ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ ៖ កុំឲ្យការជួញដូរគ្រឿងញៀន ឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា-វៀតណាម

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា កុំឲ្យមានករណីជួញដូរគ្រឿងញៀនចេញ-ចូលមកកម្ពុជា-វៀតណាម ហើយបើមានត្រូវកោះហៅអញ្ជើញអភិបាលខេត្ត ជាប់ព្រំដែនមកប្រជុំដើម្បីទប់ស្កាត់។

ក្នុងកិច្ចប្រជុំស្តីពីការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា កម្ពុជា-វៀតណាម មិនមែនជាប្រទេសផលិតគ្រឿងញៀនឡើយ តែជាប្រទេសដែលរងគ្រោះពីការជួញដូរ។

នាយឧត្តមសេនីយ៍បន្ដថា កម្ពុជា-វៀតណាម បានរងឥទ្ធិពលគ្រឿងញៀនហូរចូលមកពីបរទេស ដែលការនាំចូលមកបែបនេះ មាន៣ប្រភេទគឺទី១-ផ្លូវអាកាស , ទី២-ប្រៃសណី និងទី៣-ផ្លូវគោក។

នាយឧត្តមសេនីយ៍មានប្រសាសន៍ថា “ខ្ញុំបានសំណូមពរ ថ្ងៃក្រោយធ្វើផែនការបង្ក្រាប បង្ការទប់ស្កាត់គ្រឿងញៀនចូលទៅវិញ ចូលទៅមក តាមតំបន់ព្រំដែនកម្ពុជា-វៀតណាម គឺអញ្ជើញខេត្តទាំងពីរប្រទេសមកធ្វើ (ប្រជុំគ្នា) ។ ចឹងខ្ញុំសំណូមពរធ្វើផែនការលំអិត ដើម្បីអនុវត្តន៍នូវការងារទាំងនេះ”។

លោកបន្ថែមថា ដើម្បីលើកកម្ពស់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែនឲ្យកាន់តែល្អប្រសើរឡើង ដោយរួមសហការជាមួយភាគីវៀតណាម បញ្ចៀសឲ្យបាននូវឥទ្ធិពលអវិជ្ជមាននានាបណ្ដាលមកពីគ្រឿងញៀន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ កក្កដា បានដាក់ចេញផែនការស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ។

លោកថា ការដាក់ចេញនូវផែនការនេះ ដើម្បីដោះស្រាយ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសសកម្មភាពនៃការដឹកជញ្ជូនគ្រឿងញៀនទៅវិញទៅមក ឆ្លងកាត់ព្រំដែនទាំងពីរ ៕

ដោយ អេង ប៊ូឆេង

Facebook Comments

To Top