នយោបាយ

លិខិតមិត្តអ្នកអាន៖ «នយោបាយវិលក្បុង របស់សម រង្ស៊ី ចំពោះកម្ពុជា ចិន អាមេរិក និងវៀតណាម! »

សម រង្ស៊ី ដែលពេលនេះខំ និយាយកោកៗស្រែករិះគន់ រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ថាបានគាំទ្រចិន និងថាបានបើកដៃឲ្យចិន ចូលមករកស៊ីច្រើន នៅស្រុកខ្មែរហើយ សម រង្ស៊ី ដែលពេលនេះកំពុងតែ អួតអាងថា អាមេរិក ជាចៅហ្វាយ របស់ខ្លួនទន្ទឹមនឹងការបន្ត នូវនយោបាយលាបពណ៌ ចោទខ្មែរថាជាយួន…កំពុងវិលក្បុង បាយបិណ្ឌជាបាយបាត្រ ជុំវិញនយោបាយការបរទេស របស់ខ្លួននៅក្នុងទំនាក់ទំនង រវាងកម្ពុជា ចិន សហរដ្ឋអាមេរិក និងវៀតណាម។ ខ្ញុំស្តាប់យូរៗទៅ ទើបដឹងថា អ្នកនយោបាយ ជើងមិនជាប់ដី ក្បាលមិនជាប់មេឃរូបនេះ ពិតជាគ្មានជំហរ គ្មានយុទ្ធសាស្ត្រ គ្មានទស្សនៈវិស័យ នយោបាយ ការបរទេសអ្វីទាំងអស់ ហើយនិយាយចុះនិយាយឡើង មកជាន់តែកែងខ្លួនឯង។

ដើម្បីយល់ពីអ្វីដែលខ្ញុំ បានលើកឡើងនេះ យើងបែរទៅស្តាប់ កិច្ចសម្ភាសន៍របស់ សម រង្ស៊ី ជាមួយទូរទស្សន៍ចិន។ សម រង្ស៊ី បាន និយាយជាមហោឡារឹក អះអាងប្រាប់ ទូរទស្សន៍ចិនថា៖ «បច្ចុប្បន្ន Cnrp គឺជាសម្ព័ន្ធមិត្ត របស់ចិន។ យើងយកបញ្ហាតែមួយមក និយាយគឺ Cnrp គាំទ្រចិនទាំងស្រុង ក្នុងការទាមទារនូវ អធិប្បតេយ្យភាព ទៅលើកោះ ស៊ីសាង និងណាន់ចាង នៅក្នុងសមុទ្រចិនខាងត្បូង» ! «យើងខ្ញុំមិនស្របតាមអាមេរិកនោះទេព្រោះអាមេរិកគាំទ្រវៀតណាម។ ផ្ទុយទៅវិញ គណបក្ស CPP របស់លោកហ៊ុន សែន គេកំពុងស្តាប់និងធ្វើតាមមាគ៌ារបស់វៀតណាម។ ហេតុដូច្នេះហើយ CPP របស់លោក ហ៊ុន សែន នឹងមិនអាចគាំទ្រចិនទាំងស្រុងបាន ដូច Cnrp នោះទេ»។

សម រង្ស៊ី ក៍បានបញ្ជាក់ប្រាប់ ទូរទស្សន៍ចិនទៀតថា៖ «វត្តមានរបស់ចិនគឺជា ការចាំបាច់ណាស់ ដើម្បីធ្វើអោយមានតុល្យភាព និងទប់ឥទ្ធិពលរបស់វៀតណាម។ បច្ចុប្បន្ននេះ វៀតណាមមានសម្ព័ន្ធមិត្ត ច្រើនដូចជា ជប៉ុន និងអាមេរិកជាដើម។ ពួកគេជា សម្ព័ន្ធមិត្ត, ពួកគេនឹងរួមគ្នាដើម្បីទប់ទលនឹងចិន ប៉ុន្តែ Cnrp ឈរនៅខាងចិន»។

តើលោកអ្នកជឿទេថា ទាំងនេះ ពិតជាសម្តីរបស់ សម រង្ស៊ី ? បើមិនជឿ សូមទស្សនាវីដេអូ នៃកិច្ចសម្ភាសន៍រយៈពេល២នាទី នេះដែលមានភ្ជាប់មកជាមួយ។ ក្រោយពីបានទស្សនា ស្តាប់វីដេអូនេះរួចហើយ លោកអ្នកពិតជា ហួសចិត្តនឹងជំហរឃ្លីងឃ្លោង វិលក្បុង មិនប្រាកដប្រជានៃ នយោបាយការទូតរបស់ សម រង្ស៊ី ជាក់ជាមិនខានឡើយ។

ប៉ុន្តែ សម្រាប់អ្នកស្គាល់ សម រង្ស៊ី ច្បាស់ប្រាកដជា មិនចម្លែកក្នុងចិត្ត សូម្បីបន្តិចពីព្រោះពួកគេបាន យល់ច្បាស់ណាស់ថា សម រង្ស៊ី ជាមនុស្សដែល និយាយឲ្យតែរួចពីមាត់ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ និយាយអ្វីឲ្យតែ បានប្រឆាំងជាមួយ រដ្ឋាភិបាលខ្លួនឯង ទោះជាជាតិត្រូវខាតបង់ អ្វីក៏មិនដែលខ្វល់ដែរ។

