នយោបាយ

មេធាវីលោកកឹម សុខា៖ ការទទួលយកអនុសាសន៍ពីអន្តរជាតិ ស្តារលទ្ធិប្រជាធិបតេយ្យមិនមែនជាការឱនក្បាលឲ្យគេរំលោភអធិបតេយ្យភាពជាតិទេ

ភ្នំពេញ៖ មេធាវីមួយរូបរបស់លោក កឹម សុខា គឺលោក ចាន់ ចេន បានលើកឡើងថា ការទទួលយកអនុសាសន៍ពីសហគមន៍អន្តរជាតិ ក្នុងការកែលម្អឬស្តារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស មិនមែនជាការឱនក្បាលឲ្យគេរំលោភអធិបតេយ្យភាពជាតិនោះទេ។

កាលពីថ្ងៃទី១៦ កក្កដា សភាជាន់ទាបសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន្ទនូវច្បាប់ ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលគេសន្មត់ថា មានការជាប់ពាក់ព័ន្ធ ទៅនឹងការធ្លាក់ចុះ ឬដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាក្នុងរយៈពេលជាង ២ឆ្នាំមកនេះ។

លោក ចាន់ ចេន លើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០១៩នេះថា “ការទទួលយកអនុសាសន៍ពីសហគមន៍អន្តរជាតិ ក្នុងការកែលម្អឬស្តារលទ្ធិ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស មិនមែនជាការឱនក្បាលឲ្យគេរំលោភអធិបតេយ្យភាពជាតិឬជាការអាប់ឱនខាតបង់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋនោះទេ”។

លោកបន្តថា ផ្ទុយទៅវិញការបដិសេធមិនព្រមកែលម្អឬស្តារលទ្ធិប្រជាធិបតេយ្យជាបញ្ហាសកល ដែលនាំឲ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មនោះទេដែលធ្វើឲ្យប៉ះពាល់ មិនត្រឹមតែសេដ្ឋកិច្ច នយោបាយ ជាពិសេសប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្ររបស់មេដឹកនាំនិងប្រទេសជាតិយ៉ាងធ្ងន់ធ្ងរទៀតផង។

លោកថា សម្រាប់មេដឹកនាំ និងប្រទេសជាតិ កិត្តិយស កេរ្តិ៍ឈ្មោះមានតម្លៃខ្ពស់ជាងទ្រព្យសម្បត្តិ និងអំណាចឆ្ងាយណាស់៕ ដោយ៖ នឿត សម្ផស្ស

Facebook Comments

To Top