កីឡា

លោក ស៊ុន ចាន់ថុលស្នើថៃជួយបណ្ដុះបណ្ដាល កីឡាករ កីឡាការិនី ហែលទឹកកម្ពុជា

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើភាគីថៃ តាមរយៈលោក Sarayut Boonjue អនុព័ន្ធយោធា នៃស្ថានទូត ព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ទទួលបណ្ដុះបណ្ដាល កីឡាករ កីឡាការិនី ហែលទឹកកម្ពុជា នៅប្រទេសថៃ ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការស្នើនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារនៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ រវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ជាមួយ Sarayut Boonjue អនុព័ន្ធយោធា នៃស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការ ចំពោះទស្សនកិច្ចសិក្សា និងការដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក របស់កីឡាករ កីឡាការិនីហែលទឹកនៃប្រទេសទាំងពីរ ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការ ក្នុងការបញ្ជូនកីឡាករ កីឡាការិនីហែលទឹក នៃប្រទេសទាំងពីរ ទៅទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៍ គ្នាទៅវិញទៅ មកសំដៅពង្រឹងសមត្ថភាព របស់ពួកគេឱ្យបានគ្រប់គ្រាន់ និងពេញលេញ។

ក្នុងឱកាសនោះផងដែរលោករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការលើកឡើង របស់លោក Sarayut Boonjue ដែលមានបំណងបង្កើត កិច្ចសហប្រតិបត្តិការ លើទស្សកិច្ចសិក្សារបស់កីឡាករ កីឡាការិនីហែលទឹក របស់ប្រទេសទាំងពីរ ដើម្បីឱ្យពួកគេបានដកស្រង់ បទពិសោធន៍ គ្នាទៅវិញទៅមក។

លោកស៊ុន ចាន់ថុល ក៏បានស្នើឱ្យភាគីថៃ ទទួលបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីហែលទឹកកម្ពុជា នៅប្រទេសថៃ និងបានស្នើសុំផ្ដល់គ្រូបង្វឹកថៃ មកបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីកម្ពុជា នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក Sarayut Boonjue បានបង្ហាញចំណាប់អារម្មណ៍ចំពោះការលើកឡើងនេះ ហើយលោកនឹងយកសំណើនេះ ទៅជម្រាបជូនថ្នាក់ដឹកនាំ ដើម្បីពិនិត្យសម្រេច ៕ដោយ៖ បាន ធារ៉ូ

Facebook Comments

To Top