សុខភាព

ងាយៗ! បំបាត់ និងបង្ការបញ្ហាទល់លាមក តាមបែបធម្មជាតិ ដោយគ្រាន់តែធ្វើដូចនេះ

ជាធម្មតា អាការៈទល់លាមក គឺកើតមានឡើង នៅពេលចលនាពោះវៀនជួបការពិបាក ហើយស្ដុកកាកសំណល់ មិនបញ្ចេញមកក្រៅ រហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។ ( អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍រភិតភ័យ អាចដោះស្រាយបាន) បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយ ត្រូវការបញ្ចេញកាកសំណល់ ដើម្បីជៀសវាងការបង្កទៅជាជាតិពុលនានាផ្ដល់ផលប៉ះពាល់ គួរឲ្យព្រួយបារម្ភ ក្នុងរាងកាយ។ ប្រសិនបើអ្នកកំពុងជួបប្រទះ បញ្ហាទល់លាមក ឬចង់បង្ការបញ្ហានេះ កុំឲ្យកើតឡើង ចូរបន្តអានដោយយកចិត្តទុកដាក់។

អត្ថបទខាងក្រោម នឹងបង្ហាញឲ្យដឹងពីរូបមន្ត បែបធម្មជាតិទប់ទល់ ក៏ដូចជាព្យាបាលបញ្ហាទល់លាមក តាមរយៈការទទួលទាន និងទម្លាប់ប្រចាំថ្ងៃ៖

១. ក្រូចឆ្មារ អាស៊ីតស៊ីទ្រីកដែលមានផ្ទុកនៅក្នុងក្រូចឆ្មារ គឺអាចជួយបង្កើនប្រព័ន្ធរំលាយអាហារ ដូច្នេះវានឹងអាចកម្ចាត់ ឬបញ្ចេញនូវកាកសំណល់ រួមទាំងជាតិពុលចេញ ពីរាងកាយបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយ ចូលក្នុងទឹកក្ដៅឧណ្ហៗ ១ពែង រួចទទួលទានភេសជ្ជៈនេះ ដើម្បីធ្វើឲ្យការរំលាយអាហារ កាន់តែប្រសើរ និងសកម្ម។

២. កាហ្វេ ការទទួលទានកាហ្វេ គឺមិនត្រឹមតែជួយឲ្យអ្នកមានថាមពល អារម្មណ៍ស្រស់ស្រាយ នៅពេលព្រឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឲ្យការរំលាយអាហារ មានចលនាសកម្មប្រសើរផងដែរ។ គ្រាន់តែត្រូវប្រាកដថា អ្នកមិនទទួលទានច្រើន ហួសកម្រិតពេក ក៏ព្រោះវាអាចធ្វើឲ្យរាងកាយខ្សោះជាតិទឹក បង្កអាការៈទល់លាមក។
៣. ផ្លែចេកមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងប៉ូតាស្យូម ដែលសម្រួលដល់ការរំលាយអាហារ ធ្វើឲ្យអ្នកបត់ជើងបានស្រួល។ ដូច្នេះចូរព្យាយាមទទួលទានផ្លែចេកអោយបាន ១ ក្នុងមួយថ្ងៃ ដើម្បីជៀសឆ្ងាយ ពីបញ្ហាទល់លាមក។

៤. ផ្លែព្រូនមិនថាទទួលទានផ្លែ ឬទឹកផ្លែព្រូននោះទេ គឺសុទ្ធតែផ្ដល់លទ្ធផលល្អប្រសើរ ចំពោះការដោះស្រាយបញ្ហាពិបាក ក្នុងការបត់ជើងធំ។ ផ្លែឈើប្រភេទនេះ គឺជាប្រភពដ៏អស្ចារ្យនៃជាតិសសៃ និងសារធាតុ sorbitol ដែលជួយបន្ទន់លាមក។ ដូច្នេះដើម្បីបង្ការ ក៏ដូចជាព្យាបាលបញ្ហាទល់លាមក ចូរទទួលទានទឹកផ្លែព្រូនឲ្យបាន ២ កែវ ក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលយប់។

៥. យ៉ាអ៊ួរ Gut flora ឬពពួកបាក់តេរីការពារភ្នាសពោះវៀន និងជួយរំលាយអាហារ គឺត្រូវតែមានសុខភាពល្អ ដើម្បីទប់ស្កាត់បញ្ហាទល់លាមក ឬរាក។ នៅពេលបាក់តេរីល្អ និងអាក្រក់ក្នុងពោះវៀនគ្មានតុល្យភាព នោះបញ្ហាទាក់ទងការរំលាយអាហារ ប្រាកដជាកើតឡើង។ វិធីដ៏ល្អបំផុត ដើម្បីនាំយកនូវតុល្យភាពនៃ Gut flora ត្រឡប់ទៅដូចប្រក្រតីវិញបាន គឺការទទួលទានយ៉ាអ៊ួរ សុទ្ធគ្មានលាយគ្រឿងផ្សំបន្ថែមរសជាតិឲ្យបានពី ១ ទៅ ៣ ពែង ក្នុងមួយថ្ងៃ។ ទទួលទាន ១ នៅពេលព្រឹក ហើយនៅសល់ទុកទទួលទាន ជាអាហារសម្រន់។

៦. ប្រកាន់ខ្ជាប់ទម្លាប់ល្អមួយ ប្រសិនបើអ្នកចង់សម្រាលអាការៈ ឬបង្ការបញ្ហាទល់លាមក កុំឲ្យកើតឡើង ការប្រកាន់ខ្ជាប់នូវទម្លាប់ល្អមួយ គឺជាវិធីដ៏ងាយ ហើយមានប្រសិទ្ធិភាពបំផុត។ អ្នកត្រូវកំណត់ពេល សម្រាប់ពោះវៀនរបស់អ្នក យ៉ាងហោចណាស់ ៣ ដង ក្នុងមួយថ្ងៃ ទោះបីជានៅពេលគ្មាន អ្វីចេញមកក៏ដោយ។ អ្នកគ្រាន់តែស្ងប់អារម្មណ៍ ផ្ដល់ភាពធូរស្រាលដល់ខ្លួនឯង ហើយរាងកាយរបស់អ្នក ក៏នឹងយល់ធ្វើបាន៕

ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top