នយោបាយ

ព្រឹទ្ធសភាចាត់ទុកការអនុម័តសេចក្ដីស្នើច្បាប់ ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ របស់សភាអាមេរិកជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងសេចក្តីសោកស្តាយយ៉ាងខ្លាំង ដោយ​នា​​ពេលថ្មីៗនេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកទើបបានអនុម័តសេចក្តីស្នើ ច្បាប់ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៩ បង្ហាញឱ្យឃើញជាក់ស្តែងនូវការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ។

សូមរំលឹកថា សេចក្តីស្នើច្បាប់ស្តីពី លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 មានការគាំទ្រ ដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក មានគោលបំណង ជំរុញឱ្យមានការបោះឆ្នោត ដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាព នយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ ច្បាប់នេះតម្រូវឲ្យដាក់ ទណ្ឌកម្ម សេដ្ឋកិច្ចនិងទិដ្ឋាការលើមន្ត្រីយោធានិងស៊ីវិល កម្ពុជាណដែលបានបំផ្លាញ លទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ។ នេះជាការអនុម័ត ច្បាប់ជំហ៊ាន ដំបូងដោយសភា ជាន់ទាប ហើយបន្ទាប់មកទៀត គឺតម្រូវឲ្យមានការពិនិត្យ និងអនុម័តដោយសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) មុននឹងបញ្ជូនទៅប្រធានាធិបតីចុះហត្ថលេខា និងប្រកាសសុពលភាពច្បាប់ ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៨កក្កដានេះបានឲ្យដឹងថា តាំងពីឆ្នាំ១៩៩៣មក ការបោះឆ្នោតទាំងឡាយនៅកម្ពុជា តែងប្រព្រឹត្តទៅដោយទៀងទាត់តាមពេលវេលាកំណត់ ដោយមានគណបក្សច្រើនចូលរួម ហើយស្ថិតក្រោមភ្នែករបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ ការបោះឆ្នោតទាំងនោះ សុទ្ធតែត្រូវបានទទួលស្គាល់ថា សេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលយកបានទាំងអស់គ្នា។ ព្រះរាជាណាចក្រកម្ពុជា អនុវត្តដោយខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។ ព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ព្រះរាជាណាចក្រកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិ-សុខសាធារណៈ ហើយប្រឆាំងដាច់ខាតការជ្រៀតជ្រែកពីបរទេស ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទោះបីក្រោមរូបភាពណាក៏ដោយ។

ព្រឹទ្ធសភា សូមវាយតម្លៃខ្ពស់ និងគាំទ្រការខិតខំជាអតិបរមារបស់រាជរដ្ឋាភិបាល កម្ពុជាដែលជានិច្ចកាលយកចិត្តទុកដាក់ជាអាទិភាពចំពោះការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យ ទទួលបានសមិទ្ធផលកាន់តែល្អប្រសើរថែមទៀត ដើម្បីលើកតម្កើងជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋព្រមទាំងអនុវត្តគោលនយោបាយការបរទេសយ៉ាង ឈ្លាសវៃដើម្បីរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសទាំងអស់នៅលើពិភពលោក។

ព្រឹទ្ធសភា សូមគាំទ្រការខិតខំរបស់ប្រជាជន និងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្អែកលើផលប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក៕

Facebook Comments

To Top