កីឡា

មេនូឡាយហ្វ៍ បើកកម្មវិធីប្រកួតបាល់ទាត់មិត្តភាពលើកទី៥

ភ្នំពេញ៖ ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ បានរៀបចំបើកការប្រកួតបាល់ទាត់មិត្តភាព របស់ខ្លួនប្រចាំឆ្នាំ២០១៩ ក្នុងគោលបំណង លើកកម្ពស់សុខភាព និងសុខុមាលភាព ដូចជា ពង្រឹងមិត្តភាពទំនាក់ទំនងសាមគ្គីភាពរវាង បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រង ឲ្យកាន់តែល្អប្រសើរ។

ពិធីបើកការប្រកួតបាល់ទាត់នេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងពោរពេញដោយភាពសប្បាយរីករាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់មេនូឡាយហ្វ៍ បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រង ប្រមាណ២០០នាក់។

ក្នុងពិធីបើក លោក យូ សាមឺឌី នាយកគ្រប់គ្រង នាយកដ្ឋានធនធានមនុស្ស នៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា និងជាតំណាង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន មានប្រសាសន៍ថា “ខ្ញុំរីករាយណាស់ដែលបានឃើញបុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងរបស់យើង មានភាពស្វាហាប់ និងរីករាយ ក្នុងការចូលរួមប្រកួតបាល់ទាត់មិត្តភាពនេះ បន្ថែមលើការបំពេញ ការងារយ៉ាងល្អប្រចាំថ្ងៃរបស់ពួកគាត់”។

លោកបន្ដថា ក្រៅពីកីឡាបាល់ទាត់ មេនូឡាយហ្វ៍ មានសកម្មភាពកីឡាផ្សេងទៀត ដូចជា ការជិះកង់ វាយសី និង yoga ជាដើម សម្រាប់បុគ្កលិកទាំងនៅភ្នំពេញ និងតាមបណ្តាលខេត្ត។ លោកថា មេនូឡាយហ្វ៍ នឹងបន្តរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជា សុខុមាលភាព បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រង ជាពិសេស រួមចំណែកលើកកម្ពស់សារសំខាន់នៃសុខភាព និងកីឡា ក្នុងសហគមន៍កម្ពុជាផងដែរ។

ឆ្លៀតឱកាសនោះដែរ លោក យូ សាមឺឌី លើកឡើងទៀតថា មេនូឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតឈានមុខគេមួយលំដាប់អន្តរជាតិដែលតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុង ការជួយគាំទ្រដល់សហគមន៍ដោយក្រុមហ៊ុនបានចំណាយថវិកាប្រមាណ២លានដុល្លារ រួចមកហើយ ក្នុងការគាំទ្រដល់សហគមន៍កម្ពុជាដោយផ្ទាល់។ ក្រុមហ៊ុនទទួលបានពានអន្តរជាតិ៣ឆ្នាំជាប់គ្នា ពីទីក្រុងហុងកុង ក្នុងការលើយកចិត្តទុកដាក់ដល់សហគមន៍។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់មិត្តភាពរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងប្រព្រឹត្តទៅរយៈពេល៣ខែ ដោយមានការចូលរួម ពីកីឡាករចំនួន៩០នាក់ បែងចែកជា៦ក្រុម និងប្រកួតផ្ដាច់ព្រ័ត្រ ធ្វើឡើងក្នុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីស្វែងរកក្រុមទទួលជ័យលាភី៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top