ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុ ស្នើសុំកញ្ចប់ថវិកាទៅថ្នាក់ជាតិ ដើម្បីធ្វើផ្លូវឲ្យមានសោភ័ណ្ឌភាពឡើងវិញ

ភ្នំពេញ៖ ដោយសង្កេតឃើញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅក្នុងក្រុងព្រះសីហនុកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារទឹកភ្លៀង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំថវិកាពីក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច ដើម្បីធ្វើការជួសជុល និងលើកកម្ពស់សោភ័ណភាពក្នុងក្រុងព្រះសីហនុឲ្យបានដូចដើមឡើងវិញ ។

ក្នុងកិច្ចប្រជុំដោះស្រាយពន្លឿនការកសាងផ្លូវក្នុងក្រុងព្រះសីហនុនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩លោកគួច ចំរើន បានវាយតម្លៃចំពោះការខិតខំប្រឹងប្រែង របស់មន្ត្រីមន្ទីរជំនាញ ក្នុងការកែលម្អនូវហេដ្ឋារចនាសម្ពន័ក្នុងក្រុងព្រះសីហនុ ។

លោកថា “តាមគម្រោងស្នើសុំទៅក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សោភ័ណភាព ក្រុងព្រះសីហនុ ដែលកំពុងរងការខូចខាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកភ្លៀង ការដឹកជញ្ជូនមមាញឹកខ្លាំង និងកំណើនមធ្យោបាយធ្វើដំណើរ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានសន្ទុះអភិវឌ្ឍន៍យ៉ាងលឿន នាពេលបច្ចុប្បន្ន”

ក្នុងឱកាសនោះលោកក៏បានណែនាំមន្ទីរអង្គភាពជំនាញ ពិនិត្យគម្រោងអភិវឌ្ឍន៍ ក្នុងឆ្នាំ២០១៩ ថា គម្រោងណា ដែលមិនទាន់បានអនុវត្ត ត្រូវធ្វើផែនការ ស្នើសុំបន្តទៅក្រសួងសេដ្ឋកិច្ច ឲ្យទាន់ ពេលវេលា ដើម្បីយកមកកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងព្រះសីហនុ ក្នុងការទាក់ទាញ អ្នកទេសចរ និងវិនិយោគ មកកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំខាងមុខៗ៕

ដោយ៖ ធី លីថូ

Facebook Comments

To Top