នយោបាយ

លោក សុខ ឥសាន ចំអកឲ្យសម រង្ស៊ីប្រកាសឈ្នះរហូត ដល់ក្លាយជាអ្នកទោសរត់ចោលស្រុក

ភ្នំពេញ៖ លោក សុខ ឥសាន មន្ត្រីជាន់ខ្ពស់ និងជាអ្នក នាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការ ប្រកាសឈ្នះរហូតរបស់អតីតមេបក្សប្រឆាំងលោកសម រង្ស៊ី ធ្វើឲ្យក្លាយជាអ្នកទោសរត់ចោលស្រុក ហើយមិនហ៊ានចូលស្រុកទាល់តែសោះ។

អ្នកនាំពាក្យបក្សកាន់អំណាចបានឲ្យដឹងតាម ប្រព័ន្ធអេឡិកត្រូនិចតេឡេក្រាមនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ថា គោលដៅរបស់មេឧទ្ទាមក្រៅច្បាប់គឺផ្លាស់ប្តូររបបមិនមាន បោះឆ្នោតទេ ដោយប្រើកងកម្លាំងផ្តួលរំលំហើយប្រកាស របបថ្មីរបបសាធារណរដ្ឋនិយម ដែលរដ្ឋធម្មនុញ្ញហាមឃាត់ដាច់ខាត ។

លោកបន្តថា ទោះបីជាអតីតមេបក្សប្រឆាំងខិតខំប្រកាស យ៉ាងណាសម្តេចតេជោទទួលខុសត្រូវក្នុងការដឹកនាំប្រទេសកម្ពុជាការពារឯករាជ្យអធិបតេយ្យភាពជាតិការពារបូរណភាព ទឹកដីកម្ពុជា ការពារថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសុវត្ថិភាពសង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសមានការរីកម្រើន កែប្រែជីវភាពនៅរបស់ប្រជាជនកម្ពុជា កម្មករនិយោជិត កងកម្លាំងប្រដាប់អាវុធ ។

ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានចំអកពីការចង់ផ្លាស់ប្តូររបស់អតីតមេបក្សប្រឆាំងថា ប្រជាជនកម្ពុជាចង់ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានគឺប្រជាជនកម្ពុជាចង់ឲ្យប្រទេស មានការរីកចម្រើនលើគ្រប់វិស័យឲ្យប្រទេសកម្ពុជាក្លាយពីមានចំណូលមធ្យមកម្រិតទាបទៅជាមានចំណូលមធ្យមកម្រិតមធ្យមនាពេលខាងមុខ ឆាប់ៗនេះ ក្រោមការដឹកនាំរប ស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែនជាប្រធាន និងជានាយករដ្ឋមន្រ្តី ។

លោកបញ្ជាក់ថា «ការឈ្នះរបស់ទណ្ឌិតរត់ចោលស្រុក គ្រាន់តែបានកើនសំឡេងបន្តិចៗ តែមិនបានកាន់អំណាច ទណ្ឌិតនៅតែស្រែកថាឈ្នះ។ ឈ្នះតាំងពីធ្វើប្រធានបក្ស រហូតមក អស់តួនាទីជាប្រធាន អ់ស់ពីសមាជិកបក្ស ឈ្នះតាំងពីនៅក្នុងប្រទេសរហូត ដល់រត់ចោលស្រុក ឈ្នះតាំងពីនៅជាពលរដ្ឋធម្មតា មកអស់សិទ្ធិជាពលរដ្ឋក្លាយទៅជាអ្នកទោស ដែលកំពុងត្រូវតាមចាប់ខ្លួនដាក់គុក។ អត់ហ៊ានចូលស្រុកនៅតែឈ្នះ ៗដដែល»។

លោកក៏បានលើកឡើងទៀតថា ទណ្ឌិតរត់ចោលស្រុកថាកម្ពុជាកំពុងរលាយនោះ មិនពិតទេព្រោះប្រទេសកំពុងមានការអភិវឌ្ឃរីកចម្រើនលើគ្រប់វិស័យ ហើយអ្នកណា ក៏ដឹងនិងមើលឃើញដែរ គឺមានតែក្រុមឧទ្ទាមក្រៅច្បាប់ទេដែលថារលាយ៕

ដោយ ស សំណាង

Facebook Comments

To Top