នយោបាយ

អ្នកនាំពាក្យ បក្សកាន់អំណាចថា លោក សម រង្ស៊ី កំសាកមិនហ៊ានចូលស្រុកឡើយ

ភ្នំពេញ៖ ជាថ្មីម្តងទៀត លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោកនឹងចូលស្រុកឆាប់ៗនេះឲ្យបាន ទោះបីជា មានការរារាំងយ៉ាងណាក៏ដោយ តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានតបទៅវិញថា គ្រាន់តែជាការនិយាយប៉ុណ្ណោះ តែតាមការពិតកំសាក មិនហ៊ានមកនោះទេ។

លោក សម រង្ស៊ី បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩យ៉ាងដូច្នេះថា “ខ្ញុំសម រង្ស៊ី មិនខ្វល់ពីការជំទាស់ពី ហ៊ុន សែន ហើយប្តេជ្ញា វិលត្រឡប់មក ប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យខាងតែបាន”។

ចំណែកលោក សុខ ឥសាន បានលើកឡើងថា “ពលរដ្ឋមួយចំនួនកំពុងរង់ចាំមើល មុខទណ្ឌិតចូលស្រុក ប៉ុន្តែអត់ផ្លូវទេពីព្រោះ មនុស្សកំសាកនេះ មិនហ៊ានចូលស្រុកខ្មែរទេ ទោះបីមានការធានា ជូនដំណើពីជនបរទេស ខ្លះក៏ដោយ” ។

ជាមួយគ្នានោះដែរ លោក សុខ ឥសា ក៏បានលើកឡើងទៀតថា ខុសបំណងហើយ ដែលចង់ឲ្យទណ្ឌិត សម រង្ស៊ី ចូលទៅស្រុកខ្មែរស្វែងរក ការចរចានោះ ព្រោះទណ្ឌិតចូល មកកម្ពុជាដើម្បីចាប់សម្តេច ហ៊ុន សែន និងផ្តួលរំលំរាជ រដ្ឋាភិបាល ប៉ុន្តែផ្ទុយស្រឡះ គឺបើមកដល់មែននឹងត្រូវ ចាប់ខ្លួនភ្លាមៗហើយ មិនទុកយូរឡើយ។

សូមជម្រាបថា លោក សម រង្ស៊ី ក៏បានរំលឹកថាថ្ងៃទី១៩ ខែកក្កដានេះ គឺជាខួបទី ៦ នៃមាតុភូមិនិវត្តន៍ របស់លោកកាលពីថ្ងៃ ១៩ ខែកក្កដា ឆ្នាំ២០១៣ ហើយការវិលមកជាលើកទី២ របស់លោកនាពេល ឆាប់ៗនេះ នឹងមានអ្នកមកទទួល យ៉ាងគគ្រឹកគគ្រេង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បាន ប្រកាសធ្វើសង្គ្រាមជាមួយ លោក សម រង្ស៊ីរហូតដរាបណាលោក សម រង្ស៊ីប្រកាសចុះចាញ់ ។

សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា “វិធានការច្បាប់នឹងត្រូវ តែបន្តចំពោះជនដែលត្រូវបានចោទប្រកាន់ ។ទន្ទឹមនេះខ្ញុំក៏កំពុងរង់ចាំ ការធ្វើសង្គ្រាមមួយ ដែលគេបានប្រកាសថា នឹងចលនាឲ្យពលរដ្ឋខ្មែរខ្លះ នៅជប៉ុន ខ្មែរខ្លះនៅកូរ៉េខាងត្បូង ខ្មែរខ្លះនៅថៃ ខ្មែរខ្លះនៅក្នុងប្រទេសកម្ពុជា ធ្វើសង្គ្រាមដើម្បីមកចាប់ខ្ញុំ”៕

ដោយ ស សំណាង

Facebook Comments

To Top