នយោបាយ

ក្រសួងការពារជាតិ៖ ការផ្សាយថា តុលាការយោធាកម្ពុជា មានបក្ខពួកនិយម គ្រួសារនិយម គឺជារឿងបំផ្លើសហួសការពិត

ភ្នំពេញ៖ លោកនាយកឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា តុលាការយោធាកម្ពុជា មិនមានបញ្ហាបក្ខពួកនិយម ឬគ្រួសារនិយម ដូចការចុះផ្សាយចោទប្រកាន់នោះឡើយ។

នាថ្មីៗនេះ សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយចោទប្រកាន់ បន្តបន្ទាប់មកលើ ការគ្រប់គ្រងនៅក្នុងតុលាការយោធា ដោយវាយប្រហារថា មានលក្ខណៈបក្ខពួកនិយម និងគ្រួសារនិយម ដែលពាក្យទាំងនេះគឺជាបំប៉ោង និងបំផ្លើសខុសពីការពិត ។

លោកនាយកឧត្ដមសេនីយ៍ ឈុំ សុជាតិ បញ្ជាក់ក្នុងហ្វេសប៊ុក នៅថ្ងៃទី២០ កក្កដានេះថា “ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំបញ្ជាក់ជូនអ្នកសារព័ត៌មាន និងសាធារណជនជាថ្មីម្តងទៀតថា តុលាការយោធាកម្ពុជា មិនមានបញ្ហាបក្ខពួកនិយម ឬគ្រួសារនិយម ដូចការចុះផ្សាយចោទប្រកាន់នោះឡើយ ។ តុលាការយោធាកម្ពុជា បានដំណើរការប្រកបដោយភាពឯករាជ្យ និងតែងផ្តល់យុត្តិធម៌ សម្រាប់យោធិនគ្រប់រូប” ។

ទោះជាយ៉ាងនេះក្តី លោកនាយកឧត្ដមសេនីយ៍ស្វាគមន៍ រាល់មតិរិះគន់ប្រកបដោយស្ថាបនា ព្រមទាំងទទួលយកព័ត៌មានទាំងអស់ ដើម្បីពិនិត្យ តាមដាន មុននឹងលើកជារបាយការណ៍ជូនថ្នាក់លើ ហើយយើងតែងរង់ចាំអនុវត្តជានិច្ច រាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ៕

Facebook Comments

To Top