នយោបាយ

ប្រធានរដ្ឋសភាជឿថា ទូតស៊ុយអែតចប់អាណត្តិឃើញការអភិវឌ្ឍនិងសភាពការណ៍ពិតនៅកម្ពុជា ផ្ទុយពីការបំពងសំឡេងពីខាងក្រៅ

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតចប់អាណត្តិប្រទេសស៊ុតអែតប្រចំានៅកម្ពុជា លោកស្រីម៉ារៀ សាហ្គ្រេន (H.E. Ms. Maria Sargren) ចូលជួបសម្តែងការគួរសម និងជម្រាបលា សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបង្ហាញការជឿជាក់ថា ប៉ុន្មានឆ្នាំនៃបេសកកម្មការទូតនៅកម្ពុជារបស់លោកស្រីពិតជាបានឃើញជាក់ស្តែង នូវការអភិវឌ្ឍន៍រីកចម្រើន ជាបន្តបន្ទាប់របស់កម្ពុជា រួមទំាងសភាពការណ៍ពិតនៅកម្ពុជាដែលផ្ទុយស្រឡះពីការបំពងសំឡេងនៅខាងក្រៅ ដើម្បីផលប្រយោជន៍នយោបាយពួកគេ។

លោកស្រី ម៉ារៀ សាហ្គ្រេន បានលើកឡើងថា ស៊ុយអ៊ែត បានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាជាច្រើនវិស័យ ដូចជា ការលើកកម្ពស់សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការអប់រំ ការអភិវឌ្ឍសហគមន៍ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនិងសមភាពយេនឌ័រ ជាដើម។

ក្នុងបេសកកម្មការទូត ៣ឆ្នាំនៅកម្ពុជា លោកស្រីមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងដែលបានឃើញចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើន ទំាងផ្នែកពាណិជ្ជកម្ម ការទូត និងវប្បធម៌។ ស៊ុយអែត ជាប្រទេសមួយដែលស្ថិតក្នុងសហគមន៍អឺរ៉ុបបានជួយកម្ពុជាចាប់ពីរបបខ្មែរក្រហមបានដួលរលំ និងជាបន្តបន្ទាប់មក។

ប្រធានរដ្ឋសភា បានលើកឡើងដែរថា តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ស៊ីដា ស៊ុយអែត បានដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍កម្ពុជា។ រយៈពេលជាង៥ឆ្នាំមកនេះ ស៊ីដា បានផ្តល់ជំនួយអភិវឌ្ឍន៍លើវិស័យផ្សេងៗ ក្នុងចំនួនទឹកប្រាក់ជាង១០០លានដុល្លារ។ សម្តេចបានចាត់ទុកស៊ុយអែតជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា។

សម្តេចប្រធានរដ្ឋសភា មានក្តីសង្ឃឹមថា លោកស្រីនៅតែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា និងបន្តជួយផ្សព្វផ្សាយលើកទឹកចិត្តដល់វិនិយោគិន និងភ្ញៀវទេសចរណ៍ មកកំសាន្តនៅកម្ពុជាថែមទៀត៕

ដោយ ស សំណាង

Facebook Comments

To Top