ព័ត៌មានជាតិ

ការផ្ដល់សេរីភាព ផ្នែកសេដ្ឋកិច្ចដល់ស្រ្តី គឺដើម្បីលើកម្ពស់ជីវភាព រស់នៅរបស់ស្រ្តីនិងក្រុមគ្រួសារ

ភ្នំពេញ៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថា ការផ្ដល់សេរីភាព ផ្នែកសេដ្ឋកិច្ ចដល់ស្រ្តី គឺដើម្បីលើកម្ពស់ ជីវភាពរស់នៅរបស់ស្រ្តី និងក្រុមគ្រួសារ របស់ពួកគេ ខណៈស្រ្តីកម្ពុជាបាននិងកំពុងដើរតួរនាទី យ៉ាងសំខាន់ ក្នុងភាពជាអ្នកដឹកនាំ និងចូលរួមយ៉ាងសំខាន់ ជួយជំរុញកំណើនសេដ្ឋកិច្ច របស់ប្រទេសជាតិ។

ក្នុងឱកាសអញ្ជើញ ជាសាក្សីនាពិធី ចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងធនាគារកាណាឌីយ៉ា ជាមួយនឹងសមាគមសហគ្រិន ស្រ្តីកម្ពុជា លើគម្រោងកម្ចីហិរញ្ញប្បទាន សហគ្រិនស្រ្តី វ័យឆ្លាត ក្នុងកញ្ចប់ថវិកា២០លានដុល្លារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងថាកាលពី សប្ដាហ៍មុន គណៈរដ្ឋមន្រ្តីបានពិនិត្យ និងនៅលើសេចក្ដីព្រាង យុទ្ធសាស្រ្តជាតិស្ដីពី បរិញ្ញាបន ហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។

លោកស្រីបន្តថា យុទ្ធសាស្រ្តជាតិនេះ មានគោលដៅបង្កើនលទ្ធភាព ឲ្យប្រជាពលរដ្ឋ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដោយមានគុណភាព ដែលអាចកាត់បន្ថយអត្រាស្រ្តី ដែលមិនទាន់ទទួលបាន សេវាហិរញ្ញវត្ថុឲ្យ បានពាក់កណ្ដាល ដោយកាត់បន្ថយពី២៧%មកនៅ១៣%នៅឆ្នាំ២០២៥។ពង្រីកការប្រើប្រាស់ សេវាហិរញ្ញវត្ថុ ផ្លូវការពី៥៧% ទៅ៧០% ក្នុងឆ្នាំ២០២៥ ព្រមទាំងការធ្វើឲ្យប្រសើរឡើង នូវសុខមាលភាព របស់ក្រុមគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច របស់ប្រទេសជាតិផងដែរ។

លោកស្រីរដ្ឋមន្រ្តី ឲ្យដឹងទៀតថា “ម្យ៉ាងវិញទៀត ការផ្ដល់ភាពអង់អាច ផ្នែកសេដ្ឋកិច្ច ដល់ស្រ្តីគឺជាយុទ្ធសាស្រ្តឈ្នះៗ ដែលរាជរដ្ឋាភិបាល ប្រទេសកម្ពុជា បានអនុញ្ញាត ឲ្យក្រសួងកិច្ចការនារី ចាប់ផ្ដើមអនុវត្ត គេហៅថាផ្ដល់ភាព អង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្រ្តីនេះ។ដើម្បីអ្វី? ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់ស្រ្តី និងក្រុមគ្រួសាររបស់គេ”។

លោកស្រីថា បើកម្ពុជាជួយលើកកម្ពស់ សមត្ថភាពយែនឌ័រ កាន់តែខ្ពស់ក្នុងវិស័យសេដ្ឋកិច្ច ក្រុមហ៊ុនពិគ្រោះយោលបល់នោះ ប៉ាន់ស្មានថា ផលិតផលសរុបក្នុងស្រុក (GDP)របស់កម្ពុជា អាចនឹងកើនឡើងបានប្រមាណ១២ពាន់លានដុល្លារ នៅលើពិភពលោក ក្នុងឆ្នាំ២០២៥ផងដែរ។ ការសិក្សាមួយបានធ្វើឡើង កាលពីប៉ុន្មានឆ្នាំមុន របស់ក្រុមហ៊ុនពិគ្រោះយោបល់ បានសន្និដ្ឋានថា ការផ្ដល់ភាពអង់អាច ផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ក៏អាចបង្កើនផលិតផល ក្នុងស្រុក សរុបកម្រិតសកលលោក បានប្រមាណ ១២ពាន់លានដុល្លារ ។

លោកស្រីបន្តថា ជាក់ស្ដែងវត្តមាន នៃការចូលរួមដោយស្មើភាព របស់ស្រ្តី ក្នុងវិស័យសេដ្ឋកិច្ច នៅក្នុងពិភពលោក ធ្វើឲ្យផលិតផលក្នុងស្រុក កម្រិតពិភពលោក មានសក្ដានុពល កើនឡើងរហូតដល់ ២៨ពាន់លានដុល្លារ ។ដែលចំនួននេះមានចំនួនច្រើន ជាង១ភាគ៣ នៃGDP សរុបកម្រិតពិភពលោក ដែលកម្ពុជាប៉ាន់ស្មាន ប្រមាណតែ៧៥ពាន់លានដុល្លារ តែប៉ុណ្ណោះ។

យោងតាមរបាយការណ៍ បានបង្ហាញថា ៦៥% នៃមុខជំនួញទាំងអស់ ត្រូវបានគ្រប់គ្រងដោយស្ត្រី។ ស្ត្រីមានការប្រកួតប្រជែងខ្លាំង ក្នុងការប្រកបមុខរបរជាងបុរស អាស្រ័យដោយ កត្តាខ្វះខាតជាច្រើន រួមជាមួយឧបសគ្គ និងពេលវេលា ហើយក៏ព្រោះតែកត្តាដ៏ពិសេស របស់ស្រ្តីនេះ ហើយដែលស្ត្រីគួរត្រូវ បានផ្តល់ឱកាសអទិភាពបន្ថែម និងសិទ្ធិក្នុងការ ប្រព្រឹត្តទៅ ក្នុងការវិនិយោគដើមទុន និងការភ្ជាប់ទំនាក់ទំនង ផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យពួកគេ រីកចម្រើននិងពង្រីកអាជីវកម្ម ឲ្យកាន់តែធំ។ហើយក៏អាចជួយពួកគេ បានចូលរួមចំណែក ក្នុងការទ្រង់ទ្រាយធំ ផងដែរ៕
ដោយ៖ធី លីថូ

Facebook Comments

To Top