ព័ត៌មានជាតិ

ចំណូលបានមកពីការ ជួញដូរសត្វព្រៃ ត្រូវឈ្មួញបំលែង រូបភាព តាមរយៈការលាង លុយកខ្វក់

ភ្នំពេញ ៖ នាយកអង្គការ សមាគមអភិរក្ស សត្វព្រៃកម្ពុជា (WCS) លោក កែន សេរីរដ្ឋា បានលើកឡើងថា ជាការសន្និដ្ឋាន ឈ្មួញដែលរកស៊ីខុសច្បាប់ ជាពិសេសចំណូលបានមកពីការ ជួញដូរសត្វព្រៃ ត្រូវបានយកទៅប្រើប្រាស់ បំលែងទៅជារូបភាព តាមរយៈការលាងលុយកខ្វក់ ។

តាមរយៈការលាងលុយកខ្វក់នេះ ត្រូវបានលោក កែន សេរីរដ្ឋា អះអាងថា ពួកគេយកលុយទៅទិញដី ទិញផ្ទះ ទិញអចលទ្រព្យផ្សេងៗទៀត ហើយជួនកាលឈាន ទៅដល់ទិញអាវុធផងដែរ ។

ក្រោយបញ្ចប់សិក្ខាសាលាស្ដីពី “តួនាទីរបស់អ្នកសារព័ត៌មាន ក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ” លោក កែន សេរីរដ្ឋា បានថ្លែងថា តំបន់ដែលមានការចាប់សត្វព្រៃ ឬបាញ់សំលាប់ច្រើនជាងគេ គឺជាតំបន់មានព្រៃឈើច្រើន ជាពិសេសនៅតំបន់ការពារ ធម្មជាតិជាដើម។ ប៉ុន្តែលោកថា បច្ចុប្បន្នតំបន់ការពារធម្មជាតិ កើនឡើងដោយសារ មានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ។

លោកបន្តថា មូលហេតុនាំឲ្យមានការបាញ់ សំលាប់សត្វព្រៃច្រើនបែបនេះ មកពីតម្រូវការទីផ្សារ(សេដ្ឋកិច្ច) , ការយល់ដឹងរបស់អ្នកបរបាញ់ , ការប្រព្រឹត្តបទល្មើស និងការការពារធម្មជាតិ ដោយមន្រ្តីរបស់WCS នៅមានចំនួនតិចតួច មិនអាចការពារបានពេញលេញនៅឡើយ។

លោកឲ្យដឹងទៀតថា “ខ្ញុំគិតថាបញ្ហាប្រាក់ចំណូលច្រើនជាងអ្វីៗទាំងអស់ដូចបទបង្ហាញស្ថិតិដែលបានបង្ហាញ ប្រហែលជាវាពាក់ព័ន្ធនិងចំណូលដែលមានរហូតទៅដល់កោដដុល្លារ ។ ចឹងកាលណាចំណូលធំចឹងហើយ ជាមុខរបរខុសច្បាប់មួយ ដែលឲ្យមនុស្សជាការលើកទឹកចិត្ត ឲ្យមនុស្សមានការពាក់ព័ន្ធនៅក្នុងវិស័យនេះ។ ខ្ញុំចង់បញ្ជាក់ថា ចំណូលបានពីការជួញដូរសត្វព្រៃខុសច្បាប់នេះ ត្រូវបានគេប្រើប្រាស់ បំលែងរូបភាព តាមរយៈការលាងលុយ។ គឺថាគាត់អាចមានចំណូលហ្នឹង! ប៉ុន្តែគាត់យកលុយហ្នឹងជាប្រភពចំណូលរបស់គាត់ហ្នឹង ទៅទិញដី ទិញផ្ទះ ឬក៏ទិញអចលទ្រព្យផ្សេងៗទៀត ហើយជួនកាល ឈានទៅដល់ទិញអាវុធ” ។

លោកបានបង្ហាញការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង ប្រសិនបើអាជ្ញាធរមិនចាត់វិធានការបង្រ្កាបបទល្មើសជួញដូរសត្វព្រៃឲ្យបានទាន់ពេលវេលា ព្រោះអាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅនឹងសន្តិសុខសង្គមរបស់ប្រទេសជាតិ។

សូមបញ្ជាក់ថា ការជួញដូរសត្វព្រៃត្រូវបានគេចាត់ទុកថាជាបទល្មើសឆ្លងដែនមួយក្នុងចំណោមបទល្មើសឆ្លងដែនជាច្រើនដែលអាចរកប្រាក់បានច្រើនបំផុតក្នុងពិភពលោក ។ គិតជាទឹកប្រាក់ចន្លោះពី៧ពាន់លានទៅ២៣ពាន់លានដុល្លារ នៃចំណូលខុសច្បាប់ក្នុងមួយឆ្នាំៗ ។ ជាក់ស្ដែងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រាក់ចំណូលបានមកពីការជួញដូរសត្វព្រៃខុសច្បាប់មានចំនួន២,៥៣៤លានដុល្លាក្នុងមួយឆ្នាំៗ ៕ ដោយ៖ធី លីថូ

Facebook Comments

To Top