នយោបាយ

កម្ពុជា-វៀតណាម នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅខែសីហាខាងមុខនេះ

ភ្នំពេញ៖ ប្រទេសកម្ពុជា-វៀតណាម នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង
បច្ចេកវិទ្យា ដឹកនាំដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងរដ្ឋមន្ត្រីការបរទេសវៀតណាម ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា
ក្នុងខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ។

គូសបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងការបរទេសខ្មែរ បានរៀបចំ «កិច្ចពិគ្រោះយោបល់ នយោបាយកម្ពុជា-វៀតណាម» លើកទី៦ ដឹកនាំដោយលោកស្រី អ៊ាត សោភា
រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ និងលោក Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ។

កិច្ចពិគ្រោះយោបល់នយោបាយនេះ រៀបចំឡើងផ្អែកលើ “អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងការបរទេសខ្មែរ និងក្រសួងការបរទេសវៀតណាម” ដែលបានចុះហត្ថលេខា នៅឆ្នាំ២០០១ ក្នុងគោលបំណងពិនិត្យឡើងវិញ វាយតម្លៃ និងជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីគ្រប់វិស័យ។

កម្ពុជា-វៀតណាម មានទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏យូរអង្វែង និងជាប្រវត្តិសាស្ត្រដែលបច្ចុប្បន្ន កំពុងត្រូវបានបន្តពូនជ្រុំ ដោយឈរលើមូលដ្ឋានបាវចនា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី
កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង”។ ជាមួយនឹងការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចនៅគ្រប់កំរិត និងការជំរុញទំនាក់ទំនង សេដ្ឋកិច្ចយ៉ាងសកម្ម កិច្ចពិគ្រោះយោបល់នយោបាយកម្ពុជា
វៀតណាម លើកទី៦ នាពេលនេះ នឹងលើកកម្ពស់ថែមទៀតទំនាក់ទំនងមិត្តភាព ស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

កិច្ចប្រជុំពិគ្រោះយោបល់នេះ ក៏នឹងពិភាក្សាផងដែរអំពី ការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំគណៈកម្មការ ចម្រុះកម្ពុជា-វៀតណាម លើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង
បច្ចេកវិទ្យា ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែសីហា ឆ្នាំ២០១៩ ខាងមុខ។

របៀបវារៈកិច្ចប្រជុំខាងលើ រួមមានការពិភាក្សា និងវាយតម្លៃរួមគ្នាលើ កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង វិស័យសំខាន់ៗ ដូចជា នយោបាយ សន្តិសុខ ការពារជាតិ ពាណិជ្ជកម្មនិងវិនិយោគ ការអប់រំនិង
អភិវឌ្ឍធនធានមនុស្ស ទេសចរណ៍ វប្បធម៌ ការងារ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធ ស្ថាប័ន និងវិស័យសុខាភិបាល និងដាក់ចេញនូវវិធានការចាំបាច់នានា សំដៅពង្រឹងនិងពង្រីកទំនាក់
ទំនងទ្វេភាគី ឲ្យឈានឆ្ពោះឡើងកម្រិតថ្មីមួយទៀត។ ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់រួម ៕

ដោយ៖ ខា ដា

Facebook Comments

To Top