះ រាជរដ្ឋាភិបាបានបង្កើតយន្តការសន្ទនាមួយ ហៅថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន” ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំផ្ទាល់និងដោយមាន ការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្តតំណាងផ្នែកឯកជនគ្រប់វិស័យឯកអគ្គរដ្ឋទូតប្រចាំកម្ពុជានិងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។យន្តការនេះផ្តល់ ឱកាសឲ្យផ្នែក ឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការសមស្របដើម្បីដោះស្រាយ។ រាល់ការសម្រេចនៅក្នុងវេទិកានេះត្រូវបាន ចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី”

សម្ដេចបន្ដថា ជាក់ស្តែង កាលពីខែមីនា ឆ្នាំ២០១៩ សម្ដេចបានដឹកនាំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលក្នុងឱកាសនោះសម្ដេចបានដាក់ចេញនូវវិធានការ មុតស្រួចមួយចំនួនដូចជា៖ទី១បង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា -ទី២,កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច និងទី៣,ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាព កាន់តែច្រើនថែមទៀតជូនប្រជាជនកម្ពុជា។

បន្ថែមពីនេះនាយករដ្ឋមន្ដ្រីកម្ពុជាលើកឡើងថាបច្ចុប្បន្នវិធានការទាំងនេះត្រូវបាននិងកំពុងអនុវត្តយ៉ាងហ្មត់ចត់ដោយក្រសួងស្ថាប័នពាក់ព័ន្ធហើយរាជរដ្ឋាភិបាលក៏បានរៀបចំ ឲ្យមានយន្តការមួយច្បាស់លាស់ សម្រាប់ពិនិត្យ និងធ្វើការតាមដានការអនុវត្តវិធានការទាំងនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការសម្រេចគោលដៅទាំង៣ខាងលើ។

ដើម្បីលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជា ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួននៅក្រៅប្រទេស សម្ដេចតេជោលើកទឹកចិត្តឲ្យអ្នកវិនិយោគពិចារណាយក ប្រទេសស្រីលង្កា ជាប្រទេសគោលដៅរបស់ខ្លួន។

សម្ដេចតេជោក៏បានបង្ហាញអ្នកវិនិយោគស្រីលង្កាអំពីសក្តានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជា លើ ៥ចំណុច រួមមាន ៖ទី១-ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ,ទី២-ការបើកចំហសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគទាំងអស់ដោយគ្មានការរើសអើង ,ទី៣-កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេង ,ទី-កម្ពុជាស្ថិតនៅ លើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន និងទី៥-កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍។

សូមរំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០១៩ គម្រោងវិនិយោគត្រូវបានអនុម័ត ១៥៣គម្រោង និងទុនវិនិ យោគ ៥,២ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆមាសទី១ ឆ្នាំ២០១៨ គម្រោងកើនឡើង៤៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងជាង២ពាន់លានដុល្លារ។ ជាពិសេសកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រចាំឆ្នាំជាមធ្យម ក្នុងរង្វង់៧,៧%ហើយកម្ពុជាបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top