ព័ត៌មានជាតិ

មន្រ្តី ជំនាញ នឹងធ្វើការស៊ើបអង្កេត ស្វែងរកប្រភពដេីម នៃការនាំចូល សំណល់សំរាមមកកម្ពុជា

ភ្នំពេញ ៖ ក្រោយពី កុងតឺន័រ ចំនួន៨៣ទូដែលមានផ្ទុក កាកសំណល់សំរាម នាំចូលមកកម្ពុជានោះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថា នបានថ្លែងថា ក្រសួងបរិស្ថាន និងសមត្ថកិច្ច ពាក់ព័ន្ធនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀតដើម្បីស្វែង រកប្រភព និងឫសគល់ដែលនាំឱ្យមានការ នាំចូលសំណល់សំរាមនេះមកកាន់ ប្រទេសកម្ពុជា។

សូម រំលឹក ថា នៅ រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេសត្រូវកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាននៅខេត្តព្រះសីហនុ។

លោក នេត្រ ភក្ត្រា បានសរសេរ នៅក្នុងគ្រុបតេឡេក្រាម ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៦ កក្កដា ថា ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធបាន សម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ។

លោកបន្តថា ការបង្ក្រាបលើការនាំចូលសំរាមពីបរទេសមកចូលប្រទេសកម្ពុជានៅពេលនេះ បញ្ជាក់ពីកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធរួមមានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្នុងការ ទប់ស្កាត់ទំនិញហាមឃាត់មិនឱ្យចូលមកកម្ពុជាបាន។

លោកមានប្រសាសន៍ថា “សមត្ថកិច្ចកិច្ចនឹងកំណត់ថាទំនិញ ហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភព ដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះ តាមច្បាប់ជាធរមាន។ ក្រសួងបរិស្ថាននិងសមត្ថកិច្ច ពាក់ព័ន្ធនឹងធ្វើការស៊ើប អង្កេតស៊ីជម្រៅបន្ថែមទៀតដើម្បី ស្វែងរកប្រភព និងឫសគល់ដែលនាំឱ្យមាន ការនាំចូលសំណល់សំរាម នេះមកកាន់ប្រទេសកម្ពុជា”។

ជាង នេះ ទៅទៀត អ្នកនាំពាក្យ ក្រសួងបរិស្ថាន លេីកឡេីងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាច្រើន លើករួចមកហេីយថារាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានជាដាច់ខាត ចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជាព្រោះកម្ពុជា មិនមែនជាធុងសំរាមសម្រាប់ការបោះចោល បច្ចេកវិទ្យាហួសសម័យនោះទេ ហើយរដ្ឋាភិបាលជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិកនិងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា៕ ដោយ អេង ប៊ូឆេង

Facebook Comments

To Top