ព័ត៌មានជាតិ

រថយន្តម៉ាក​ SANG YONG ISTANA ក្រឡាប់ផ្ងារជើង នៅជើងភ្នំគូលែន ធ្វើឲ្យជនជាតិចិនស្លាប់ និងរបួសធ្ងន់ស្រាល១៣នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសាររថយន្ត​ម៉ាក​ SANG YONG ISTANA​ មួយ​គ្រឿង​ដឹក​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ប្រុស​ ស្រីចំនួន១៣នាក់ ត្រូវបានក្រឡាប់​ផ្ងារ​ជើង

នៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលា ១២និង៤០នាទីនារសៀលថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៩នេះ។

នេះបើតាមរបាយការណ៍ របស់មន្ទីរព័ត៌មានខេត្តសៀមរាប រាយការណ៍មកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

សមត្ថកិច្ចស្រុកស្វាយលើ បានឲ្យដឹងថាបរថយន្តមួយគ្រឿងនេះ ខណៈកំពុងបើកបរដោយល្បឿនលឿន ចុះពីភ្នំគូលែន តាមច្រកខាងកើត បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ ។  

ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចផ្លូវចុះពីលើភ្នំគូលែន​ថ្មី​ ខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្ត សៀមរាប​ បណ្ដាលឲ្យស្លាប់ ២នាក់ និងរងរបួសចំនួន១១នាក់ ។

លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បាន​ឲ្យ​ដឹង​ដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ​គឺបង្កឡើងដោយខ្លួនឯង ​គឺ​រថយន្ត​ម៉ាក ​SANG YONG ISTANA ពាក់​ស្លាក​លេខ សៀមរាប 2A:9016 ពណ៌ ស​ ​បើក​ចុះ​ពី​ភ្នំ​គូលែន​តាម​ច្រក​ខាងកើត ​ក៏​ក្រឡាប់​តែម្ដង ។ 

លោក​អធិការបន្តថា អ្នកបើកបរ​រថយន្ត​ និង​មគ្គទេសក៍ បន្ទាប់ ពីកើតហេតុបាននាំគ្នារត់គេខ្លួនបាត់អស់ ។ 

លោក​បន្ថែមទៀតថា អ្នក​រួម​ដំណើរ​ មានចំនួន១៣នាក់ ហើយបានស្លាប់ ២ នាក់ ប្រុស១នាក់, ស្រី ១នាក់ នៅពេលដឹកសង្គ្រោះមកមន្ទីរពេទ្យបង្អែកខេត្ត និងរងរបួសធ្ងន់ស្រាលចំនួន១១នាក់ ស្រី៦នាក់ ។

លោក​អធិការស្រុកបញ្ជាក់ថា អ្នក​រង​របួសបច្ចុប្បន្នបបាន បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកស្វាយលើ និងបន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

លោក​អធិការ បញ្ជាក់បន្ថែមថា ករណី​គ្រោះថ្នាក់​នេះ មូលហេតុ​មកពី​អ្នកបើកបរ​ល្បឿនលឿន​នៅ​លើផ្លូវ​ចុះ​ចំណោទទើបបណ្ដាលឲ្យគ្រោះថ្នាក់ ។ ចំណែករថយន្តគ្រោះថ្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋានស្រុកស្វាយលើ ដើម្បី​រង់ចាំ​ដោះស្រាយតាមផ្លូវច្បាប់ ។ 

សូមជម្រាបជូនថា ករណីកើតហេតុដូចគ្នានេះ ធ្លាប់បានកើត ឡើងម្ដងរួចមកហើយនៅចំណុចនោះកាលពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១៩ កន្លងមកនេះ ដោយរថយន្ត ម៉ាក HYUNDAI COUNT ដឹកភ្ញៀវទេសចរខ្មែរក្មេងចាស់ប្រុសស្រី ចំនួន២៨នាក់ ហើយក៏បានបង្កឲ្យរបួសធ្ងន់ស្រាល ចំនួន១២នាក់ផងដែរ ៕

 

Facebook Comments

To Top