ព័ត៌មានជាតិ

ក្នុងពេលចុះរឹតបន្ដឹង ច្បាប់ចរាចរណ៍ មានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន យក GMAC មកវាយប្រហារមន្រ្តី អនុវត្តច្បាប់ថាធ្វើឲ្យ មានការយឺតយ៉ាវ ក្នុងការដឹកទំនិញ

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា មានក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានយកដៃ សមាគមរាងចក្រកាត់ដេរ នៅកម្ពុជា (GMAC) មកវាយបកក្រសួង ក្នុងការរឹតបន្ដឹងច្បាប់ចរាចរណ៍ ដើម្បីឲ្យក្រសួងបន្ធូរបន្ថយ ច្បាប់ចរាចរណ៍ ខណៈក្រសួងមិនធ្វើតាមឡើយ។

រដ្ឋមន្ដ្រីសាធារណការ លើកឡើងបែបនេះក្រោយពី ក្រុមហ៊ុនដឹកជញ្ជូនចំនួនមានការ ត្អូញត្អែរយ៉ាងខ្លាំង ចំពោះក្រសួងសាធារណការ បានរឹតបន្ដឹងច្បាប់ចរាចរណ៍ ធ្វើឲ្យការជញ្ជូន មានការយឺតយ៉ាវ ជាពិសេស រថយន្ដមិនមានលក្ខណៈត្រឹមត្រូវ ហើយអ្នកបើកបរគ្មានបណ្ណបើកបរផងដែរ។

ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល រៀបរាប់ថា ពេលក្រុមការងារ ចុះរឹតបន្ដឹងច្បាប់ចរាចរណ៍ នៅកំពង់ផែភ្នំពេញ-ព្រះសីហនុ នាពេលថ្មីៗនេះ មានក្រុមហ៊ុនមួយចំនួន មានរថយន្ដខុសលក្ខណៈបច្ចេកទេស ជាពិសេស គ្មានបណ្ណបើកបរ។

លោកមានប្រសាសន៍ថា “ម្យ៉ាងវិញទៀតដែលមានការកកស្ទះនេះ ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ក៏បានយកដៃរបស់ GMAC មកវាយក្រុមការងារ ថា យើងធ្វើរឹតបន្ដឹងខ្លាំងពេក ធ្វើឲ្យមានការកកស្ទះចរាចរណ៍ ធ្វើឲ្យមានការយឺតយ៉ាវក្នុងការដឹកទំនិញ ទៅលក់នៅបរទេស”។

លោកបន្ដថា នាពេលថ្មីៗនេះក្រសួងក៏បានកោះប្រជុំជាមួយ GMAC ដើម្បីពិភាក្សាគ្នាអំពីបញ្ហារឹតបន្ដឹងច្បាប់ចរាចរណ៍ GMAC គាំទ្រ និងអបអសាទ ។ លោកថា GMAC មានការបារម្ភ ចំពោះក្រុមហ៊ុនដឹកជញ្ជូន លែងដឹកទំនិញឲ្យ GMAC ។ លោក ស៊ុន ចាន់ថុល ក៏បានផ្ដល់យោបល់ទៅ GMAC ថា តើគួរពិនិត្យ និងពិចារណាក្នុងការទិញរថយន្ដផ្ទាល់ខ្លួន នូវរថយន្ដថ្មីៗ ជាពិសេសក្រសួងសហការជាមួយ GMAC រហូត ដើម្បីបណ្ដុះបណ្ដាល អ្នកបើកបររថយន្ដធុនធ្ងន់ ឲ្យបានត្រឹមត្រូវ។

លោក ស៊ុន ចាន់ថុល បន្ថែមថា “ខ្ញុំបានអញ្ជើញ សមាគមដឹកជញ្ជូន អត់មានអ្វីក្រៅពីគាត់សំណូមពរ ឲ្យយើងបន្ធូរបន្ថយ ៦ខែទៀត សូមកុំចាប់គាត់។គាត់សំណូមពរ យើងកុំរឹតបន្ដឹងច្បាប់។ ខ្ញុំបាទជម្រាបទៅវិញថា ច្បាប់ចេញដោយរដ្ឋសភា យើងខ្ញុំនៅគណៈកម្មាធិការសុវត្ថិភាពផ្លូវគោគ គ្មានសិទ្ធអំណាច បន្ធូរបន្ថយឲ្យក្រុមហ៊ុនដឹកជញ្ជូននោះទេ”។

សូមបញ្ជាក់ថា ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅកំពង់ផែស្វយ័តភ្នំពេញ និងព្រះសីហនុ ចាប់ពីថ្ងៃទី ១៥-៣០ មិថុនា បានត្រួតពិនិត្យយាយយន្ដចំនួន ១.៩៥៤គ្រឿង ក្នុងនោះ រថយន្តល្មើសច្បាប់២២៤គ្រឿង និងពិន័យចំនួន ៦៤.០៥០.០០០រៀល៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top