ព័ត៌មានជាតិ

ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បើកដំណើរការភាពយន្តថ្មីលើកទី៦ ចូលទស្សនាក្នុងរោងភាពយន្តឥតគិតថ្លៃ៥ថ្ងៃ នៅថ្ងៃ២៤កក្កដា ខាងមុខនេះ

ភ្នំពេញ៖ក្នុងអំឡុងពេល៥ថ្ងៃខាងមុខនេះ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ លោកអ្នកអាចអញ្ជើញ ចូលរួមទស្សនាខ្សែភាពយន្តថៃថ្មីដែលនឹងត្រូវ ចាក់បញ្ចាំង នៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ និងនៅរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall ហើយការចាក់បញ្ចាំងនេះត្រូវបានបើកចំហរ ដល់សាធារណជន ដោយចូលទស្សនាឥតគិតថ្លៃ ដែលជាប្រភេទខ្សែភាពយន្ត កម្សាន្តដែលអាចផ្តល់នូវការយល់ដឹង ពីរបៀបឬបែបផែន ដែលមនុស្សត្រូវគិត និងបញ្ចេញសកម្មភាព នៅក្នុងជីវិតពិត។

បើកដំណើរការផ្សព្វផ្សាយភាពយន្ត ថៃថ្មីលើកទី៦នៅកម្ពុជានេះ ត្រូវបានរៀបចំដោយ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ (DITP), ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ។ និងបានរៀបចំរួមគ្នា ដោយស្ថានតំណាងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសថៃ និងក្រសួងការបរទេសនៃប្រទេសថៃ ព្រមទាំងមានកិច្ច សហប្រតិបត្តិការ ពីរោងភាពយន្ត Major Cineplex នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ និងរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall។

លោក Panyarak Poolthup ឯកអគ្គរាជទូត ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ខ្សែភាពយន្តគឺជាប្រភេទ នៃការកម្សាន្ត ដែលអាចផ្តល់ នូវការយល់ដឹងពីរបៀប ឬបែបផែនដែលមនុស្សត្រូវគិត និងបញ្ចេញសកម្មភាព នៅក្នុងជីវិតពិត។ ការយល់ដឹងអំពីការគិតរបស់មនុស្ស និងមូលហេតុដែលវាប៉ះពាល់ ដល់អាកប្បកិរិយា របស់ពួកគេ អាចជួយយើងឱ្យទទួលយកនូវភាពខុសគ្នា របស់យើង និងអាចតភ្ជាប់ជាមួយមនុស្សផ្សេងទៀត។

លោកបញ្ជាក់ថា “នេះគឺជាមូលហេតុ ដែលមហោស្រពភាពយន្ត ត្រូវបានរៀបចំជាថ្មីម្តងទៀត យើងជឿជាក់ថាខ្សែភាពយន្តនេះ នឹងពង្រឹងចំណងទាក់ទងរវាងប្រជាជននៃប្រទេសថៃ និងប្រជាជននៃប្រទេសកម្ពុជា ទាំងមនុស្សពេញវ័យ និងកុមារផងដែរ។ ហើយយើងក៏នឹងរៀបចំសិក្ខាសាលាមួយស្តីពីការផលិតខ្សែភាពយន្តនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ផងដែរ ដោយផ្តោតទៅលើការបង្កើតសាច់រឿង ការជ្រើសរើសបរិយាកាសនៅក្នុងសាច់រឿង និងការផលិត នៅសាល អ៊ីអន (AEON Hall) ស្ថិតនៅជាន់ទី៣ នៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ បន្ទាប់មកគឺការទំនាក់ទំនងគ្នា រវាងអ្នកជំនួញ និងអ្នកជំនួញ។ សកម្មភាពទាំងពីរនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើតនូវវេទិកាជួបជុំមួយ រវាងផលិតករភាពយន្តថៃ និងផលិតករភាពយន្ត កម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក”។

