ព័ត៌មានជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ គ្មានរបស់ណាធ្លាក់ ពីមេឃឡើយ ត្រូវជួយខ្លួនឯងមុន ទើបទេវតាជួយយើង តាមក្រោយ

ភ្នំពេញ៖ «បងប្អូនត្រូវចងចាំថា គ្មានរបស់ណាមួយធ្លាក់ ពីលើមេឃដោយឯកឯងឡើយ អ្វីៗទាំងអស់សុទ្ធតែ កើតចេញពីការប្រឹងប្រែង របស់ខ្លួនយើង! ដូច្នេះត្រូវខំប្រឹង ជួយខ្លួនឯងជាមុនសិន ទើបទេវតាជួយយើងតាមក្រោយ» នេះជាប្រសាសន៍លើកទឹកចិត្ត របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដល់ប្រជាកសិករចិញ្ចឹម មាន់ស្រែ នៅក្នុងឃុំដានរុន ស្រុកសូត្រនិគម នៃខេត្តសៀមរាប។នេះបើយោងតាមបណ្ដាញ សង្គមហ្វេសប៊ុក របស់ក្រសួងកសិកម្ម។

នាឱកាសដឹកនាំ មន្ត្រីចុះពិនិត្យមើល ការចិញ្ចឹមមាន់ស្រែសាកល្បង ដែលជាផ្នែកមួយនៃគម្រោង ជំរុញទីផ្សារសម្រាប់ កសិកម្មខ្នាតតូច (AIMS) កាលពីព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពការងារ លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តប្រជាកសិករ ចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រ ផ្នែកបច្ចេកទេស និងឥណទាន (ប្រាក់កម្ចីដែលមាន ការប្រាក់ទាប) សម្រាប់ពង្រីកមុខ របរកសិកម្ម ជាពិសេសការចិញ្ចឹមមាន់ស្រែ ដែលកំពុងមានតម្រូវការ ខ្ពស់នៅលើទីផ្សារ។

លោករដ្ឋមន្ត្រី បានជម្រាបជូន ប្រជាកសិករទាំងអស់ អំពីកិច្ចប្រឹងប្រែងរបស់ ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល និងស្វែងរកទីផ្សារថ្មីៗ ជូនប្រជាសហគមន៍ និងវិស័យឯកជន តាមរយៈ ការចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែច្រវ៉ាក់ តម្លៃផលិតផលក្នុងស្រុក និងការតភ្ជាប់ផលិតកម្ម ជាមួយទីផ្សារ ដែលមានស្រាប់ ដើម្បីកាត់បន្ថយ ការនាំចូលទំនិញបរទេស សំដៅលើកកម្ពស់ ជីវភាពប្រជាកសិករ ក៏ដូចជាធានាការអភិវឌ្ឍ វិស័យកសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្រ្តី បានបន្ថែម “ក្រសួងពាណិជ្ជកម្ម មានតួនាទី សម្របសម្រួលរវាងបងប្អូន ជាមួយវិស័យឯកជន! ការចិញ្ចឹមមាន់ស្រែនេះ ត្រូវការពេលវេលា និងថវិកាច្រើនគួរសម ដូច្នះត្រូវខិតខំ ប្រែងប្រែងឱ្យអស់ ពីលទ្ធភាព ដើម្បីកុំឱ្យរកស៊ីខាត! នៅថ្ងៃខាងមុខ យើងខ្ញុំ (ក្រសួងពាណិជ្ជកម្ម) ចង់ឃើញបងប្អូនទាំងអស់ ប្រែក្លាយពីកសិករឆ្នើម ទៅជាពាណិជ្ជករ ជោគជ័យ ដោយមិនគ្រាន់តែ អាចផ្គត់ផ្គង់មាន់ទៅកាន់ទីផ្សារ ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំចេញ ទៅបរទេសថែមទៀត! ហើយនោះ ជាគោលបំណងធំ នៃគម្រោងអែម (AIMS) របស់យើង” ។

សូមជម្រាបថា បច្ចុប្បន្នគម្រោងចិញ្ចឹមមាន់ស្រែសាកល្បង ទទួលបានការចូលរួមពីប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ នៅក្នុងឃុំដានរុន និងឃុំគៀនសង្កែ នៃស្រុកសូត្រនិគម និងឃុំដូនកែវ នៃស្រុកពួក។ សម្រាប់ឃុំដារុន ដែលឯកឧត្តមរដ្ឋមន្ត្រី បានចុះមកពិនិត្យថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ បានចូលរួមនៅក្នុងគម្រោងនេះ ហើយបានកំពុងចិញ្ចឹមកូនមាន់ស្រែ (ភ្ញាស់ដោយទូរខ្លួនឯង) ចំនួនជាង ២ម៉ឺនក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារ និងចែកចាយទៅដល់កសិដ្ឋានផ្សេងទៀត ក្នុងខេត្តសៀមរាបទាំងមូល៕

ដោយ បាន ធារ៉ូ

Facebook Comments

To Top