នយោបាយ

ADB នឹងផ្ដល់ជំនួយ បច្ចេកទេស លើការអនុវត្ត កិច្ចគាំពារ សង្គមនៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្ដល់ជំនួយបច្ចេកទេស លើការអនុវត្តគម្រោង «មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គម» នៅកម្ពុជា ដែលជាគម្រោងអភិវឌ្ឍន៍ធំមួយទៀតរបស់ខ្លួន ដើម្បីជួយអភិវឌ្ឍន៍ប្រទេសមួយចំនួន ក្នុងការអភិវឌ្ឍវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម។ នេះបើតាមការចុះផ្សាយ របស់ក្រសួងការងារ ។

លោកស្រី Sri Werning Handayni ប្រធានក្រុមប្រឹក្សាអ្នកជំនាញ ផ្នែកអភិវឌ្ឍន៍សង្គមស្ដីពីជំនួយបច្ចេកទេស ផ្នែកគាំពារសង្គម របស់ធនាគារ ADB បានលើកឡើងថា មូលនិធិអភិវឌ្ឍន៍កិច្ចគាំពារសង្គមនេះ គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយទៀត លើវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការគាំពារសង្គម ដែលADB បាននឹងកំពុងសិក្សានៅតាមប្រទេសចំនួន៦ ក្នុងនោះរួមមាន៖ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ទីម័រខាងកើត កម្ពុជា អ៊ូបេគីស្ថាន និងអាស៊ាបៃសង់។

ក្នុងជំនួបពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី Sri Werning Handayni បានស្នើសុំមតិយោបល់មួយចំនួនពីរដ្ឋមន្ត្រី ដើម្បីជាគន្លឹះក្នុងការអនុវត្តការសិក្សាលើគម្រោងខាងលើនេះ។

នាឱកាសនោះលោក អ៊ិត សំហេង បានផ្ដល់នូវអនុសាសន៍ ក៏ដូចជាមតិយោបល់មួយចំនួនទៅកាន់លោកស្រី Sri Werning Handayni ផងដែរ ដើម្បីជំរុញការសិក្សាអនុវត្តលើគម្រោងនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។

លោករដ្ឋមន្រ្តីការងារ បានស្នើឲ្យមានការសិក្សា លើការគាំពារសិទ្ធិ និងការរស់នៅ របស់ជនងាយរងគ្រោះ ជនចាស់ជរា ជនមានពិការភាព កុមារកំព្រាជាដើម និងស្នើ ឲ្យមានការគិតគូរលើនិរន្តរភាពហិរញ្ញវត្ថុនៃកិច្ចគាំពារសង្គមនេះផងដែរ ៕

Facebook Comments

To Top