នយោបាយ

Full Story ៖ ក្រសួងការងារ ប្រកាសពេលវេលា ប្រជុំចរចាប្រាក់ ឈ្នួលកម្មករ សម្រាប់ឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះបានប្រកាស អំពីកាលវិភាគ នៃការចរចាប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០ ក្នុងនោះបានកំណត់យកខែកក្កដា ឆ្នាំ២០១៩ ជាការចាប់ផ្តើមពិភាក្យា ប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុង របស់ភាគីនីមួយៗ

ឧស្សាហកម្មកាត់ដេរកម្ពុជា បានផ្ដល់ការងារឲ្យពលរដ្ឋខ្មែរ ជាង៧០០០០០នាក់ភាគច្រើនជាស្ត្រី ។ យោងតាមតួលេខចុងក្រោយ របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា កម្ពុជាបាននាំចេញសំលៀក បំពាក់ទៅបរទេសគិតជាទឹកប្រាក់ ប្រមាណ៨១០០លានដុល្លារ គឺកើនប្រមាណ៩ភាគរយធៀបឆ្នាំ២០១៦។

ក្រសួងការងារបានកំណត់ប្រាក់ឈ្នួល ឲ្យកម្មករសម្រាប់ឆ្នាំ២០១៩ គឺ១៧៧ដុល្លារ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានយកថវិកាជាតិបន្ថែមទៀត៥ដុល្លារទៀត ដូច្នេះប្រាក់ឈ្នួលកម្មករ សម្រាប់ឆ្នាំ២០១៩ គឺ១៨២ដុល្លារ និងត្រូវបើកជា២ដងក្នុងមួយខែ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងការងារនៅថ្ងៃទី១៧ កក្កដា បានឲ្យដឹងថា “ការពិភាក្សាប្រាក់អប្បបរមាសម្រាប់ឆ្នាំ២០២០ បានកំណត់យកខែកក្កដា ឆ្នាំ២០១៩ ជាការចាប់ផ្តើមពិភាក្យាប្រាក់ឈ្នួល អប្បបរមាជាលក្ខណៈផ្ទៃក្នុង របស់ភាគីនីមួយៗ ។ ខែសីហា ជាការចាប់ផ្តើមពិភាក្យាប្រាក់ឈ្នួល អប្បបរមាជាលក្ខណៈទ្វេភាគី ។ ខែកញ្ញាជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈត្រីភាគី ។ ខែតុលាបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាដើម្បីសម្រេចប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០”។

សម្រាប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ ឈ្នួលអប្បបរមា។

សេចក្ដីជូនដំណឹងបន្តថា គ្រប់ភាកីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សាការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការពិភាក្សាប្រាក់ឈ្នួល អប្បបរមានៅកម្ពុជា ។

សេចក្ដីជូនដំណឹងដដែលបន្ថែមថា គ្រប់ភាគីទាំងអស់ត្រូវផ្ដោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងលើលក្ខណៈវិនិច្ឆ័យទាំង៧ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។

សូមជម្រាបថា ប្រាក់ឈ្នួលកម្មករនិយោជិតវិស័យកាត់ដេរសម្លៀក បំពាក់នៅកម្ពុជា ត្រូវបានតម្លើងជាបន្តបន្ទាប់ ក្នុងរយៈពេលប្រមាណជា១០ឆ្នាំមកនេះ ដូចជា៖ឆ្នាំ១៩៩៧ ប្រាក់ឈ្នួលចំនួន៤០ដុល្លារ ។ ឆ្នាំ២០០០ ចំនួន៥០ដុល្លារ ។ ឆ្នាំ២០០៧ ចំនួន៥៥ដុល្លារ ។ ឆ្នាំ២០០៨ ចំនួន៦១ដុល្លារ ។ ឆ្នាំ២០១០ ចំនួន៦៦ដុល្លារ ។ ឆ្នាំ២០១១ ចំនួន៦៨ដុល្លារ ។ ឆ្នាំ២០១២ ចំនួន៧៣ដុល្លារ ។ឆ្នាំ២០១៣ ចំនួន៩៧ដុល្លារ ។ ឆ្នាំ២០១៤ ចំនួន១១៧ដុល្លារ ។ ឆ្នាំ២០១៥ ចំនួន១៤៥ដុល្លារ ។ ឆ្នាំ២០១៦ ចំនួន១៥៧ដុល្លារ និងឆ្នាំ២០១៧ ចំនួន១៧៩ដុល្លារ ៕

ដោយ នឿត សម្ផស្ស

Facebook Comments

To Top