ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនមន្ត្រីនគរបាល ៣នាក់ រឿងរត់ការដោះលែងជនជាតិចិនចាប់ជំរិត១៨នាក់ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ ថា លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរមន្ត្រីនគរបាល ៣នាក់ ពាក់ព័ន្ធករណីរត់ការ និងអន្ដរាគមន៍ឲ្យមានការដោះលែងជនជាតិចិន១៨នាក់ ដែលជាក្រុមចាប់ជំរិតតាម Online ដែលកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ទើបតែចាប់ខ្លួនបាន នៅក្នុងឃ្លាំងមួយកន្លែងក្នុងចំការស្វាយ របស់លោកមេធាវី ហេ ជីវអេង នៅខេត្តកំពង់ស្ពឺ នាពេលថ្មីៗនេះ ។

ប្រភពព័ត៌មានបន្តថា មន្ត្រីនគរបាលទាំង៣នាក់ គឺ ម្នាក់មានឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ និងវរសេនីយ៍ត្រី បម្រើការងារនៅក្នុងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀតជាមន្ត្រីនគរបាល បម្រើការងារនៅការិយាល័យ ស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន្ត ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ឃាត់ខ្លួនបញ្ជូនមកតុលាការ ។ 

សូមបញ្ជាក់ថា កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន្ត សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរស្រុកបសេដ្ឋ ដោយមានការសម្របសម្រួលពីលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែង ក្នុងចំការស្វាយរបស់ឈ្មោះ ហេ ជីវអេង បានជួលឲ្យទៅឈ្មោះ រ័ត្ន ពិន ស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

Facebook Page អគ្គនាយកដ្ឋានអន្តោប្រវេសន្ត ចេញផ្សាយកាលពីយប់ថ្ងៃទី១៧ ខែកក្កដា ថា ប្រតិបត្តិការ នេះ ធ្វើឡើងនាវេលាម៉ោង១០៖៩នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឃាត់ខ្លួនជនបរទេសចំនួន ១៨នាក់ មានសញ្ជាតិ ចិន៦នាក់ , ចិនតៃវ៉ាន់១២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត ទារប្រាក់តាមប្រព័ន្ធអ៉ីនធើណេត (VOIP) និងធ្វើការដកហូតសម្ភារៈមួយចំនួនរួមមាន ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ចំនួន ២១គ្រឿង, អុបពូរ ១គ្រឿង, សាំស៊ុង ១គ្រឿង,ណូគា ៦គ្រឿង, អាយផេត ៤គ្រឿង, កុំព្យូទ័រលេបថប់ ៥គ្រឿង, ឌែសថប់ ១គ្រឿង, ព្រីនធើ ២គ្រឿង, ដុំWifi ២គ្រឿង, ស្ទិកឃើ ១គ្រឿង, ទូរស័ព្ទលើតុ ៣៣គ្រឿង (ថ្មី ៨គ្រឿង), អាយកូម ៦គ្រឿង, លុយដុល្លារក្លែងក្លាយ ២ដុំ (៥២សន្លឹក) ៕

ដោយ:​គិរី

Facebook Comments

To Top