ក្នុងឱកាសនោះដែរ លោក Jirawuth Suwanana-arj អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថាន ឯកអគ្គរាជទូតថៃនៅរាជ ធានីភ្នំពេញប្រចាំកម្ពុជា និងជានាយកនៃ ស្ថានតំណាងពាណិជ្ជកម្មថៃ ប្រចាំរាជធានីភ្នំពេញ (DITP) បានលើកឡើងថា កម្មវិធីផ្សព្វផ្សាយភាពយន្តថៃ ឆ្នាំ២០១៩ ក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ រវាងផលិតករភាពយន្ត និងអ្នកដែលពាក់ព័ន្ធ នឹងខ្សែភាពយន្ត នៃប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីបង្កើត ខ្សែភាពយន្តថ្មីៗ ឬធ្វើការជាមួយគ្នា បានកាន់តែល្អ។

លោកបន្តថា សិក្ខាសាលា និងការតភ្ជាប់ទំនាក់ទំនង អាជីវកម្មនៅថ្ងៃដំបូង នៃព្រឹត្តិការណ៍កម្មវិធីផ្សព្វផ្សាយ ភាពយន្តថៃ ត្រូវបានរៀបចំជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ និងបច្ចេកទេសនៅក្នុងចំណោមអ្នកដែលដែលពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្ត ដូចជា នាយកផលិតកម្ម ផលិតករ និងតារាសម្តែងពីបណ្តាប្រទេសទាំងពីរ។ នាពេលបច្ចុប្បន្ននេះ “មាតិការឿង” គឺមានសារៈសំខាន់បំផុតសម្រាប់ការកម្សាន្ត និងឧស្សាហកម្មភាពយន្ត។ ដូច្នេះនៅឆ្នាំនេះ យើងបានអញ្ជើញក្រុមហ៊ុនថៃជាច្រើន ដែលទាក់ទងនឹងអ្នកបង្កើតមាតិការឿង ដូចជារឿងគំនូរជីវចល រឿងល្ខោន កម្មវិធីហ្គេមកម្សាន្ត និងការប្រគុំតន្រ្តី ដើម្បីជួយស្វែងរកគំនិតច្នៃប្រឌិត បន្ថែមទៀតចំពោះទីផ្សារភាពយន្តនៃប្រទេសកម្ពុជា ហើយអាចបង្កើតនូវ គម្រោងភាពយន្តធំមួយ ដែលជាគម្រោងរួមគ្នានាពេលអនាគតនេះ។ ហើយក៏មានក្រុមហ៊ុនថៃ ដែលមានអាជីវកម្មលើផ្នែកឌីជីថល ដើម្បីគាំទ្រដល់ផ្នែកទីផ្សារ ដែលកំពុងមានតម្រូវការ ខ្ពស់នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ។

សូមជម្រាបថា ការចាក់បញ្ចាំងខ្សែភាពយន្តថៃ ព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ នឹងមានខ្សែភាពយន្តចំនួន៥រឿង ដើម្បីចាក់ជូនទស្សនិកជនទស្សនាជារៀងរាល់ថ្ងៃ នៅសាលលេខ3 (Hall 3) នៅក្នុងរោងភាពយន្ត Major Cineplex នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ និងនៅសាលលេខ1 (Hall 1) នៃរោងកុន Legend Cinema នៅក្នុងផ្សារទំនើប City Mall។ ការចាក់បញ្ចាំងដោយឥតគិតថ្លៃនេះ គឺមាន 266កៅអី នៅក្នុងការចាក់រឿងម្តងៗនៅក្នុងរោងភាពយន្ត Major Cineplex និងមាន250កៅអី នៅរោងភាពយន្ត Legend Cinema។ ខ្សែភាពយន្តទាំងអស់នេះ គឺត្រូវបានបញ្ចូលសំឡេងភាសាខ្មែរ និងមានអក្សររត់ពីខាងក្រោម វីដេអូជាភាសាអង់គ្លេសផងដែរ។ ខ្សែភាពយន្តដំបូងគេដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅវេលាម៉ោង07:00នាទីល្ងាច នៅរោងភាពយន្ត Major Cineplex និងនៅម៉ោង05:00ល្ងាច នៅរោងភាពយន្ត Legend Cinema គឺជារឿង “Friend Zone” ដែលបានថតនៅបណ្តាប្រទេសនៅក្នុងប្រទេសអាស៊ាន ហើយខ្សែភាពយន្តនេះមានភាពទាក់ទាញ យ៉ាងខ្លាំងជាមួយនឹងការច្រៀងដោយតារាចម្រៀងល្បីៗ នៅក្នុងប្រទេសអាស៊ីដូចជា ប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ ភូមា ចិន ហ្វីលីពីន ឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ីផងដែរ។ បទចម្រៀងនេះ ត្រូវបានច្រៀងនៅក្នុងភាសារៀងៗ ខ្លួនរបស់តារាចម្រៀងនៃប្រទេសនីមួយៗ និងចែកចាយដោយក្រុមហ៊ុន Westec Media Limited។

