នយោបាយ

លោកយ៉ែម បុញ្ញឬទ្ធិ៖ សង្គម សេដ្ឋកិច្ច នយោបាយមានគ្រប់គ្រាន់នៅកម្ពុជា អាចបញ្ជាក់ពីលំហប្រជាធិបតេយ្យសេរីពិតប្រាកដ

ភ្នំពេញ៖ អតីតអ្នកនាំពាក្យគណបក្សប្រឆាំងលោកយែម បុញ្ញឬទ្ធិ បានបញ្ជាក់ ថាតថភាព សង្គម សេដ្ឋកិច្ច នយោបាយ មានគ្រប់គ្រាន់សម្រាប់កម្ពុជាហើយ ក្នុងការបញ្ជាក់ពីលំហ ប្រជាធិបតេយ្យ សេរីពិត ប្រាកដទៅហើយ។

ទោះបីជាមានការបញ្ជាក់ពីអតីតអ្នកនាំពាក្យបក្សប្រឆាំង ដែលមានទស្សននយោបាយកឹម សុខានិយមយ៉ាងណាក្តី ក៏ក្រុមលោកសម រង្ស៊ី រួមទាំងលោកសម រង្ស៊ីដែលជាអតីត មេបក្សប្រឆាំងធ្លាប់បានអះអាងថា កម្ពុជាមិនទាន់មានលទ្ធិប្រជាធិបតេយ្យពេញលេញនោះទេ ដោយសារគ្មានវត្តមានបក្សប្រឆាំងចូលរួមប្រកួតប្រជែងជាមួយបក្សកាន់អំណាច។

លោកយ៉ែម បុញ្ញឬទ្ធិ បានបញ្ជាក់លើបណ្តាញសង្គមនៅថ្ងៃទី១៩ កក្កដា យ៉ាងដូច្នេះថា «តថភាពសង្គម សេដ្ឋកិច្ច នយោបាយ វាគ្រប់គ្រាន់ណាស់ទៅហើយ ដែលអាច បញ្ជាក់បានពីលម្ហប្រជាធិបតេយ្យសេរីពិតប្រាកដ»។

លោកគូសបញ្ជាក់ថាទៀតថា «យើងគួរនាំគ្នាខិតខំធ្វើកំណែទម្រង់ឲ្យបានប្រសើរឡើង ដូចអ្វីដែល បានចង្អុលបង្ហាញក្នុង កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ ២៣តុលា៩១ ដើម្បីតែជាផលប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរយើង និងមាតុភូមិកម្ពុជា»។

ជាមួយគ្នានោះដែរ លោកក៏បានលើកពីទស្សន និងបំណងសំខាន់របស់លោក កឹម សុខា គឺ “ឯកភាពជាតិជាបំណង ប្រាថ្នាស្មោះត្រង់ចំពោះជាតិ!”គ្មានអ្វីដែលសំខាន់ជាងការ ខិតខំរួមគ្នាធ្វើ និងបង្កើតឲ្យមានឯកភាពជាតិឡើយ ព្រោះជាបច្ច័យមិនអាចខ្វះបាន ដើម្បីធ្វើឲ្យជាតិសាសន៍មួយ មានការរីកចម្រើន វឌ្ឍនភាព វិបុលភាព ហើយនិងមានកិត្យានុភាព នៅលើឆាកអន្តរជាតិ។

លោកបន្ថែមថា កាលណាជាតិសាសន៍មួយបែកបាក់ផ្ទៃក្នុង ជម្លោះទាស់ទែង ជេរប្រមាថ លាបពណ៌ រើសអើង តែងតែប្រឈមនឹងបញ្ហាគ្រប់បែបយ៉ាង រួមទាំងការប្រមាថមើល ងាយពីមជ្ឈដ្ឋានខាងក្រៅផងដែរ។

យ៉ាងណាក្តីអ្នកនាំពាក្យអតីតបក្សប្រឆាំងក៏បានលើកឡើងទៀតថា តុល្យភាពនៃកម្លាំងនយោបាយ រវាងបក្សកាន់អំណាច និងបក្សមិនកាន់អំណាចមានសារសំខាន់ដែលក្លាយ ជាកម្លាំងចលករ ជាកញ្ចក់ឆ្លុះបញ្ចាំង តម្រង់ទិស ហើយក៏សម្រាប់ជាជម្រើស និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ក្នុងការស្វែងរកការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ៕ ដោយ៖ ស សំណាង

Facebook Comments

To Top