ព័ត៌មានជាតិ

ក្រសួងមុខងារ សាធារណៈ សហការជាមួយ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំសិក្ខា សាលាផ្សព្វផ្សាយ ស្តីពី

ភ្នំពេញ៖ ការជ្រើសរើស ក្របខណ្ឌមន្ត្រី រាជការស៊ីវិល ដល់និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងមុខងារសាធារណៈ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសហការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពីការជ្រើសរើស ក្របខណ្ឌមន្ត្រី រាជការ ស៊ីវិល ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ប្រមាណ៥០០នាក់ នៅសាល សន្និសីទនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីភាព លោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារសាធារណៈ ។

លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងថា ការរៀបចំសិក្ខាសាលានេះឡើង គឺក្នុងគោលបំណង ធ្វើឡើងដើម្បីឱ្យនិស្សិត បានស្វែងយល់ពី តម្រូវការក្របខណ្ឌធនធានមនុស្សរបស់ក្រសួង ស្ថាប័ននានាជូនដល់និស្សិត នៅចំនុច សំខាន់ៗ ដូចជា ១- បេសកម្ម មុខងារ និងភារកិច្ចរបស់ក្រសួងមុខងារសាធារណៈ ដំណើរការរៀប ចំនិងផែនការក្របខណ្ឌប្រចាំឆ្នាំ លក្ខខណ្ឌជ្រើសរើសក្របខណ្ឌ មន្រ្តីរាជការស៊ីវិល ដំណើរការជ្រើសរើសមន្រ្តីរាជការស៊ីវិល និងតើត្រូវត្រៀមលក្ខណៈ ដូចម្តេចខ្លះដើម្បីប្រឡងជាមន្រ្តីរាជការ? ២- បេសកកម្ម មុខងារ និងភារកិច្ចរបស់ សាលាភូមិន្ទរដ្ឋបាល លក្ខខណ្ឌជ្រើសរើសក្របខណ្ឌមន្រ្តីរាជការស៊ីវិល និងដំណើរការជ្រើស រើសមន្រ្តីរាជការស៊ីវិល ៣- ការផ្លាស់ប្តូរអាជីពមន្រ្តីរាជការស៊ីវិល និងផលប្រយោជន៍ជាមន្រ្តី រាជការស៊ីវិល។ ក្នុងន័យនេះ ខ្ញុំសូមជំរុញលើកទឹកចិត្តឱ្យសិក្ខាកាម ទាំងអស់ត្រូវយក ចិត្តទុក ដាក់ តាមដានក្រេបជញ្ជក់កត់ត្រានូវចំណុចល្អៗ នៃខ្លឹមសារបទបង្ហាញ ព្រមទាំងចូលរួម ពិភាក្សា និងលើកជាសំណួរសួរទៅវាគ្មិន ឱ្យបានផុសផុលដើម្បីជាប្រយោជន៍ ទទួលបាន នូវចំណេះដឹងថ្មីៗបន្ថែមទៀត។

ក្នុងនាមគ្រឹះស្ថានបណ្តុះបណ្តាល លោកបណ្ឌិត សាកលវិទ្យាធិការ បានធ្វើការអំពាវនាវ និងជំរុញលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្អូនៗនិស្សិត និងអ្នកសិក្សាទាំងអស់ ឱ្យយកការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ឱ្យបានខ្លាំង ពីការប្រឡងជ្រើសរើសក្រប ខណ្ឌមន្ត្រីរាជការ តាមស្ថាប័នរដ្ឋ និងការប្រឡងចូល មន្ត្រីក្រមការនៅសាលាភូមិន្ទរដ្ឋបាល នាពេលខាងមុខផងដែរ ។

