នយោបាយ

រដ្ឋសភាកម្ពុជា អំពាវនាវ សភាអាមេរិក ពិចារណាឡើងវិញ ឲ្យម៉ត់ចត់ ចំពោះការអនុម័តច្បាប់ ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជា

ភ្នំពេញ៖ ក្រោយសភាតំណាងរាស្ត្រ សហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ប្រជាធិបតេយ្យ នៅកម្ពុជាឆ្នាំ២០១៩ រដ្ឋសភាកម្ពុជា បានអំពាវនាវឲ្យសភា សហរដ្ឋអាមេរិក ពិចារណាឡើងវិញ ឲ្យបានម៉ត់ចត់ ចំពោះការប្រកាន់ជំហរលំអៀង ដែលមានភាពអយុត្តិធម៌ ចំពោះកម្ពុជា ក្នុងពេលកម្ពុជា កំពុងតែប្តេជ្ញាចិត្ត អនុវត្តលទ្ធិប្រជាធិបតេយ្យ ។

យោងតាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យរដ្ឋសភា នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា រដ្ឋសភាមានការសោកស្តាយយ៉ាងខ្លាំង ពេលបានទទួលព័ត៌មាន ការអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី “ប្រជាធិបតេយ្យ នៅកម្ពុជាឆ្នាំ២០១៩” ។

អ្នកនាំពាក្យរដ្ឋសភាចាត់ទុកថា ការអនុម័តសេចក្តីព្រាងច្បាប់ខាងលើនេះ គឺដើរផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង ដែលប្រទេសទាំងពីរ កំពុងប្រកាន់យកក្នុងការលើកកម្ពស់ភាព ជាដៃគូគ្រប់វិស័យដោយផ្អែកលើផល ប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក ។ ថ្វីត្បិតតែមានសម្ពាធដ៏អយុត្តិធម៌ និងការដាក់ទណ្ឌកម្មជាឯកតោភាគីពីសំណាក់សហរដ្ឋអាមេរិកក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកអភិក្រមវិជ្ជមាន ប្រកបដោយភាពស្មោះត្រង់ ក្នុងបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយ អាមេរិកលើគ្រប់វិស័យដដែល។

អ្នកនាំពាក្យរដ្ឋសភាបញ្ជាក់ថា “សូមគាំទ្រទាំងស្រុង នូវសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ ហើយសូមអំពាវនាវឲ្យសភា សហរដ្ឋអាមេរិក ពិចារណាឡើងវិញឲ្យបានម៉ត់ចត់ ចំពោះការប្រកាន់ជំហរលំអៀង ដែលមានភាពអយុត្តិធម៌ ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលកម្ពុជាកំពុងតែប្តេជ្ញា ចិត្តអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន” ។

ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៦ កក្កដា ក៏បានសម្ដែងនូវការសោកស្ដាយ និងចាត់ទុកច្បាប់នេះ ជាទង្វើប្រឆាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់កម្ពុជា ។ លោកក៏បានអំពាវនាវ ទាំងស្ថាប័ននីតិបញ្ញត្តិ និងរដ្ឋាភិបាល សហរដ្ឋអាមេរិក ឲ្យធ្វើការពិចារណាឡើងវិញនូវជំហររបស់ខ្លួន សម្រាប់ប្រទេសកម្ពុជា ដើម្បីជា ផលប្រយោជន៍នៃ ការថែរក្សាទំនាក់ទំនងល្អនិងគ្នា ក៏ដូចជាផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោករំពឹងទុកថា ព្រឹទ្ធសភាអាមេរិក ក៏ដូចជាប្រធានាធិបតី សហរដ្ឋអាមេរិក ដែលជាអំណាចនីតិប្រតិបត្តិច្បាស់ជាយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដែលប្រជាជាតិទាំងពីរ បាននឹងកំពុងតែខិតខំប្រឹងប្រែង ដើម្បីបន្តរក្សាផលប្រយោជន៍ រួមគ្នាជាដាច់ខាត ។

ករណីនេះដែរ ក្រសួងការបរទេសខ្មែរ ក៏បានចេញសេចក្តីថ្លែងការណ៍ បដិសេធយ៉ាងដាច់អហង្កា នូវការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន ប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជា របស់សភាអាមេរិក។

សេចក្តីថ្លែងការបន្តថា អាមេរិកមានភាពលំអៀង ទៅភាគីម្ខាង ហើយព័ត៌មានលើកមកដោយអាមេរិកគឺចាស់ហួសសម័យ ដែលបានលើកមកវាយប្រហារ រាជរដ្ឋាភិបាលកម្ពុជា។

សូមរំលឹកថា កាលពីថ្ងៃទី១៦ កក្កដា សភាជាន់ទាបសហរដ្ឋអាមេរិក បានអនុម័តជាឯកច្ឆ័ន្ទនូវច្បាប់ ស្តីពី លទ្ធិប្រជាធិបតេយ្យកម្ពុជា ដើម្បីដាក់ទណ្ឌកម្មមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាដែលគេសន្មត់ថា មានការជាប់ពាក់ព័ន្ធទៅនឹងការធ្លាក់ចុះ ឬដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ។

សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា (Cambodia Democracy Act) ឬ H.R. 526 មានការគាំទ្រដោយគណបក្សធំៗទាំងពីរ នៅសហរដ្ឋអាមេរិក ហើយមានគោលបំណងជំរុញឲ្យមាន ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា ។ ច្បាប់នេះតម្រូវឲ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទិដ្ឋាការលើមន្ត្រីយោធានិងស៊ីវិលកម្ពុជាណាដែលបាន បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស ។ នេះជាការអនុម័តច្បាប់ជំហ៊ាន ដំបូងដោយសភាជាន់ទាប ហើយបន្ទាប់មកទៀត គឺតម្រូវឲ្យមានការពិនិត្យ និងអនុម័តដោយសភាជាន់ខ្ពស់ (ព្រឹទ្ធសភា) មុននឹងបញ្ជូនទៅប្រធាធិបតីចុះហត្ថលេខានិងប្រកាសសុពលភាពច្បាប់ ៕

ដោយ៖ ខា ដា

Facebook Comments

To Top