នយោបាយ

កាណាដា គ្រោងទិញសម្លៀក បំពាក់ ពីកម្ពុជា ក្នុងតម្លៃជាង ៩១លានដុល្លារ សម្រាប់ឆ្នាំ២០១៩-២០២០

ភ្នំពេញ៖ លោក ហ្គារី រ៉ូស (Gary Ross) ប្រធានក្រុមហ៊ុន Reitman Global Sourcing on Garment ដែលជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់មួយរបស់កម្ពុជា បានឲ្យដឹងថា ប្រទេសកាណាដា មានគម្រោងទិញផលិតផល សម្លៀកបំពាក់ពីកម្ពុជា ក្នុងតម្លៃទឹកប្រាក់ជាង ៩១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៩ និង២០២០ ដែលខ្ពស់ជាងការបញ្ជាទិញ ពីប្រទេសចិន ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម ។

នៅក្នុងជំនួបជាមួយលោក ឱក ប៊ុង រដ្ឋមន្រ្តីស្ដីទី ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកហ្គារី រ៉ូស (Gary Ross) ប្រធាន ក្រុម ហ៊ុន
Reitman បានបង្ហាញសុទិដ្ឋិនិយម ចំពោះវឌ្ឍនភាពនៃ ឧស្សាហកម្មកាត់ដេរនៅកម្ពុជា និងបានកោតសរសើរ ចំពោះកំណែទម្រង់មុតស្រួច ព្រមទាំងវិធានការថ្មីៗរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរទ្បើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។

លោកប្រធានក្រុមហ៊ុនរូបនេះ ក៏បានថ្លែងអំណរគុណក្រសួងពាណិជ្ជកម្ម ដែលជានិច្ចជាកាលតែងផ្តល់កិច្ចសហការ សម្របសម្រួលការបញ្ជាទិញ សម្លៀកបំពាក់របស់ក្រុមហ៊ុន និងតែងឆ្លើយតបយ៉ាង វិជ្ជមានចំពោះក្តីកង្វល់ និងសំណូមពរនានា របស់ភាគីកាណាដា។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីស្ដីទី ឱក ប៊ុង បានថ្លែងអំណរគុណ ចំពោះលោក ហ្គារី រ៉ូស ដែលបានផ្តល់ទំនុកចិត្តមកលើការ ដឹកនាំរបស់រាជដ្ឋាភិបាលកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដំណើការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលគាំទ្រដោយប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តីស្ដីទី ក៏បានជម្រាបភាគីកាណាដា អំពីវឌ្ឍនភាពសេដ្ឋកិច្ច និងកំណើននាំចេញរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ដែលបានកើនចាប់ពីទឹកប្រាក់ ១ប៊ីលានដុល្លារអាមេរិក (២០០១) ដល់ ១៣ប៊ីលានដុល្លារអាមេរិក (២០១៨) ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តគាំទ្រគម្រោងរោងចក្រ កាន់តែប្រសើរឡើងនៅកម្ពុជា (BFC) របស់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារ នៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់។

សូមជម្រាបថា Reitman គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ ដ៏ធំរបស់កាណាដា ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្ម ជាមួយឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់កម្ពុជា ចាប់តាំងពីឆ្នាំ២០០២-២០០៣ ហើយកាលពីឆ្នាំ២០១៦ ក្រុមហ៊ុនមួយនេះ បានបញ្ជាទិញផលិតផល សម្លៀកបំពាក់ពីរោងចក្រចំនួន ១៤ នៅកម្ពុជា ក្នុងតម្លៃជាទឹកប្រាក់ ៦៦លានដុល្លារអាមេរិក ផងដែរ ៕

Facebook Comments

To Top