ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជម្រុញឲ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ធ្វើយ៉ាងណា កសាងអភិវឌ្ឍន៍ និងឆ្លើយតបតម្រូវការពលរដ្ឋ

កំពង់ចាម៖ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានជម្រុញដល់ក្រុមការងារថ្នាក់ជាតិទាំងអស់ រួមគ្នាសាមគ្គីភាពរវាងក្រុមប្រឹក្សា និងគណៈបញ្ជារការឯកភាព មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ដើម្បីកសាងអភិវឌ្ឍន៍ និងឆ្លើយតបទៅនឹងមូលដ្ឋានឲ្យកាន់តែរីកចម្រើនឡើង។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៤របស់ រាជរដ្ឋាភិបាលកម្ពុជា នៅសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៩។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងនាមជាក្រុមការងារចុះជួយមូលដ្ឋាន តាមបណ្តាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវការពង្រឹងនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពោលធ្វើយ៉ាងណាបម្រើសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឲ្យមានភាពរីកចម្រើន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី ហើយក្រុមការងារថ្នាក់ស្រុក-ក្រុង ធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពដោយទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឲ្យ សម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានការប្រសើរ ឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់ នៅឆ្នាំ២០៣០។

តាមលោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ក្រុមប្រឹក្សាទាំងអស់ត្រូវសហការគ្នាជាមួយគណបញ្ជាការឯកភាពខេត្ត ទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាបញ្ហាគ្រឿងញៀន បញ្ហាល្បែងស៊ីសងនិងទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាសំខាន់បំផុតនាពេលបច្ចុប្បន្ននេះផងដែរ៕

Facebook Comments

To Top