ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ៖ ទោះផ្លូវល្អប៉ុណ្ណា បើដឹកលើសទម្ងន់ផ្លូវនោះ មិនអាចប្រើប្រាស់ បានយូរឡើយ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រី សាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទោះផ្លូវល្អប៉ុណ្ណាក៏ដោយ បើមានរថយន្ដដឹកលើសទម្ងន់ផ្លូវនោះ មិនអាចប្រើប្រាស់បានយូរអង្វែងឡើយ ព្រោះថា រថយន្ដ១គ្រឿងដឹកលើសទម្ងន់១០តោន ស្មើនឹងរថយន្ត១ម៉ឺនគ្រឿង កំពុងធ្វើចរាចរណ៍លើកដងផ្លូវ។

ក្នុងពិធីជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានថ្លែងថា រាជរដ្ឋាភិបាល បានចំណាយថវិកាយ៉ាងច្រើន ក្នុងការសាងសង់ផ្លូវនៅកម្ពុជា។ដូច្នេះមន្ត្រីសាធារណការ ដែលជាភ្នែកជាច្រមុះរបស់រាជរដ្ឋាភិបាល ត្រូវតាមដាន ថែទាំជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យបានដិតដល់ និងប្រកាន់យកទស្សនៈធ្វើផ្លូវឲ្យមានគុណភាព និងប្រើប្រាស់ជាប់បានយូរអង្វែង។

លោកមានប្រសាសន៍ថា “ទោះផ្លូវយើងល្អប៉ុណ្ណាក៏ដោយ បើមានការដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ផ្លូវនោះមិនអាចប្រើប្រាស់បានយូរអង្វែងឡើយ ព្រោះថាតាមរូបមន្តរបស់ ធនាគារពិភពលោក បើមានឡានមួយគ្រឿងដឹកជញ្ជូនលើសទម្ងន់១០តោន នៅលើផ្លូវនោះ គឺស្មើនឹង រថយន្តចំនួន១ម៉ឺនគ្រឿងកំពុងធ្វើដំណើរនៅលើផ្លូវនោះ”។

ជាងនេះទៅទៀត លោករៀបរាប់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ ផ្លូវល្បឿនលឿន កំពង់ផែ ស្ពាន និងហេដ្ឋារចនាសម្ព័នដឹកជញ្ជូន ជាច្រើនទៀត។ដូច្នេះ សមិទ្ធផលទាំងនេះបានប្រសូតចេញពីសុខសន្តិភាព និងបានចូលរួមចំណែកក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរឹងមាំក្នុងរង្វង់៧% និងសម្រេចឲ្យបាននូវការប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខនេះ។

ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នដឹកជញ្ជូននៅកម្ពុជា លោក ស៊ុន ចាន់ថុល លើកឡើងថា មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រទេ ដូចនេះ ត្រូវរិះរកគ្រប់មធ្យោបាយ និងនីតិវិធី ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន ជាពិសេត្រូវអនុវត្តឲ្យបានខ្ជសប់ខ្ជួន នូវអនុសាសន៍ ១១ចំណុច របស់ រាជរដ្ឋាភិបាល។

ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋមន្ត្រី សាធារណការ បានឲ្យដឹងថា ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសជាបច្ច័យបង្កឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ ដែលតម្រូវឲ្យទាំងអស់គ្នាចូលរួមប្រើយន្តការគ្រប់បែបយ៉ាងដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុតតាម ដែលអាចធ្វើទៅបាន៕

ដោយ ៖អេង ប៊ូឆេង

Facebook Comments

To Top