ព័ត៌មានជាតិ

សិក្ខាសាលាស្ដីពី​ បច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ ធ្វើដំណើរមកដល់ខេត្តកំពត

កំពត៖ សិក្ខាសាលាបណ្តុះបណ្តាល អំពីបច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើដំណើរមកដល់ទីរួមខេត្តកំពតហើយ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីប្រារព្ធធ្វើនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនដោយជោគជ័យ។

សិក្ខាសាលានេះប្រព្រិត្ត ទៅនៅភោជនីយដ្ឋានមិត្តភាពក្រុងកំពត ដោយមានការចូលរួម ពីដៃគូចែកចាយផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ប្រមាណ៣០០នាក់ ប្រចាំខេត្តនេះ។

លោកស្រី គង់ កុសល នាយិការទីផ្សារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលដំណើរការសិក្ខាសាលា បណ្តុះបណ្តាលអំពីបច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ប្រព្រឹត្តិទៅយ៉ាងរលូន និងជោគជ័យកន្លងមក ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កោះកុង កំពង់សោម តាកែវ ហើយពេលនេះក៏មកដល់ខេត្តកំពត និងបន្តដំណើរទៅខេត្តផ្សេងៗ ទៀតទូទាំងប្រទេសកម្ពុជា»។

លោកស្រីបន្តទៀតថា «អ្វីដែលនាំស្នាមញញឹមខ្លាំងបំផុតនោះ គឺតាមរយៈការវាយតម្លៃទៅតាមតំបន់នីមួយៗ ដែលសិក្ខាសាលាបានប្រារព្ធធ្វើកន្លងមក គឺអ្នកចូលរួមរបស់យើងស្ទើរតែ ១០០% យល់អំពីដំណើរការនៃការផលិតស្រាបៀរ និងគ្រឿងផ្សំ ដែលយើងប្រើប្រាស់ ដើម្បីផលិតបាននូវស្រាបៀរកម្ពុជា ដែលមានរសជាតិឆ្ញាញ់ និង គុណភាពល្អបំផុតស្របតាម ស្ដង់ដារអន្តរជាតិ រួមជាមួយភេសជ្ជៈដទៃទៀត ដូចជាភេសជ្ជៈប៉ូវកម្លាំង វើក, ទឹកក្រូច អាយស៍, ទឹកផ្លែឈើជូប, និងទឹកបរិសុទ្ធកម្ពុជា»។

លោក ជា សោភ័ណ្ឌ អាជីវករចែកចាយផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស បានបញ្ជាក់ផងដែរថា «ខ្ញុំសប្បាយចិត្តណាស់ ដែលត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងកម្មវិធីនេះ ព្រោះវាជាពេលវេលាជួបជុំគ្នា ដ៏ល្អមួយរវាងអ្នកលក់ភេសជ្ជៈដូចគ្នា ហើយថែមទាំងបានស្វែងយល់ អំពីរបៀបផលិតស្រាបៀរ និងភេសជ្ជៈគុណភាពស្តង់ដាថែមទៀតផង»។

លោកបន្តទៀតថា លោកពិតជាពេញចិត្តកម្មវិធីនេះខ្លាំង ដោយសារបានទទួល ភាពសប្បាយរីករាយផង និងបានឈ្នះរង្វាន់បន្ថែមពីក្រុមហ៊ុនផង។ ហើយលោកសង្ឃឹមថា ក្រុមហ៊ុននឹងធ្វើកម្មវិធីនេះនៅឆ្នាំបន្ទាប់ទៀត ៕

Facebook Comments

To Top