នយោបាយ

FullStory៖ GMAC ប្ដេជ្ញាបន្ដសហការ ជាមួយកម្ពុជា ដើម្បីពង្រឹងវិស័យកាត់ដេរ ខណៈការដកឬមិនដក EBA មិនទាន់ច្បាស់លាស់

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC) បានប្ដេជ្ញាបន្តសហការជាមួយ កម្ពុជាដើម្បីពង្រឹង សមត្ថភាពប្រកួតប្រជែង នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ខណៈការដកឬមិនដកគម្រោង អនុគ្រោះពន្ធ លើគ្រប់មុខទំនិញលើកលែង តែគ្រឿងសព្វាវុធ (EBA)មិនទាន់មានភាពច្បាស់លាស់។

GMAC លើកឡើងបែបនេះក្រោយពី សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធី ជាផ្លូវការផ្អាកជាបណ្តោះអាសន្ន លើប្រព័ន្ធអនុគ្រោះពន្ធលើមុខ ទំនិញគ្រប់ប្រភេទលើកលែង តែអាវុធ កាលពីថ្ងៃទី១៣ កុម្ភៈ មុននឹងអាចឈានទៅរកការព្យួរ នាខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមលិខិតរបស់ GMAC ចេញផ្សាយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា GMAC យល់ឃើញថា ភាពមិនច្បាស់លាស់ជុំវិញបញ្ហា EBA មានន័យថា GMAC មិនស្ថិតនៅក្នុងជំហរណាមួយដែលត្រូវធ្វើការចរចាសំខាន់ៗណាមួយ ដែលនឹងប៉ះពាល់ដល់ឧស្សាហកម្មនេះទេ។ GMAC ទន្ទឹងរង់ចាំចូលរួមការចរចា អនុសញ្ញារួមថ្នាក់វិស័យ ឡើងវិញ នៅពេលមានភាពច្បាស់លាស់ អំពីបញ្ហា EBA។

ឆ្លើយតបជាមួយ ក្រុមប្រឹក្សាសហជីពចរចា អនុសញ្ញារួមថ្នាក់ វិស័យGMAC អះអាងថា “សមាគមនៅតែបន្តសហការ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងសមត្ថភាព ប្រកួតប្រជែង របស់វិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប នៅព្រះរាជាណាចក្រកម្ពុជា”។

ដោយឡែកពាក់ព័ន្ធ កូដកម្មវិញ សមាគមរាងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលតំណាងឲ្យសមាជិកជាង ៦០០ រោងចក្រសហគ្រាស បានសម្ដែងការសោកស្តាយ ដែលនាពេលថ្មីៗនេះ មានការកើនឡើងនូវកូដកម្មខុស ច្បាប់នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលនាំឲ្យប៉ះពាល់លើ បរិយាកាសវិនិយោគ ខណៈកម្ពុជាកំពុងប្រឈមនឹង ការគំរាមកំហែង នៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហភាពអឺរ៉ុប។

តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៦ កក្កដានេះ GMACបញ្ជាក់ថា”សកម្មភាពខុសច្បាប់ទាំងនេះ ដែលដឹកនាំដោយសហជីព ទុច្ចរិតបានប៉ះពាល់ជាអវិជ្ជមាន ទៅលើបរិយាកាស វិនិយោគនៅក្នុងវិស័យនេះ ខណៈ ដែលយើងកំពុងប្រឈមនឹង ការគំរាមកំហែង នៃការដក EBA ដោយសហភាពអឺរ៉ុប”។

ជាក់ស្តែងការធ្វើកូដកម្ម នៅរោងចក្រBowker Garment Factory (Cambodia ) Limited ចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មិនបានគោរពតាមនីតិវិធីច្បាប់។ ភាគីទាំងពីរបានចរចាគ្នា ហើយចំណុចដែលមិនសះ ជាក៏ត្រូវបានបញ្ជូន ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ផងដែរតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩។ ទោះបីជាយ៉ាងណាក៏ដោយ កម្មករមួយចំនួន នៅតែបន្តធ្វើកូដកម្ម រំលោកច្បាប់ និងសេចក្តីបង្គាប់ឲ្យ ត្រឡ្បប់ចូលការងារវិញ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា ថ្កោលទោសរាល់ទង្វើខុសច្បាប់ ទាំងឡាយណាដែល ពាក់ព័ន្ធនឹងការធ្វើកូដកម្ម មិនស្របតាមនីតិវិធីច្បាប់ ដែលអាចនាំឲ្យ មានការបាត់បង់ទំនុកចិត្ត ពីអ្នកបញ្ជាទិញ និងអត្ថប្រយាជន៍ ដល់ភាគីទាំងពីរ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្នើសុំនិងអំពាវនាវ ទៅដល់សហជីព និងកម្មករទាំងអស់មេត្តា គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងនីតិវិធីដោះស្រាយ វិវាទការងារ ព្រោះស្ថិរភាព នៃឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈគឺពិតជាសំខាន់ណាស់។

ឆ្លើយតបនឹងការព្រួយបារម្ភនេះ លោក ប៉ាវ ស៊ីណា ប្រធានសហជីព ចលនាកម្មករកម្ពុជា បានចាត់ទុកការព្រួយបារម្ភ ចំពោះការកើនឡើង នូវកូដកម្មខុសច្បាប់ របស់សមាគមរាងចក្រកាត់ដេរ នៅកម្ពុជា (GMAC) មិនមែនជារឿងថ្មី ហើយលោកប្រាប់ឲ្យខាង GMAC គួរតែជំរុញឲ្យសមាជិក របស់ខ្លួន ឬនិយោជកអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវតាមស្ដង់ដារ ការងារ ជាពិសេសសហការជាមួយ សហជីពពន្លឿន ការដោះស្រាយ វិវាទការងារ។

លោក ប៉ាវ ស៊ីណា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី១៦កក្កដានេះថា “មិនមែនជារឿងថ្មីទេដែល GMAC ចេញសេចក្ដីថ្លែងការណ៍ ជុំវិញករណី កូដកម្មតវ៉ា របស់បងប្អូនកម្មករសម្រាប់ខ្ញុំ សំខាន់ការទាមទារ របស់ពួកគាត់ ដោយសន្តិវិធី ដោយអហិង្សា មិនបង្កផលប៉ះពាល់ដល់សម្បត្តិសាធារណៈ ឬក្រុមហ៊ុន។ ដូច្នេះវាជារឿងមួយដែល GMAC គួរតែជំរុញឲ្យសមាជិក របស់ខ្លួនឬនិយោជក អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ តាមស្ដង់ដារការងារ ជាពិសេសជំរុញឲ្យ សមាជិកខ្លួនបង្កើត ឱកាសនៃការទំនាក់ទំនង ជិតស្និទជាមួយសហជីព កម្មករ និងពន្លឿនការចរចា ដែលជាយុទ្ធសាស្រ្ត ទប់ស្កាត់វិវាទការងារ” ៕

Facebook Comments

To Top