តារា

G-Devith ចេញអាល់ប៊ុម ចម្រៀងទី១ឈ្មោះថា «Reborn»​ ជាមួយកម្មវិធីតន្រ្តី Pleng by Smart

ភ្នំពេញ៖​ លោក ងួន ចាន់ ដេវីត ឬគេស្គាល់ដោយខ្លីថា G-Devith ដែល​ជា​អ្នកនិពន្ធបទចំរៀង​ដោយ​ខ្លួន​ឯង តារាចម្រៀងរ៉េប និងជាតារាល្បីខាងម៉ូតសម្លៀកបំពាក់ បានប្រកាសចេញអាល់ប៊ុម បទ​ចម្រៀងទី១របស់ខ្លួនឈ្មោះថា«Reborn»។​ អាល់ប៊ុមចម្រៀងនេះគឺជាការឆ្លុះបញ្ចាំងពីអាជីពក្នុង​វិស័យ​តន្ត្រីរបស់​ G-Devith។ បទចម្រៀងថ្មីចំនួន៩​ បទនេះ ត្រូវបានគេរំពឹងថា នឹងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្ររបស់តា​រា​ចម្រៀង​​​រូប​នេះ និងអ្នកចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​ផ្សេងៗទៀតនៅប្រទេសកម្ពុជា។

លោក G-Devith បាននិយាយថា៖ «ការចេញអាល់ប៊ុមចម្រៀងទី១នេះគឺជាស្នាដៃ ដ៏សំខាន់មួយសម្រាប់ខ្ញុំ។ ស្នាដៃនេះឆ្លុះបញ្ចាំងពីដំណើរជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ រហូតមកដល់ពេលនេះ ហើយខ្ញុំពិតជារំភើបរីករាយក្នុងការចែក រំលែកបទពិសោធន៍តន្ត្រីថ្មីទាំងអស់នេះជាមួយអ្នកគាំទ្រ របស់ខ្ញុំតាមរយៈកម្មវិធី Pleng by Smart»។

អាល់ប៊ុមចម្រៀងនេះត្រូវបាននិពន្ធឡើង និងបានចាប់ផ្ដើមថតកាល​ពី​ដើមឆ្នាំ ២០១៩ បន្ទាប់ពីលោក G-Devith បានចុះហត្ថលេខាលើកិច្ចសន្យា មាតិកាចម្រៀងផ្ដាច់មុខជាមួយ​​នឹង​ ក្រុមហ៊ុន Smart Axiata នៅកាល​ពី​ខែវិច្ឆិកាឆ្នាំ២០១៨ ។

លោក G-Devith បានបន្ថែមទៀតថា៖ «ខ្ញុំចង់និពន្ធអាល់ប៊ុមចម្រៀង​មួយ ដែលទាក់ទងទៅនឹងទស្សនិកជននៅ ទូទាំងប្រទេស ហើយធ្វើឲ្យអ្នកគាំទ្រ ពលរដ្ឋកម្ពុជារបស់ខ្ញុំអាចរីករាយកម្សាន្ដនៅគ្រប់ទីកន្លែង។ អាល់ប៊ុមចម្រៀង «Reborn» នេះ អាចស្វែងរកបាននៅលើកម្មវិធី Pleng by Smart ចាប់ពីថ្ងៃនេះទៅ»។

អ្នកគាំទ្រក៏អាច​ក្លាយ​ជា​មនុស្ស​ ដំបូង​គេ​ក្នុង​ការ​ទស្សនា និងស្ដាប់បទចំរៀងរបស់លោក G-Devith ក្នុងអាល់ប៊ុមចម្រៀងនេះ នៅក្នុងការប្រគុំតន្ត្រីផ្សាយ ផ្ទាល់ផ្តាច់មុខនៅផ្សារទំនើប អ៊ី​អន សែនសុខ នៅថ្ងៃទី ២៥ ខែសីហា ដែលត្រូវបានរៀបចំឡើងដោយកម្មវិធី Pleng by Smart។ បទចម្រៀងមួយ​បទ​ដែល​គេ​ទន្ទឹង​រង់​ចាំ​បំផុត​ក្នុងអាល់ប៊ុមចម្រៀងនេះ ហើយក៍ជាបទចម្រៀងដែលលោក G-Devith​ ចូលចិត្តផងដែរ​​ មានចំណងជើងថា «Fear GOD» ហើយ​និង​ត្រូវច្រៀង និង​សម្តែង​ដោយ​មាន​ការ​ផ្សាយបន្តផ្ទាល់នៅក្នុង​ការប្រគុំតន្រ្តី​ ដែលស្ទីលភ្លេងថ្មីនេះនឹងធ្វើឲ្យអ្នកគាំទ្រមាន​ការ​រំភើប។​

លោក ថូមា៉ស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា ៖ «ចាប់តាំងពីឆ្នាំ ២០១៥ មក​ យើងបានធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការគាំទ្រវិស័យ​​តន្ត្រីដ៏សម្បូរបែប ដែលប្រជាពលរដ្ឋកម្ពុជាមានមោទនភាពចំពោះ និងផ្តល់ជូនដល់អតិថិជន នូវភាពសប្បាយរីករាយក្នុងជីវិត​រស់នៅ។ ការចេញអាល់ប៊ុម ចម្រៀងរបស់លោក G-Devith គឺជាការសម្រេចបាននូវ​សមិទ្ធ​ផល ​ដ៏អស្ចារ្យមួយទៀតសម្រាប់យើងក្នុងការលើកកម្ពស់ សិល្បករក្នុងប្រទេសកម្ពុជា ហើយខ្ញុំសង្ឃឹមថា នេះនឹងលើកទឹកចិត្តឲ្យ ​សិល្បៈ​ករ​វ័យក្មេងកម្ពុជា ព្យា​យាម​បង្កើត​បទចម្រៀងពិសេសៗ បន្ថែមទៀតលើកម្មវិធីតន្ត្រីឌីជីថល Pleng របស់យើង»។

សំបុត្រចូល​រួម​ទស្ស​នា​ការ​ប្រគុំតន្ត្រី​ផ្តាច់​មុខ​សរុបចំនួន ៣០០០ សន្លឹក អាចរកបាន ដោយឥតគិតថ្លៃនៅទីតាំង ​ផ្សេង​ៗ ​ដែលមានឈ្មោះ​ក្នុង​តា​​រាង​ខាងក្រោមនេះ ចាប់ពីថ្ងៃទី ១៩ ខែកក្កដា។ អតិថិជនប្រើប្រាស់កម្មវិធី Pleng by Smart Pro អាចទទួលបានសំបុត្រចំនួន១សន្លឹក និង អាវយឹត១ដោយឥតគិតថ្លៃ។​ សំបុត្រចំនួន ១០០០ សន្លឹកនឹងប្រគល់ជូនតាម រយៈបណ្តាញផ្សព្វផ្សាយសង្គមរបស់លោក G-Devith ក្រុមហ៊ុន​ Smart Axiata ឬកម្មវិធី Pleng និងតារាផ្សេងៗទៀតផង​ ដែរ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top