អន្តរជាតិ

Huawei ចុះកិច្ចសន្យារាប់សិប សម្រាប់ប្រព័ន្ធ 5G ជាមួយប្រទេសនៅអឺរ៉ុប ទោះបីមានសម្ពាធពីអាមេរិក

បរទេស៖ ក្រុមហ៊ុន Huawei Technologies បានប្រកាសថា ខ្លួនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងប្រហែល ៥០ កិច្ចព្រមព្រៀងលើប្រព័ន្ធ 5G ជាមួយបណ្តាប្រទេស នៅអឺរ៉ុប និងជុំវិញពិភពលោក បើទោះបីជាមានសម្ពាធ ពីសហរដ្ឋអាមេរិក ក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើង របស់លោក Chen Chen ដែលជាអនុប្រធានជាន់ខ្ពស់ និងជាសមាជិកក្រុមប្រឹក្សា បានដកស្រង់សម្តី របស់ទីភ្នាក់ងារព័ត៌មាន ចិនថា ក្រុមហ៊ុនចិន Huawei បានចុះហត្ថលេខា លើកិច្ចសន្យាពាណិជ្ជកម្ម 5G ទូទាំងពិភពលោក ចំនួនជាង៥០ រួមទាំង ២៨ នៅអឺរ៉ុបផងដែរ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើក្រឹត្យមួយ នៅថ្ងៃទី ១៥ ខែឧសភា ដែលហាមប្រាមក្រុមហ៊ុន អាមេរិកប្រើប្រាស់ឧបករណ៍ ទូរគមនាគមន៍ផលិត ដោយក្រុមហ៊ុន ដែលបង្កគ្រោះថ្នាក់ ដល់សន្តិសុខជាតិ ដែលត្រូវហាមឃាត់ ក្រុមហ៊ុនអាមេរិក មិនឱ្យធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុន Huawei ។

បន្ទាប់មកនាយកដ្ឋាន រតនាគារជាតិអាមេរិក បានប្រកាសអំពី ការដាក់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនសាខា ៧០ទៀត នៅក្នុងបញ្ជីខ្មៅដែលនឹងបង្ខំឱ្យ ក្រុមហ៊ុនទូរគមនាគមន៍ចិន ស្នើសុំការលើកលែង ដើម្បីទិញគ្រឿងបន្លាស់ និងសមាសភាគអេឡិចត្រូនិក ទៅឱ្យក្រុមហ៊ុនអាមេរិក។ មុននេះវ៉ាស៊ីនតោន បានអះអាងថា ឧបករណ៍របស់ក្រុមហ៊ុន Huawei អាចត្រូវបានប្រើសម្រាប់ សកម្មភាពចារកម្មរបស់ចិន។

បញ្ហានេះ បាននាំឱ្យបណ្តាប្រទេស នៅអឺរ៉ុបមានការស្ទាក់ស្ទើរ ក្នុងការឆ្លើយតបទៅនឹង សំណើរបស់ក្រុមហ៊ុន Huawei នៅអាមេរិក។ ការលេចធ្លាយប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញថា ចក្រភពអង់គ្លេសដែលជាសម្ព័ន្ធមិត្ត ជិតស្និទ្ធបំផុតមួយរបស់វ៉ាស៊ីនតោន បានសម្រេចចិត្ត អនុញ្ញាតឱ្យក្រុមហ៊ុន Huawei ចូលរួមប្រព័ន្ធបណ្តាញ 5G ដែលមិនមានស្នូល។ ប្រទេសបារាំងបាននិយាយថា ខ្លួននឹងមិនហាមឃាត់ប្រតិបត្តិករ មិនឱ្យប្រើប្រាស់ក្រុមហ៊ុន Huawei នោះទេ ប៉ុន្តែថា ខ្លួនក៏នឹងមិនប្រឆាំងនឹង ការដកខ្លួនថយដោយ ស្ម័គ្រចិត្តពីការសហការគ្នានោះទេ។ ប្រទេសហុងគ្រី បានការពារសិទិ្ធរបស់ខ្លួន ក្នុងការប្រើឧបករណ៍ របស់ក្រុមហ៊ុន Huawei នៅក្នុងបណ្តាញទូរស័ព្ទ ចល័តជំនាន់ទីប្រាំរបស់ខ្លួន ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top