នយោបាយ

ក្រសួងយុត្តិធម៌ ៖ សារនយោបាយ អតីតបក្សប្រឆាំង បញ្ឆេះកំហឹង ពូជសាសន៍ខ្លួនឯង

ភ្នំពេញ ៖ ក្រោយសង្កេតឃើញ អតីតបក្សប្រឆាំង តែងតែយករឿង ការប្រើប្រាស់ អំពើហិង្សាដោយចេតនា (ដោយហ្វូងមនុស្ស) ធ្វើឲ្យមានចលាចល នៅក្នុងសង្គម មកវាយប្រហារ រាជរដ្ឋាភិបាល ដើម្បីកេងចំណេញនយោបាយ នោះ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រតិកម្មតបថា សារនយោបាយ របស់អតីតបក្សប្រឆាំងនេះ គឺបានបញ្ឆេះកំហឹង ពូជសាសន៍ខ្លួនឯង ដែលធ្វើឲ្យមានការស្អប់គ្នា គុំគួនគ្នាទៅវិញទៅមក ។

ក្នុងពិធីផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ របាយការណ៍ ស្តីពី“តុលាការប្រជាជន” ការបង្ការ និង ការឆ្លើយតបទៅនឹង “ការកាត់ទោសដោយមហាជន” នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នាសណ្ឋាគារសាន់វេ ភ្នំពេញ លោកជិន ម៉ាលីន បានថ្លែងថា នៅពេលដែលមានព្រឹត្តការណ៍ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដោយជនបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បានបើកឡាន ឬម៉ូតូ បុកគេហើយរត់ ។ តែរត់មិនរួច ត្រូវបានប្រជាពលរដ្ឋ ចាប់បានព្រួតគ្នា វាយស្ទើរអស់ជីវិត នៅនឹងកន្លែង ។ ករណីនេះត្រូវបានអ្នកវិភាគ យកមកធ្វើការវិភាគ មិនបានគ្រប់ជ្រុងជ្រោយឡើយ ដោយវិភាគដាក់បន្ទុកតែទៅលើភាគីតែម្ខាង ។

លោកបន្តថា នៅពេលដែលអ្នកវិភាគ វិភាគដាក់បន្ទុកតែភាគីម្ខាង គឺហាក់បីដូចជា លើកទឹកចិត្ត ឲ្យភាគីម្ខាងទៀត ប្រព្រឹត្តបទល្មើស។
លោកសង្កត់ធ្ងន់ថា មានអ្នកវិភាគខ្លះ ធ្វើការវិភាគបន្ទោសបង្អាប់ ទៅលើរាជរដ្ឋាភិបាល ដោយដាក់បន្ទុកយ៉ាងខ្លាំង ទៅលើសមត្ថកិច្ច។ ដោយពេលខ្លះ ការបន្ទោសបង្អាប់បែបនេះ ហើយអ្នកវិភាគទាំងនោះ មិនបានណែនាំដល់ប្រជាពលរដុ្ឋ គឺជារឿងមួយ ដែលបង្រៀនឲ្យប្រជាពលរដ្ឋ កាន់តែប្រព្រឹត្តបទល្មើសបន្ថែមទៀតផងដែរ ។

លោកថា ការរិះគន់ដើម្បីស្ថាបនារបស់អ្នកវិភាគ បើសមត្ថកិច្ចមានភាពខុសឆ្គង គឺត្រូវតែធ្វើការកែតម្រូវ ។ដោយត្រូវណែនាំប្រាប់ដល់ប្រជាពលរដ្ឋ បន្ថែមថា នេះជាបទល្មើសខុសច្បាប់ អ្នកណាប្រព្រឹត្ត គឺត្រូវតែទទួលទោសតាមច្បាប់ ។ត្រូវនាំជនដៃដល់ ដែលប្រព្រឹត្តបទល្មើស មកផ្ដល់ន្ទាទោស តាមផ្លូវច្បាប់ ។ដោយមិនមែនទទួល បានការគាំទ្រ ឬប្រជាប្រិយ ពីប្រជាពលរដ្ឋ ដើម្បីបន្ទោសបង្អាប់ដល់អាជ្ញាធរ មានសមត្ថកិច្ចនោះទេ។

អ្នកនាំពាក្យបន្តថា ចំណុចមួយទៀត ទាក់ទងការចូលរួមពីអ្នកនយោបាយគឺជាសារនយោបាយ របស់អ្នកនយោបាយដែលបញ្ឆេះ កំហឹងពូជសាសន៍ ដែលបញ្ឆេះនូវកំហឹងវណ្ណៈក្នុងសង្គម ជះឥទ្ធិពលនិងបង្ហាញលទ្ធផល ដូចជាអំពើហិង្សាតាមដងផ្លូវ។ សារនយោបាយមួយចំនួនគឺមានភាពចាក់ដោត ធ្វើម៉េចឲ្យមានកំហឹងជាបក្ស ធ្វើម៉េចឲ្យមានកំហឹងវណ្ណៈ មានភាពបះបោរជាច្រើនក្នុងសង្គម។ ឲ្យអ្នកក្រស្អប់អ្នកមាន ឲ្យកម្មករស្អប់ថៅកែ ឲ្យខ្មែរស្អប់យួន ស្អប់ចិន ឲ្យអ្នកស្រែ ស្អប់អ្នកទីក្រុង ។

ក្នុងឱកាសនោះ លោកស្នើទាំងសមត្ថកិច្ច ទាំងប្រព័ន្ធតុលាការ ត្រូវតែពង្រឹងបន្ថែម ដើម្បីបញ្ចប់នូវនិទណ្ឌភាព ទាំងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ទាំងយន្តការច្បាប់ ក្នុងការនាំជនដៃដល់ មកទទួលទោស តាមផ្លូវច្បាប់ និងទាំងការវិភាគ របស់ភាគីពាក់ព័ន្ធ របស់សង្គមស៊ីវិល របស់អ្នកសារព័ត៌មាន អ្នកវិភាគរវាងអ្នកនយោបាយ គឺត្រូវពង្រឹងបន្ថែម ដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការប្រើប្រាស់អំពើហឹង្សាដោយចេតនានេះឲ្យបានទាំងអស់គ្នា។

ប៉ុន្មានឆ្នាំចុងក្រោយនេះគេសង្កេតឃើញ មានការប្រើប្រាស់ហិង្សាដោយចេតនា ជាលក្ខណ:ក្រុម ទៅលើជនដែលបានបង្កឲ្យមានគ្រោះថ្នាក់ទៅលើអ្នកទៃ ក្នុងករណីនានា មានដូចជា៖(ករណីគ្រោះថ្នាក់ចរាចរណ៍ )ដោយជនបង្កគ្រោះថ្នាក់បានរត់គេចខ្លួន តែរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់បាននាំគ្នាព្រួតវៃស្ទើរអស់ជីវិត (ករណីចោរ ឆក់ ប្លន់) រត់មិនរួចក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បានព្រួតវាយស្ទើរអស់ជីវិត ដោយសារតែកំហឹងមួយឆាវផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះតុលារបានបើកសាវនាការ ដោយរកឃើញជនដៃដល់ ចំនួន៧នាក់ ដែលបានប្រើប្រាស់អំពើហិង្សាដោយចេតនា(ជាហ្វូង) ដែលបង្កឲ្យមានរបួសស្នាមទៅជនរងគ្រោះ ដោយក្នុងនោះមានបីរូប កំពុងអនុវត្តទោស និង៤រូបទៀតកំពុងតាមចាប់៕ដោយ៖ធី លីថូ

Facebook Comments

To Top