ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សម្ពោធ អគារមធ្យមសិក្សា មានតម្លៃជិត៨០ម៉ឺនដុល្លារ នៅស្រុកកំពង់ត្រឡាច

ភ្នំពេញ: លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោគណ:ប្រតិភូ រួមនិងលោក SAUD BIN FAHAD AL-SUWAILEM ឯកអគ្គរាជទូតនៃប្រទេស អារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៧ ទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា វិទ្យាល័យ អាពូប៉ាកើរឥស្លាមកម្ពុជា ស្ថិតនៅភូមិច្រករមៀត ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អគារនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០១៣ ដែលមាន ៤៥ ន្ទប់ ចែកចេញជា បន្ទប់រៀន បន្ទប់ស្នាក់នៅសម្រាប់សិស្ស បន្ទប់ស្នាក់នៅសម្រាប់លោកគ្រូអ្នកគ្រូ ការិយាល័យសមាគម ការិយាល័យអប់រំផ្នែកចំណេះទូទៅ ការិយាល័យអប់រំផ្នែកសាសនាឥស្លាម បន្ទប់ពិគ្រោះពិនិត្យព្យាបាលជំងឺ បន្ទប់កុំព្យូទ័រ បណ្ណាល័យ និងសាលប្រជុំ ដែលការសាងសង់នេះ ចំណាយថវិកាសរុបចំនួន ៧៩២.០៥០ ដុល្លារ ក្នុងនោះ ជំនួយមកពីរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ១០០.០០០ ដុល្លារ សប្បុរសជនប្រទេសអារ៉ាប៊ីសាអ៊ូឌីតចំនួន ៥៦៨.០២៣ ដុល្លារ សប្បុរសជនប្រទេសអារ៉ាប់រួមអេមីរ៉េត ចំនួន ១០៩.៣៨៨ ដុល្លារ សមាគមសម្របសម្រួលនិងអភិវឌ្ឍន៍សង្កមនៃប្រទេសគុយវ៉ែតចំនួន ១៥.០០០ ដុល្លារ។

ថ្លែងទៅកាន់សិស្សានុសិស្ស អាណាព្យាបាលនិង លោកគ្រូអ្នកគ្រូ និងភ្ញៀវកិត្តិយសទាំងអស់ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ចំពោះសប្បុរសជនម្ចាស់ជំនួយទាំងអស់ ដែនបានខិតខំប្រឹងប្រែង និងឧបត្ថម្ភគាំទ្រដល់វិស័យសិក្សានៅកម្ពុជា លោក បន្តថា ដោយកក្តាសន្តិភាព ធ្វើឲ្យប្រទេសយើង មានការរីកចំរើនជាបន្តបន្ទាប់ ឥតឈប់ឈរ និយាយដោយឡែក ចំពោះសហគមន៍ឥស្លាម មួយរយៈចុងក្រោយនេះ ឃើញថាមានការវិវត្តន៍យ៉ាងឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច និងវិស័យអប់រំ ។

ហើយអ្វីដែលសំខាន់បំផុត គឺប្រទេសយើងមានមេដឹកដ៏ឆ្លៀសវៃ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលរក្សារបាននូវ ឯករាជ្យភាព អធិបតេយ្យភាពប្រទេសរបស់ខ្លួន ដោយបានទប់ស្កាត់រាល់ការញុះញុងបំបែកបំបាក់ជាតិ ពីឥទ្ធិពលអាក្រក់មួយចំនួន៕

Facebook Comments

To Top