នយោបាយ

អតីតមន្ត្រីជាន់ខ្ពស់ CNRP ហៅការធ្វើច្បាប់ ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ របស់អាមេរិក បៀបដូចជាទីងមោង បន្លាចសត្វតែប៉ុណ្ណោះ

ភ្នំពេញ៖ លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ (CNRP) បានចំអកចំពោះការធ្វើច្បាប់ ស្តីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ របស់សហរដ្ឋអាមេរិកថា គ្រាន់តែជាទីងមោងសម្រាប់បន្លាចសត្វតែប៉ុណ្ណោះ ដោយគ្មានឥទ្ធិពលអ្វីទាំងអស់។

លោក គង់ គាំ បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា អាមេរិកនៅខែកក្កដា ឆ្នាំ២០១៩ បានធ្វើច្បាប់ “ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩” ហើយបើឆ្លងព្រឹទ្ធសភា និងប្រធានាធិបតីជាវិជ្ជមាន ការចូលជាធរមានត្រូវឆ្លងរយៈពេលប្រមាណមួយឆ្នាំទៀត ដែលត្រូវនឹងឆ្នាំបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០។

លោកបន្តថា “អ្នកមានអំណាចនៅកម្ពុជា ឬរាជរដ្ឋាភិបាលកម្ពុជា មិនព្រឺព្រួចអំពីច្បាប់ ដែលអាចគ្រាន់តែជាទីងមោងបន្លាចសត្វតែប៉ុណ្ណោះ គឺតាមនយោបាយ លោកប្រធានាធិបតីត្រាំ អាមេរិកនឹងគោរពគោលនយោបាយ និងការពាររបស់ប្រទេសដ៏ទៃដោយខ្លួនគេផ្ទាល់” ។

លោកបន្ថែមថា រាជរដ្ឋាភិបាល ឬអ្នកមានអំណាចនៅកម្ពុជា នឹងដាស់តឿនក្រើនរម្លឹកប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនថា អាមេរិក និងក្រុមលោក សម រង្ស៊ី-លោក កឹម សុខាដែលមានចេតនាចោទថា ឆ្កែឆ្កួតដើម្បីវាយឆ្កែ កំពុងបង្កភាពច្របូកច្របល់ អសន្តិសុខ ធ្វើឲ្យការរស់នៅ និងជីវភាពសុខចម្រើនសព្វថ្ងៃជួបទុក្ខវេទនាជាថ្មីទៀតដដែលអាមេរិក ក្រុមលន់ នល់ និងសិរិមតៈទម្លាក់សម្តេចនរោត្តម សីហនុ ឈូសឆាសង្គមរាស្ត្រនិយមម្តងទៀតជាក់ជាមិនខាន។

សូមជម្រាបថា ការលើកឡើងរបស់លោក គង់ គាំ បន្ទាប់ពីសមាជិកសភាអាមេរិកបាន អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា កាលពីពេលថ្មីៗកន្លងមកនេះ។

យោងតាមការចេញផ្សាយរបស់វិទ្យុវីអូអេ កាលពីដើមសប្តាហ៍មុន បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ បញ្ជូនសារយ៉ាងច្បាស់ថា អាមេរិកឈរប្រកៀក ស្មារគ្នាជាមួយនឹងពលរដ្ឋកម្ពុជា និងថាសភាអាមេរិក នឹងឲ្យមេដឹកនាំកម្ពុជា ទទួលខុសត្រូវចំពោះការវាយប្រហារលើ លទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស។ សេចក្តីស្នើច្បាប់ស្តីពី លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលមានការគាំទ្រដោយគណបក្សធំៗ ទាំងពីរនៅអាមេរិកមានគោលបំណងជំរុញឲ្យ មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា និងដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទិដ្ឋាការលើមន្ត្រីយោធា និងស៊ីវិលកម្ពុជាណាដែលបាន បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស៕

ដោយ ស សំណាង

Facebook Comments

To Top