សេដ្ឋកិច្ច & អចលនទ្រព្យ

ក្រុមហ៊ុនចម្រាញ់ប្រេងកំពូលរបស់កូរ៉េខាងត្បូង ទិញភាគហ៊ុន៣៥ភាគរយ ក្នុងក្រុមហ៊ុនចែកចាយប្រេងធំទី២ របស់មីយ៉ាន់ម៉ា

សេអ៊ូល៖ ក្រុមហ៊ុន SK Innovation Co ជាក្រុមហ៊ុនចម្រាញ់ប្រេងកំពូលរបស់កូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃសុក្រនេះថា សាខារបស់ខ្លួនចំនួន២ បានទិញភាគហ៊ុន ៣៥ភាគរយនៅក្នុងក្រុមហ៊ុនចែកចាយផលិតផលប្រេងធំទី២ របស់មីយ៉ាន់ម៉ាក្នុងតម្លៃ ១៥០ពាន់លានវ៉ុន (១២៧លានដុល្លារ) ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា ក្រុមហ៊ុន SK Energy Co និងក្រុមហ៊ុន SK Trading International Co. នឹងមានភាគហ៊ុនចំនួន ១៨,៥ភាគរយនៅក្នុងក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Best Oil Co របស់មីយ៉ាន់ម៉ា។

SK Innovation បានឲ្យដឹងថា “នេះគឺជាការវិនិយោគជាយុទ្ធសាស្រ្ត សម្រាប់យើងដើម្បីបង្កើតសន្ទុះកំណើនថ្មីតាមរយៈការរក្សាស្ថិរភាពនៃការនាំចេញ និងទីផ្សារជួញដូរ” ។

យោងតាម SK Innovation បានឱ្យដឹងថាក្រុមហ៊ុន BOC មានភាគហ៊ុនទីផ្សារ ១៧ភាគរយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា PT Power ជាអ្នកចែកចាយផលិតផលប្រេងនៅក្នុងភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា និង PSW ដែលជាប្រតិបត្តិករស្ថានីយប្រេង៕ ដោយ ឈូក បូរ៉ា

Facebook Comments

To Top