នយោបាយ

ប្រមុខការទូតខ្មែរប្រាប់ប្រទេសសមាជិកអាស៊ាន និងអាមេរិកថា កម្ពុជាមិនអនុញ្ញាតឲ្យ មានមូលដ្ឋានទ័ពបរទេស លើទឹកដីខ្លួនឡើយ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងអះអាងប្រាប់ ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិកថា កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេស នៅលើទឹកដីខ្លួនជាដាច់ខាត ។

កាលពីពេលថ្មីៗនេះ សារព័ត៌មាន The wall street Journal របស់អាមេរិក បានចោទប្រកាន់កម្ពុជាថា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាសម្ងាត់មួយអនុញ្ញាតឲ្យយោធាចិន ប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ ។ ជាមួយគ្នានេះ ក៏បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះកម្ពុជាផ្តល់ឲ្យភាគីចិនផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៃឈូងសមុទ្រខ្មែរហើយនៅជិតព្រលានយន្តហោះធំមួយដែលចិនកំពុងសាងសង់ធ្វើ ជាមូលដ្ឋានយោធារយៈពេល ៣០ឆ្នាំ សម្រាប់ដាក់ទ័ពគ្រឿងសព្វាវុធកន្លែងចត ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសន្និសីទក្រោយ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ជាមួយដៃគូសន្ទនារបស់អាស៊ាន ពីថ្ងៃទី៣១ កក្កដា ដល់ទី១ សីហា នៅទីក្រុងបាងកក បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ាន-អាមេរិ បានកោតសរសើរនូវវឌ្ឍនភាព ដ៏គួរឲ្យកត់សម្គាល់នៅក្នុង ការអនុវត្តផែនការសកម្មភាពសម្រាប់អនុវត្តភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-អាមេរិក (២០១៦-២០២០) និងរំពឹងរង់ចាំការអភិវឌ្ឍផែនការ សកម្មភាពថ្មីសម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃចំពោះការ ប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការគាំទ្រដល់គម្រោង អទិភាពនានារបស់អាស៊ានក្នុងដំណើរការ កសាងសហគមន៍អាស៊ាន នៅគ្រប់សរសរស្តម្ភ ទាំងបីនៃសហគមន៍អាស៊ាន និងកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីជំរុញបន្ថែមទៀតដល់ភាព ជាដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក។

លោករដ្ឋមន្រ្តី ក៏សង្ឃឹមថា បញ្ហាពាណិជ្ជកម្មនឹងត្រូវបាន ដោះស្រាយនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ ដែលបណ្តាលមកពីការជះឥទ្ធិពលលើ។

លោក ប្រាក់ សុខុន ក៏បានបកស្រាយបំភ្លឺពាក្យ ចចាមអារ៉ាមដែលចោទកម្ពុជាថា “បានអនុញ្ញាតឲ្យកងទ័ពបរទេសប្រើប្រាស់ មូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួន នៅខេត្តព្រះសីហនុ។

ក្នុងឋានៈកម្ពុជាជារដ្ឋអធិបតេយ្យ មានសិទ្ធិក្នុងការសម្រេចនូវជម្រើស និងមធ្យោបាយដ៏ល្អបំផុត ដើម្បីការពារដែនដីរបស់ខ្លួន កម្ពុជានឹងធ្វើអ្វីៗអនុលោមតាមរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យមានវត្តមានមូលដ្ឋាន កងទ័ពបរទេសនៅក្នុងដែនដីរបស់ខ្លួន” ។

សូមរំលឹកថា ទាក់ទងនឹងការផ្សព្វផ្សាយនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និងនាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានដឹកនាំ អ្នកកាសែត ជាតិ និងអន្តរជាតិ ប្រមាណជាង ៧០នាក់ ធ្វើដំណើរទៅដល់ មូលដ្ឋានកងទ័ពទឹករាម ដើម្បីធ្វើការពិនិត្យជាក់ស្តែង ជាលទ្ធផល ពុំឃើញកងទ័ពចិន រឺមូលដ្ឋានកងទ័ពចិន ដូចការចោទប្រកាន់នោះទេ ។

បន្ថែមលើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការគូសបញ្ជាក់សារជាថ្មី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋាន កីឡដ្ឋានមរតកតេជោ នៅខណ្ឌជ្រោយចង្វារ ផងដែរថា ព័ត៌មាននោះ គឺមិនពិត និងចាត់ទុកជាចេតនា ពុតត្បុតដ៏អាក្រក់បំផុត ប្រឆាំងជាមួយកម្ពុជា ៕

ដោយ៖ ខា ដា

Facebook Comments

To Top