នយោបាយ

បក្សនយោបាយ និងសង្គមស៊ីវិល លើកដូចគ្នាថា កម្ពុជា មិនមែនជាធុងសំរាម របស់បរទេសទេ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កុងទឺន័រចំនួន៨៣ទូ ដែលមានផ្ទុកកាកសំណល់សំរាម ដែលជាប្លាកស្ទិក ត្រូវបានរកឃើញនៅព្រះសីហនុ ដែលបញ្ហានេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ជាទីបំផុតនៅទូទាំងប្រទេស ។ ចំណុចនេះ បានធ្វើឲ្យអតីតមន្រ្តីគណបក្សប្រឆាំង សង្គមស៊ីវិល បានបង្ហាញសារព្រមគ្នា តាមបណ្តាញសង្គមហ្វេសប៊ុកថា កម្ពុជាមិនមែនជាធុងសំរាមរបស់បរទេស ខណៈសមត្ថកិច្ចនៅមិនទាន់ដឹងប្រភពដើម នៃសំរាមដឹកមកពីប្រទេស ណានៅឡើយទេ ។

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានថ្លែងថា បរទេសដឹកជញ្ជូនកាកសំណល់សំរាមចំនួន៨៣ទូ កុងតឺន័រយកមកបោះចោល នៅកម្ពុជា នាពេលនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងមិនលើកលែងឲ្យបាននោះទេ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ព្រាប កុល នៅថ្ងៃទី១៧ កក្កដា បានសរសេរថា “ប្រទេសខ្ញុំជាធុងសំរាមឬអី? គួរឲ្យភ្ញាក់ផ្អើលដែលមានការដឹកសំរាម កាកសំណល់៨៣កុងតឺន័រពីបរទេសមកខេត្តព្រះសីហនុ។ ការដែលប្រទេសមួយសម្រេចចិត្តបញ្ជូន សំរាមកាកសំណល់ទៅចាក់ចោល នៅប្រទេសមួយទៀតដល់ផ្ទះ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ និងមិនអាចទទួលយកបាន”។

លោករៀបរាប់ថា បើគេដឹកសំរាមមកចាក់ចោលនៅខាងមុខផ្ទះ តើសុខចិត្តទេ? បើជាលោកវិញ គឺដេញដោលសួររកប្រភពសំរាម ទៅរករឿងដល់ផ្ទះអ្នកបង្កហេតុ និងទាមទារឲ្យមានការទទួលខុសត្រូវ យ៉ាងហោចណាស់ក៏ទាមទារឲ្យមានការសូមអភ័យទោសជាសាធារណៈ ព្រមទាំងយកសំរាមទាំងនោះទៅកន្លែងដើមវិញ។

ចំណែកលោកប៉ាវ ស៊ីណា ប្រធាន សហភាពចលនាកម្មករកម្ពុជា បានបង្ហាញសំណេរយ៉ាងខ្លីថា “កុំទុកកម្ពុជា ជាធុងសំរាមអោយសោះ”។

សម្រាប់លោក អេង ឆៃអ៊ាង អតីតមន្រ្តីគណបក្សសង្រ្គោះជាតិបានលើកឡើងថា “របបលោក ហ៊ុន សែន និងបក្ខពួកចាត់ទុកចិនសុទ្ធតែមហាមិត្ត ។ ឯចិន ចាត់ទុកប្រទេសកម្ពុជាជាធុងសម្រាម”។

បើតាមលោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន សំរាមក្នុងកុងទឺន័រចំនួន៨៣ទូនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាននៅកំពង់ផែខេត្តព្រះសីហនុ ។ លោកបន្តថា សមត្ថកិច្ចកិច្ចនឹងកំណត់ថាទំនិញ ហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ ដោយធ្វើការផាកពិន័យលើក្រុមហ៊ុននាំចូលមកនោះតាមច្បាប់ជាធរមាន។ ក្រសួងបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធ នឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំឲ្យមានការនាំចូលសំណល់សំរាម ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ កម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាត ចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជាព្រោះកម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោល បច្ចេកវិទ្យាហួសសម័យនោះទេ ហើយរាជរដ្ឋាភិបាលជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា។

យោងតាមការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានឲ្យដឹងថា កាលពីខែឧសភា ប្រទេសជាង ១៨០ បានព្រមព្រៀងគ្នាធ្វើវិសោធនកម្មយន្តការច្បាប់ដើម្បីចាត់ចែងសំរាមប្លាស្ទិក។ ចិនដែលគេ ធ្លាប់ស្គាល់ថា ជាទិសដៅនាំចូលសំរាមបា្លស្ទិកសម្រាប់កែច្នៃឡើងវិញលំដាប់លេខមួយបានបញ្ឈប់ការនាំចូលសំរាមប្លាស្ទិកតាំងពីដើមឆ្នាំ២០១៨ ហើយពេលនេះសំរាមប្លាស្ទិករបស់ប្រទេសជឿនលឿន (អាមេរិក និងកាណាដា ជាដើម) តម្រង់ទិសមកអាស៊ីអាគ្នេយ៍ ជាពិសេសម៉ាឡេស៊ី៕

Facebook Comments

To Top