ព័ត៌មានជាតិ

ស្នងការនគរបាល រាជធានីភ្នំពេញ ចុះពិនិត្យដោយផ្ទាល់ តាមគោលដៅ ដើម្បីមើលការអនុវត្ត ច្បាប់ចរាចរណ៍

ភ្នំពេញ ៖ ដូចការគ្រោងទុកនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បានដាក់កំលាំងពង្រាយ ដើម្បីពិនិត្យអ្នកមិនគោរព ច្បាប់ចរាចរណ៍ ក្នុងនោះលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញបានចុះ តាមគោលដៅជាច្រើន កន្លែងដោយផ្ទាល់ ដើម្បីត្រួតពិនិត្យមើល ការអនុវត្តច្បាប់ ចរាចរណ៍ទាក់ទងទៅ និងករណីមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើក និងអ្នកអមដំណើរ។

លោកបានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ត្រូវពាក់មួកសុវត្ថិភាព បើមិនពាក់ សមត្ថកិច្ចនឹងធ្វើការឃាត់មិនឲ្យបន្តដំណើរទៅមុខទៀតឡើយ រហូតទាល់តែទៅ យកមួកសុវត្ថិភាពមកពាក់ ទើបអនុញ្ញាតឲ្យទៅបាន” ។

លោកបានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ លោកស្នងការ ក៏បានឲ្យកងកម្លាំងនគរបាល រាជធានីភ្នំពេញទាំងអស់ត្រូវធ្វើជាគម្រូល្អដល់ប្រជាពលរដ្ឋ ពោលគឺត្រូវបើកបរគោរពច្បាប់ចរាចរណ៍ ពិសេសត្រូវពាក់មួកសុវត្ថិភាព នៅពេលបើកបរម៉ូតូ។

សូមបញ្ជាក់ថា ក្នុងរយៈពេលមួយខែនៃការផ្សព្វផ្សាយ និងណែនាំនេះ គឺពុំមានការផាកពិន័យឡើយ៕ ដោយ ធី លីថូ

Facebook Comments

To Top