ជីវប្រវត្តិឥស្សរជន

ស្វែងយល់ដោយសង្ខេប ទំនាក់ទំនង រវាងកម្ពុជា-ចិន (នយោបាយការបរទេស មើលទៅភាគខាងជើង)

ភ្នំពេញ៖ ការិយាល័យនិពន្ធ នៃមជ្ឈមណ្ឌលព័ត៍មាន ដើមអម្ពិល មានកិត្តិយស បន្តលើកបង្ហាញនូវគោលនយោបាយការបរទេស ដ៏ប៉ិនប្រសព្វ របស់រដ្ឋបុរសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បង្ហាញពី គោលនយោបាយមើលទៅភាគខាងជើង (Look North Policy) និងដែលត្រូវបានចងក្រងដោយ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ បណ្ឌិតវិទ្យាសាស្រ្តនយោបាយ។

ប្រទេសចិនប្រជាមានិត

ជាមហាអំណាចតែមួយគត់ ក្នុងពេលបច្ចុប្បន្នដែលជួយនិងវិយោគ យ៉ាងច្រើននៅកម្ពុជា។ ពីព្រោះចិនយល់ឃើញថា ប្រទេសកម្ពុជាជាទឹកដីសំខាន់សម្រាប់ចិនក្នុងការឈរជើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះ កម្ពុជាមានទ្រព្យសម្បត្តិធនធាន យ៉ាងស្តុកស្តម្ភទាំងលើដីទាំងក្រោមដី ដែលមិនទាន់មានប្រទេសណាមួយ បានមកវិនិយោគនៅឡើយ។ ផលប្រយោជន៍ចិន នៅកម្ពុជាមានច្រើន ដូចនេះចិនត្រូវតែថែរក្សា
ការពារកម្ពុជាឱ្យមានស្ថិរភាពនយោបាយ មានសន្តិសុខ សន្តិភាព និងអភិវឌ្ឍដែរ ។ ខ្មែរ និងចិនតែងតែប្រកាសថាប្រទេសទាំងពីរជាដៃគូនយោបាយ យុទ្ធសាស្ត្រសេដ្ឋកិច្ច និងអភិឌ្ឍ។

 

ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន

ប្រទេសកម្ពុជា និងចិន ជាប្រទេសជិតខាងល្អ ដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាព តាំងពីយូរយារណាស់មកហើយ។ រហូតមកដល់ពេលនេះការផ្លាស់ប្តូរទំនាក់ទំនងទេ្វភាគីនេះ មានរយៈពេលជាង២០០០ឆ្នាំ ដោយបានបន្តនូវប្រវត្តិរឿងរ៉ាវ ជាគំរូល្អៗជាច្រើន ក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានកូនចៅជំនាន់ក្រោយ អនុវត្តបន្តពីមួយជំនាន់ ទៅមួយជំនាន់ទៀត ។ នៅខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និងលោក ចូវ អ៊ីនឡាយ នាយករដ្ឋមន្រ្តីចិន បានជួបគ្នា នៅក្នុងសន្និសីទអាស៊ីអាហ្រ្វីក នៅទីក្រុងបានឌុង ដែលប្រការនេះបានក្លាយទៅជាទីចាប់ផ្តើមថ្មី នៃទំនាក់ទំនងមេត្រីភាព រវាងប្រទេសចិននិងកម្ពុជា។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ប្រទេសកម្ពុជា និងចិន បានចាប់ផ្តើមមានទំនាក់ទំនងការទូត ជាផ្លូវការ។ ចាប់តាំងពីមានចំណងទាក់ទងការទូត រយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ របស់ប្រទេសកម្ពុជា និងចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ឥតឈប់ឈរ។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា លើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបាននូវសមិទ្ធិផល យ៉ាងច្រើនទៀតផង ។

(រូបភាព :Foreign Policy Journal)

ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាមិត្តភក្តិចាស់របស់ប្រជាជនចិន។ ថ្នាក់ដឹកនាំជំនាន់មុនៗរបស់ប្រទេសចិន សុទ្ធតែបានរឹតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅ ជាមួយនឹងព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដោយបានរួមវិភាគទានដែលមិនអាចបំភ្លេចបានក្នុងការបណ្តុះបណ្តាលបុព្វហេតុមិត្តភាព រវាងប្រទេសកម្ពុជា និងចិន។ ជាច្រើនទសវត្សរ៍កន្លងមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានប្រកាន់ខ្ជាប់នូវគោលនយោបាយរាប់អាន ជាមួយប្រទេសចិនព្រមទាំងបានស្នាក់នៅ ក្នុងប្រទេសចិនអស់រយៈពេល ជាយូរទៀតផង ។ គួរឲ្យសោកស្តាយបំផុត គឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានយាងចូលទិវង្គត នៅក្រុងប៉េកាំង ប្រទេសចិន។ នាពេលនោះថ្នាក់ដឹកនាំប្រទេសសចិន បានរៀបចំពិធីរំលែកទុក្ខ ចំពោះការយាងចូលទិវង្គតរបស់ព្រះអង្គដោយឡែកនៅក្រុងប៉េកាំង ព្រមទាំងរៀបចំចាត់បញ្ជូនយន្តហោះពិសេស ដើម្បីអមដំណើរព្រះមជ្ឈូសារបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាងត្រឡប់ទៅកាន់រាជធានីភ្នំពេញវិញ។ នៅខែកុម្ភៈ ឆ្នាំ២០១៣ លោក ចា ឈាងលីន ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ក៏បានអញ្ជើញទៅចូលរួមក្នុងព្រះរាជពិធីបូជាសព ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។

(រូបភាព៖ China Daily)

ប្រទេសកម្ពុជា ជាដៃគូសហប្រតិបត្តិការ ដ៏សំខាន់របស់ប្រទេសចិន។ ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ តែងតែមានទំនាក់ទំនងគ្នា ទៅវិញទៅមកជាញឹកញាប់។ នៅខែធ្នូ ឆ្នាំ២០១០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយប្រទេសទាំងពីរ បានបង្កើនទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ការប្រាស្រ័យទាក់ទងគ្នា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរ កាន់តែមានភាពជិតស្និទ្ធ ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក រួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និងអាស៊ាន ព្រមទាំងសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ ។

(រូបភាព៖ គណបក្សប្រជាជនកម្ពុជា)

រហូតមកដល់ពេលបច្ចប្បន្ន ប្រទេសទាំងពីរ កម្ពុជា និងចិន ទទួលបាននូវសមិទ្ធិផលជាផ្លែផ្កា យ៉ាងច្រើនសម្បូរបែប។ ប្រទេសចិនជាដៃគូ ពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគីមានដល់ទៅ៤.៣២០ លានដុល្លារអាមេរិក។ នៅឆមាសទី‌១ ឆ្នាំ ២០១៦ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានដល់ទៅ ២.៣៤០ លានដុល្លារអាមេរិក កើនឡើង ១០,២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅឆ្នាំទៅមិញ។ ប្រទេសទាំងពីរមានជំនឿចិត្តថា នឹងសម្រេចគោលដៅដែលមានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន ៥.០០០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។ គិតរហូតដល់ខែមិថុនា ឆ្នាំ២០១៦ ប្រាក់វិនិយោគទុនដោយផ្ទាល់របស់ប្រទេសចិននៅកម្ពុជាសរុបលើសពី ១២.០០០ លានដុល្លារអាមេរិក

ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ រវាងប្រទេសទាំងពីរ ត្រូវពង្រីកដោយឥតឈប់ឈរ ។ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរចិនដែលធ្វើទេសចរណ៍នៅកម្ពុជាមានដល់ទៅ ៤៤,៤៩ម៉ឺននាក់ ដែលកើនឡើង ១២,៤% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នា នៅឆ្នាំទៅមិញ។ ជារៀងរាល់ថ្ងៃមានជើងយន្តហោះចំនួន៣៥ ធ្វើការហោះហើរទៅមករវាងប្រទេសចិន និងកម្ពុជា ហើយក្នុងនោះមានទីក្រុងរបស់ប្រទេសចិនជាង១០ ដែលមានជើងហោះហើរមកកាន់កម្ពុជាដោយផ្ទាល់។ ជាមួយគ្នានេះដែរ ទ្រង់ទ្រាយនៃការចាត់បញ្ជូនផ្លាស់ប្តូរនិស្សិតឲ្យបន្តការសិក្សា និងការបណ្តុះបណ្តាលធនធានមនុស្ស រវាងប្រទេសទាំងពីរត្រូវបានពង្រីក ដោយឥតឈប់ឈរ។ ស្របពេលជាមួយគ្នានេះ វិទ្យុអន្តរជាតិចិន បានបង្កើតវិទ្យុមិត្តភាពកម្ពុជា-ចិនដែលជាវិទ្យុFM ប្រចាំនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបជាបន្តបន្ទាប់ ដែលបានបង្កើតជាស្ពានសម្រាប់ការយោគយល់គ្នា រវាងប្រជាជននៃប្រទេសទាំងពីរ។ កន្លងមក កម្មវិធីផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន បានទទួលការស្វាគមន៍ និងស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង ពីប្រិយមិត្តអ្នកស្តាប់ខ្មែរ ។

មិនថាស្ថិតនៅក្នុងកាលៈទេសៈណា ភាគីចិនតែងតែផ្តោតការយកចិត្តទុកដាក់ ទៅលើទំនាក់ទំនង ជាមួយប្រទេសកម្ពុជា ដោយផ្តល់ការជ្រោមជ្រែងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការដើរតាមមាគ៌ាអភិវឌ្ឍន៍ ដោយសមស្របនឹងស្ថានភាពរបស់ប្រទេសខ្លួន។ ជាពិសេសផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ ធ្វើឲ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសកម្ពុជា និងចិនឲ្យកាន់តែមានភាពស៊ីជម្រៅ ដោយមិនងាករេ។ ព្រមជាមួយគ្នានេះ សហគ្រាសចិនបានជួយកសាងស្ពាន និងផ្លូវថ្នល់នៅប្រទេសកម្ពូជា ដោយបានរួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសកម្ពុជាផងដែរ។ ដោយសារកសិកម្មកម្ពុជា នៅមានភាពទន់ខ្សោយបន្តិច ប្រទេសចិនបានផ្តល់ការជួយឧប្ថតម្ភគ្រប់បែបយ៉ាង លើវិស័យកសិកម្មដល់កម្ពុជា ដែលក្នុងនោះរួមមានទាំងបច្ចេកទេសដាំដំណាំ ប្រព័ន្ធធារាសាស្រ្ត និងការនាំចេញអង្ករជាដើម ដោយបានផ្តល់នូវការជួយជ្រោមជ្រែង យ៉ាងជាក់ស្តែង ដល់កសិករកម្ពុជា ។

(រូបភាព គណបក្សប្រជាជនកម្ពុជា)