លោក ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ បានថ្លែងថា ក្រសួងមុខងារសាធារណៈ ត្រូវបានបង្កើតឡើងជាលើកដំបូង ដោយព្រះរាជក្រម លេខ១៨១នស ចុះថ្ងៃទី០៥ ខែ    មេសា ឆ្នាំ១៩៥៧ ដែលនៅពេលនោះមានឈ្មោះថា “មន្ទីរចាត់ការមុខក្រសួងសាធារណៈ” ហើយស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់ នាយករដ្ឋមន្ត្រី។ តមកនៅឆ្នាំ១៩៥៧-១៩៧០ កិច្ចការមុខងារសាធារណៈ ជាអង្គភាពស្ថិតក្នុង រចនាសម្ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នៅក្នុងរបបសាធារណៈរដ្ឋខ្មែរ នាឆ្នាំ១៩៧០-១៩៧៥ មន្ទីរចាត់ការមុខក្រសួងសាធារណៈ ស្ទើរតែពុំមានអ្វីផ្លាស់ប្តូរទេ ក៏ប៉ុន្តែមន្ទីរចាត់ការមុខ ក្រសួងសាធារណៈ ក៏ដូចជាក្រសួង ស្ថាប័នរដ្ឋគ្រប់វិស័យដ៏ទៃទៀត ត្រូវបានបំផ្លិចបំផ្លាញ ចោលទាំងស្រុង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយគេដាក់ជំនួសវិញនូវ រចនាសម្ព័ន្ធថ្មី ឈ្មោះថា “អង្គការ” ចាប់ពីឆ្នាំ១៩៧៥-១៩៧៩។នៅក្នុងទស្សវត្សទី៨០ រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិតកម្ពុជា បានប្រគល់កិច្ចការគ្រប់គ្រងរដ្ឋការ ជូនគណៈ ចាត់តាំង ដែលជាស្ថាប័នគណបក្សនិងក្រសួងផែនការជាស្ថាប័នរដ្ឋាភិបាល។ នៅក្នុងទស្សវត្សទី៩០ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី១ នៃរដ្ឋសភា បានសម្រេចបង្កើត “រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ” តាមរយៈព្រះរាជក្រមលេខ នស/រកប/០១៩៦/២៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដើម្បីទទួលបេសកកម្មដឹកនាំ និង គ្រប់គ្រងមន្ត្រីរាជការស៊ីវិល ក្នុងវិស័យមុខ ងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ការងារបៀវត្ស-ពលកម្ម នៅតាមរាជធានី ខេត្ត ត្រូវបានផ្ញើនៅមន្ទីរផែនការ រាជធានី ខេត្ត តាមរយៈប្រកាស អន្តរក្រសួងលេខ២៣១ប្រក.ផក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការប្រគល់ការងារ បៀវត្ស-ពលកម្មជូនមន្ទីរផែនការខេត្ត-ក្រុង របស់ក្រសួងផែនការនិងរដ្ឋលេខាធិការ ដ្ឋានមុខងារសាធារណៈ។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា បានបង្កើត “ក្រសួងមុខងារសាធារណៈ” ដោយព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ ដោយបានដាក់បញ្ចូលស្ថាប័នចំនួនបីរួមមាន រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ អគ្គលេខាធិការ      ដ្ឋាននៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល និងសាលាភូមិន្ទរដ្ឋបាល ដែលមានមុខងារ និង បេសកកម្មសំខាន់ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារ សាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។ លោកក៏បានលើកឡើងថាក្រសួងមុខងារសាធារណៈមាន បេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ វិស័យមុខងារសាធារណៈនៃ ព្រះរាជាណាចក្រកម្ពុជា ឲ្យឆ្លើយតបទៅនឹងតម្រូវការ ការអភិឌ្ឍជាតិ ព្រមទាំងស្របតាមការវិវត្តន៍ជាអន្តរជាតិ។

ក្នុងបទបង្ហាញ របស់វាគ្មិនជំនាញទាំងពីរ គឺបានប្រមូលផ្តោតលើចំណុចសំខាន់ៗដូចជា ១- បេសកម្ម មុខងារ និងភារកិច្ចរបស់ក្រសួងមុខងារសាធារណៈ ដំណើរការរៀបចំនិងផែនការ ក្របខណ្ឌប្រចាំឆ្នាំ លក្ខខណ្ឌជ្រើសរើសក្របខណ្ឌមន្រ្តីរាជការស៊ីវិល ដំណើរការជ្រើស រើសមន្រ្តីរាជការស៊ីវិល និងតើត្រូវត្រៀមលក្ខណៈដូចម្តេចខ្លះដើម្បីប្រឡងជាមន្រ្តីរាជការ? ២- បេសកកម្ម មុខងារ និងភារកិច្ចរបស់សាលាភូមិន្ទរដ្ឋបាល លក្ខខណ្ឌជ្រើសរើសក្របខណ្ឌ មន្រ្តីរាជការស៊ីវិល និងដំណើរការជ្រើសរើសមន្រ្តីរាជការស៊ីវិល ៣- ការផ្លាស់ប្តូរអាជីពមន្រ្តី រាជការ ស៊ីវិល និងផលប្រយោជន៍ជាមន្រ្តីរាជការស៊ីវិល ព្រមទាំងបានបកស្រាយនូវ សំណួរដែលនិស្សិតបានលើកឡើងបានយ៉ាងក្បោះក្បាយផងដែរ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការបណ្តុះបណ្តាលគ្រប់កំរិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើគ្រប់ឯកទេសទាំងអស់ ទំនាក់ទំនងចុះឈ្មោះ ឬ សាកសួរព័ត៌មាន លេខទូរស័ព្ទលេខ ០១៥ ៧២០ ០៧២៕

ដោយ ៖ ​ដើមអម្ពិល

Facebook Comments

To Top