គួររំលឹកផងដែរថា ខ្សែភាពយន្តដ៏គួរឱ្យចាប់អារម្មណ៍ចំនួន៣ផ្សេងទៀត ដែលត្រូវបានចាក់បញ្ចាំងនៅក្នុងអំឡុងពេល នៃកម្មវិធីផ្សព្វផ្សាយភាពយន្តថៃនេះគឺមានដូចជា ៖

– ថ្ងៃព្រហស្បតិ៍ ទី25 ខែកក្កដា ម៉ោង05:00ល្ងាច ចាក់បញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្ត Major Cineplex និងនៅរោងភាពយន្ត Legend Cinema។
ហើយភាពយន្តនេះត្រូវបានចែកចាយដោយក្រុមហ៊ុន M Picture Cambodia។

– ថ្ងៃសុក្រ ទី26 ខែកក្កដា នៅវេលាម៉ោង05:00ល្ងាច នឹងចាក់បញ្ចាំងរឿង “ខ្មោចប្រពន្ធ” នៅរោងភាពយន្ត Major Cineplex និងនៅរោងភាពយន្ត Legend Cinema។
រឿងនេះផលិតឡើងដោយក្រុមហ៊ុន One Touch និង Red Spark Production និងចែកចាយដោយក្រុមហ៊ុន Westec Media Limited។

-ថ្ងៃសៅរ៍ ទី27 ខែកក្កដា នៅវេលាម៉ោង12.00រសៀល នឹងចាក់បញ្ចាំងរឿង “Bikeman” នៅក្នុងរោងរោងភាពយន្ត Major Cineplex និងនៅរោងភាពយន្ត Legend Cinema។
ត្រូវបានចែកចាយដោយក្រុមហ៊ុន Sabay MVP។

– ថ្ងៃអាទិត្យ ទី28 ខែកក្កដា វេលាម៉ោង12យប់ នឹងចាក់បញ្ចាំងរឿង “បងប្រុសកំពូលកូរ” នៅរោងភាពយន្ត Legend Cinema និងរឿង “Friend Zone” នឹងចាក់បញ្ចាំង នៅរោងរោងភាពយន្ត Major Cineplex ដែលផលិតឡើងដោយក្រុមហ៊ុន GDH599 និងចែកចាយដោយក្រុមហ៊ុន Westec Media Limited។

អ្វីដែលពិសេសនោះគឺមានវត្តមាន តារាសម្តែងថៃ Naphat Siangsomboon (ហៅ Nine) ជាតួនៅក្នុងរឿង “Friend Zone” និង កញ្ញា Supawadee Kitisopakul (ហៅ Dear) ជាតួនៅក្នុងរឿង “ខ្មោចប្រពន្ធ” មកពីប្រទេសថៃ រួមជាមួយនឹងតារាសម្តែងល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនរូបទៀត ក៏នឹងចូលរួមនៅក្នុងព្រឹត្តការណ៍នេះផងដែរ ដែលនឹងប្រព្រឹត្តទៅនៅរោងភាពយន្ត Major Cineplex ស្ថិតនៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច៕

Facebook Comments

To Top