នយោបាយ

នាយករដ្ឋមន្រ្តី ប្រាប់ពីមូលហេតុ គ្រេចស្មាខាងស្តាំ

ភ្នំពេញ៖ ក្រោយមានការងឿងឆ្ងល់ ពីបងប្អូនមួយចំនួន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី១៦កក្កដានេះ បានប្រាប់ពីមូលហេតុ ដែលសម្ដេចគ្រេចស្មាខាងស្តាំ គឺបណ្ដាលមកពីសម្ដេច ចង់រៀនជិះកង់ប្រណាំង ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ខ្ញុំគ្រេចស្មាខាងស្តាំ មានបងប្អូនយើង មួយចំនួនមានការងឿងឆ្ងល់ថា (ហេតុអ្វីបានខ្ញុំគ្រេចស្មា)? ចម្លើយខ្លីរបស់ខ្ញុំមកពីខ្ញុំ(រពឹស) ។ មកពីហ្សឺណែវប្រទេសស្វីស នៅព្រឹកថ្ងៃសៅរ៍ត្រៀម ទៅវាយកូនគោលនៅព្រឹក ថ្ងៃអាទិត្យ ។ ក្រោកពីសម្រាកថ្ងៃរសៀល នឹកឃើញចង់រៀន ជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់ តាមក្បួនខ្នាតមានទាំង មួកសុវត្តិភាពផង ។ ជិះកង់បានប្រហែល៥០នាទី ដល់ពេលត្រូវឈប់ព្រោះបែកញើសខ្លាំងហើយ ពេលកង់ស្ទើរតែអស់
ល្បឿនបែជាកង់ដួលទៅលើស្មៅ ធ្វើឱ្យខ្ញុំគ្រេចស្មាខាងស្តាំ ។ សុំបញ្ជាក់ថាកង់ ដែលខ្ញុំជិះនេះជាប្រភេទកង់ប្រណាំង ដែលទើបទិញ មកសម្រាប់ការហាត់ របស់ខ្ញុំ ដើម្បីឈានទៅចុះឈ្មោះ ជាកីឡាករប្រណាំងកង់ សម្រាប់មនុស្សចាស់ តែខ្ញុំផ្តាំថាអាយុលើសពី៥០ឆ្នាំ គួរកុំជិះកង់ប្រភេទនេះ នាំគ្រោះថ្នាក់ឬឈឺខ្លួន ដូចខ្ញុំនេះស្រាប់ ។ ក្មេងរពឹសមិនងាយរាងចាលទេ តែចាស់រពឹសឆាប់រាងចាលណាស់ ។ មានឡានមានម៉ូតូជិះតែមកគ្រោះថ្នាក់ ដោយសារកង់មកពី(រពឹស)”។

សូមរំលឹកថាសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញដំណើរ ទៅព្យាបាលជំងឺគ្រេចស្មាស្ដាំ នៅសិង្ហបុរី កាលពីថ្ងៃទី៦ ខែកក្កដានិងបានត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី១០ ខែកក្កដាក្រោយពីបញ្ហាជំងឺបានធូរស្រាល ៕

Facebook Comments

To Top