បើនិយាយពី នយោបាយការបរទេស រឹតតែយ៉ាប់គឺធ្វើយ៉ាងណា ចាក់ខ្សែ ដោះទ័លដើម្បីយករួចខ្លួន មួយគ្រាៗប៉ុណ្ណោះ។ ពេលជួបចិន និយាយគាំទ្រចិន និងបង្អាប់សហរដ្ឋអាមេរិក ពេលជួបអាមេរិក និយាយអែបអបអាមេរិក ហើយបង្អាប់វ៉ៃចិន។ ជាមួយពលរដ្ឋខ្មែរវិញ ខំតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ដោយយក អាមេរិកនិងអឺរ៉ុប ជាខ្នងបង្អែក ហើយនិយាយ បរិហាររិះគន់ចិន និងវៀតណាម។ តែដល់ពេល ទូរទស្សន៍ចិន សួរក៏អះអាងថា ខ្លួនជាសម្ព័ន្ធមិត្តចិន ជាងរដ្ឋាភិបាល លោក ហ៊ុន សែន ទៅទៀត។

អ្វីដែលធ្ងន់ធ្ងរទៅទៀតនោះ គឺសម រង្ស៊ី អះអាងថា ចង់ឲ្យមាន វត្តមានចិនច្រើន នៅកម្ពុជាដើម្បីទប់ជាមួយ ឥទ្ធិពលវៀតណាម។ តែនៅពេលរដ្ឋាភិបាលភ្នំពេញ បើកឲ្យមានការ ធ្វើវិនិយោគទុនចិន ចូលមកច្រើន សម រង្ស៊ី បែរជាស្រែកថា ហ៊ុន សែន លក់ទឹកដីឲ្យចិន។ ហើយអ្វីដែលគេរឹតតែ មិនយល់ទៀតនោះគឺ សម រង្ស៊ី ចោទរដ្ឋាភិបាលភ្នំពេញថា ជាអាយ៉ងយួនផង អាយ៉ងចិនផង ខណៈដែលចិន និងវៀតណាម ជាគូបដិបក្ខ យ៉ាងស្រួចស្រាល់? តើនេះមិនមែនជា នយោបាយ វិលក្បុង របស់សម រង្ស៊ី ទេឬ? សរុបទៅ សម រង្ស៊ី ជាអ្នក នយោបាយប្រឆាំង ដើម្បីតែប្រឆាំង ប្រឆាំងគ្មានទិសដៅ ប្រឆាំងលុះក្ស័យ ទីបំផុតជីវិតនយោបាយគាត់ក៏ក្ស័យមែន។

ជាការពិត អ្នកនយោបាយត្រូវ ចេះបត់បែន ប៉ុន្តែរបៀបដែលសម រង្ស៊ីធ្វើ មិនមែនជាការ បត់បែនតាមបែប អ្នកនយោបាយវ័យឆ្លាត ដើម្បីប្រយោជន៍ជាតិនោះឡើយ។ តែអ្វីដែលស្តែងចេញ ពីមាត់ សម រង្ស៊ី គឺជាការបង្ហាញ ពីបញ្ញាគាត់ខ្លី តែមាត់គាត់វែងជាងផ្លូវ។ បើនិយាយអ្វីច្រើនៗតែជាន់កែងខ្លួនឯង។

ជាក់ស្តែង រឿងចិន កម្ពុជា និង វៀតណាមគឺជាឧទាហរណ៍ស្រាប់ ដែលបញ្ជាក់ថា សម រង្ស៊ី ពិបាកស្រាយចំណោទ បែបសាមីការ។ ហេតុដូច្នេះហើយបានជា ពេលឡើង សម្ភាសន៍ប៉ុស្តិ៍ ទូរទស្សន៍បារាំងម្តងៗ សម រង្ស៊ី ឆ្លើយវិលក្បុង ដោយសារតែអ្នកកាសែត ចោទសួររឿងគាត់ និយាយជាន់កែងខ្លួនឯង។ នេះគឺជាមូលហេតុដែល សម រង្ស៊ី ខ្លាចប៉ុស្តិ៍ទូរទស្សន៍អន្តរជាតិណាស់ ពីព្រោះសំណួរ របស់ពួកគេធ្វើឲ្យ សម រង្ស៊ី បែកញើសថ្ងាស រាល់លើក។

នយោបាយវិលក្បុង ទាំងនយោបាយក្នុងស្រុក និងការបរទេសរបស់ សម រង្ស៊ី គឺជា ភស្តុតាងបញ្ជាក់ថា សម រង្ស៊ី គ្មានជំហរ គ្មានគោលនយោបាយ ច្បាស់លាស់ឡើយ ទាំងសម្រាប់បញ្ហាចំពោះមុខ ទាំងសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង។ អ្វីដែលច្បាស់លាស់បំផុត សម្រាប់ សម រង្ស៊ី គឺ បើបក្សកាន់អំណាចទៅស្តាំ សម រង្ស៊ី ទៅឆ្វេង បើគេទៅឆ្វេង គាត់ ទៅស្តាំ បើគេថាស គាត់ថាខ្មៅ… ត្រង់ថាលទ្ធផល ទៅជាយ៉ាងណា គឺមិនដឹងអ្វីទាំងអស់។ នេះបានចំជាអ្នកនយោបាយ វិលក្បុងមែន៕

Facebook Comments

To Top