ដោយឡែកភាគីកម្ពុជា ក៏បានផ្តោតសំខាន់ ដល់ការអភិវឌ្ឍទំនាក់ទំនង ជាមួយប្រទេសចិនផងដែរ ដោយបានផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ភាគីចិនក្នុងបញ្ហាធំៗនិងសំខាន់ៗ ដែលប្រទេសចិនយកចិត្តទុកដាក់បំផុតដូចជា បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតៃវ៉ាន់ជាដើម។ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលរួម ក្នុងមហាសន្និបាតរំលឹកខួបទី៧០ឆ្នាំនៃការទទួលជ័យជម្នះ ក្នុងសង្រ្គាមប្រឆាំងនឹងជប៉ុនរបស់ប្រជាជនចិន និងសង្រ្គាមប្រឆាំងនឹងហ្វាស៊ីសពិភពលោក។ ប្រទេសកម្ពុជា បានគាំទ្រនូវគំនិតផ្តួចផ្តើម អំពីយុទ្ធសាស្រ្ត ”ខ្សែក្រវាត់មួយ និងផ្លូវមួយ” និងចូលរួមយ៉ាងសកម្ម ជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលលើកឡើងដោយប្រទេសចិន។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអញ្ជើញចូលរួម ក្នុងពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានជារៀងរាល់ឆ្នាំ និងវេទិកាអាស៊ីប៉ូអាវ ផងដែរ។ កាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោបានអញ្ជើញចូលរួម ក្នុងសន្និសីទថ្នាក់ដឹកនាំលើកដំបូងស្តីពី យន្តការនៃកិច្ចសហប្រតិបត្តិការទន្លេ ឡានឆាង និង ទន្លេមេគង្គនៅប្រទេសចិន។ ម្យ៉ាងទៀត ភាគីកម្ពុជាក៏បានរួមសហការជាមួយភាគីចិន ក្នុងការបង្រ្កាបលើករណីបោកបញ្ឆោត តាមបណ្តាញអ៊ីនធើណេត និងទូរគមនាគមន៍ និងផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ ដល់ប្រទេសចិន ក្នុងការរួមសហការតាមដានចាប់ខ្លួន មន្រ្តីស៊ីសំណូក ដែលរត់គេចខ្លួន នៅឯនាយសមុទ្រទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសចិនកើតនូវគ្រោះមហន្តរាយធម្មជាតិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ បានបរិច្ចាគប្រាក់ជាច្រើនលើកដល់តំបន់រងគ្រោះរបស់ប្រទេសចិន។ នៅខែកក្កដា ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ បានបរិច្ចាគប្រាក់ដល់តំបន់រងគ្រោះដោយសារទឹកជំនន់ នៅប្រទេសចិនផងដែរ។ ជាមួយគ្នានេះគ្រប់មជ្ឈដ្ឋាន ក្នុងសង្គមកម្ពុជាបានយកចិត្តទុកដាក់ ដល់តំបន់រងគ្រោះដោយធម្មជាតិរបស់ប្រទេសចិន និងបានផ្តល់ការជួយជ្រោមជ្រែង បានទាន់ពេលវេលាទៀតផង។ ព្រមជាមួយគ្នានេះដែរ ភាគីកម្ពុជា ក៏បានដើរតួនាទីជាវិជ្ជមាន ក្នុងការគាំពារ និងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិន-អាស៊ាន ទៀតផង។

កាលពីខែធ្នូ ឆ្នាំ២០០៩ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនដែលកាលនេះ លោកជាអនុប្រធានរដ្ឋចិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនភីង លើកនេះ គឺជាទស្សនកិច្ចលើកដំបូងដែលថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសចិននិងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយពីចាប់ផ្តើមបង្កើតក្រុមថ្នាក់ដឹកនាំអាណត្តិថ្មីរបស់ប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០១២។ ដំណើរទស្សនកិច្ចលើកនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពង្រឹង និងពង្រីកមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា និងចិន ហើយក៏នឹងអាចជំរុញធ្វើឲ្យកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅថែមទៀតផង។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះដែរ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន នឹងចូលថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសួរសុខទុក្ខសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរៈរាជមាតាជាតិខ្មែរ ព្រមទាំងជួបធ្វើកិច្ចសន្ទនាជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងន័យជំរុញឲ្យយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងចិន តភ្ជាប់គ្នាយ៉ាងរឹងមាំ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែង លើគ្រប់វិស័យកាន់តែមានភាពស៊ីជម្រៅ ហើយទទួលបាននូវសមិទ្ធិផលថ្មីៗ ថែមទៀត ៕

(ប្រភព៖ គណបក្សប្រជាជនកម្ពុជា)

 

ខួបឆ្នាំទី៦០ នៃទំនាក់ទំនងកម្ពុជា-ចិន

សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជប់លៀងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ចិន
ឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

-សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា

-ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ជាទីរាប់អាន!

ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយដោយបានចូលរួម «ពិធីជប់លៀងអបអរសាទរខួបអនុស្សា​វរីយ៍​លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន» ដែលរៀបចំដោយស្ថានទូតចិន​ នៅរាជ​ធានីភ្នំពេញនាល្ងាចនេះ។ ក្នុងឱកាសដ៏មហោឡារិកនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុង នាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តចិន ដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រ ទាំងផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ការគាំទ្រនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ខ្ញុំសូមរំលឹកបន្តិចថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ កក្កដា ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី ១ រវាង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរម​រតន​កោដ្ឋ និងឯកឧត្តម ជូ អេន ឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទ ទីក្រុងបានឌុង នៅខែ មេសា ១៩៥៥ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី និងការបំពេញ​ទស្សនកិច្ច​ទៅវិញទៅ​មក​រវាង​ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ ១៩៥៦។ ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រនេះ បានកសាងឡើងរួមគ្នាដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧ​ត្តមប្រធាន ម៉ៅ សេទុង ឯកឧត្តមនាយករដ្ឋមន្ត្រី ជូ អេនឡាយ ព្រមទាំងថ្នាក់ដឹកនាំចិនជំនាន់មុនៗ ដែល​ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយទៅជា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០។

ក្នុងរយៈពេល ៦០ ឆ្នាំ កន្លងទៅនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងតែខិតខំប្រឹងប្រែង​រក្សា​ចំណង​មិត្តភាព និងពុះពារឧបសគ្គជាច្រើន ដើម្បីដឹកនាំប្រទេស និងប្រជាជនឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។ ទន្ទឹមនេះ ការរីកចម្រើនរបស់ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាព ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និងកំពុងចូលរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោកទៀតផង។ ជាក់ស្តែង ក្នុងក្របខណ្ឌតំបន់ ប្រទេសចិន​បាន​ដាក់ចេញនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» បង្កើត «មូលនិធិផ្លូវសូត្រ» និង «ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធឤស៊ី» ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍបែប «ឈ្នះឈ្នះ» រវាងប្រទេសក្នុង​រង្វង់​តំបន់ខ្សែក្រវាត់ និងផ្លូវសូត្រ តាមរយៈកិច្ចសហប្រតិបត្តិការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និង​ប្រជា​ជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត ដែលកម្ពុជាសូមគាំទ្រគំនិតផ្តួចផ្តើមដ៏​មាន​សារៈសំខាន់នេះ។

ខ្ញុំជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ នឹងរួមចំណែក​កសាងសហគមន៍ ដែលមានជោគវាសនាល្អប្រសើររួមគ្នា សម្រាប់មនុស្សជាតិទាំងមូល ដូចដែល ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង ធ្លាប់បានលើកឡើងកាលពីថ្មីៗនេះ។

–សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ការអញ្ជើញ្ញមកបំពេញទស្សនកិច្ចផ្លូវការ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង​លើកទី ២ របស់ ឯកឧត្តម លី កឺឈាង នាយករដ្ឋមន្ត្រីចិននៅរាជធានីភ្នំពេញ នាថ្ងៃទី ១០-១១ ខែមករា កន្លងទៅ គឺជាការបើកឆាកនៃ ការប្រារព្ធខួប ៦០ ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន។ ចាប់ពីដើមឆ្នាំ ២០១៨ កម្ពុជាបានរៀបចំការសម្តែងសិល្បៈចម្រុះកម្ពុជា-ចិន ស្របពេលជាមួយពិធីបុណ្យចូលឆ្នាំចិន ការ​រៀបចំពិព័រណ៍រូបថត វេទិកាធុរកិច្ចកម្ពុជា-ចិនឆ្នាំ ២០១៨ និងវេទិកាកំពូលទេសចរណ៍កម្ពុជា-ចិនលើកទី ១ និងបន្តមានសកម្មភាពផ្សេងៗទៀត រហូតដល់ចុងឆ្នាំ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត រួមទាំងការ​ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និងយុវជន ការរៀបចំសិក្ខាសាលាស្តីពីការជំរុញ​វិស័យ​ទេស​ចរណ៍ ពាណិជ្ជកម្ម និងវិនិយោគជាដើម។

ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ចម្បង​របស់​កម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៧ មាន ចំនួន ៥.៥៧៧ លានដុល្លារឤមេរិក កើនឡើងជាង ២១,៧% បើធៀបនឹងឆ្នាំ ២០១៦។ ក្នុងឆ្នាំ ២០១៧ ទំហំវិនិយោគចិនសរុបនៅកម្ពុជាឈរលំដាប់លេខ ១ ធៀបនឹងទំហំវិនិយោគទុនពីប្រទេសដទៃទៀត ដែលមានទំហំសរុបប្រមាណ ១.៦៤៤ លានដុល្លារឤមេរិក ។ លើសពីនេះ ប្រទេសយើងទាំងពីរក៏បានឯកភាពគ្នា ជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងដល់ ៦.០០០ លាន​ដុល្លារឤមេរិក នៅឆ្នាំ ២០២០។

ចំពោះវិស័យទេសចរណ៍មានក្រុមហ៊ុនឤកាសចរណ៍ចំនួន ១៥ កំពុងធ្វើប្រតិបត្តិការហោះហើរ​ទៀង​ទាត់ រវាង កម្ពុជា និងចិន។. នៅឆ្នាំ ២០១៧ ទេសចរចិនមានប្រមាណ ១,២ លាននាក់ ។ គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៨ នេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិសរុប ១,៧ លាននាក់ ដែលក្នុងនោះទេសចរ ចិនមានចំនួនជាង ៥០ ម៉ឺននាក់

កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលចិនក្នុងការគោរពឯករាជ្យ អធិបតេយ្យ និងការចាត់វិធាន​ការ​នា​នា​របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការការពារសន្តិសុខ និងស្ថិរភាពសង្គម។ កម្ពុជាសូមអបអរ​សាទរ​ចំពោះលទ្ធផលជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការ និងផ្លែផ្កា ដែលទទួលបាននាពេលកន្លងមក និងប្តេជ្ញា បន្តលើកកម្ពស់វិសាលភាព នៃកិច្ចទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​កម្ពុជា-ចិន ឱ្យឈានដល់កម្រិតកាន់តែខ្ពស់ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រជាជនយើងទាំងពីរ។

ក្នុងឱកាសដ៏រីករាយនេះ ខ្ញុំសូមយាង និងអញ្ជើញសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លើកកែវឡើង ដើម្បីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងរឹងមាំ ស្ថិតស្ថេរ ជាអមតៈ​រវាងប្រទេស និងប្រជាជនយើងទាំងពីរ «កម្ពុជា-ចិន»។

មុននឹងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតចិន ព្រមទាំងសហការី ដែលបានខិតខំលើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។

ជាទីបញ្ចប់ ជាមួយនឹងការអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការ​ទូតរវាងកម្ពុជា-ចិន ខ្ញុំសូមជូនពរសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោក​ស្រី នាងកញ្ញា សូមមានសុខភាពល្អ បរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕

(សម្តេចតេជោ ហ៊ុន សែន , http://km.cnv.org.kh)

អត្ថបទបន្ថែម៖

ស្វែងយល់ដោយសង្ខេប ទំនាក់ទំនងកម្ពុជា-ជប៉ុន (នយោបាយមើលទៅភាគខាងជើង)

តេជោសែន កសាងកម្ពុជា ឱ្យក្លាយជាប្រទេសស្វីស ក្នុងអាស៊ី

Facebook Comments

To Top