នយោបាយ

GMAC ព្រួយបារម្ភ ចំពោះការកើនឡើង នូវកូដកម្មខុសច្បាប់ ដែលនាំឲ្យប៉ះពាល់ ដល់បរិយាកាស វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សមាគមរាងចក្រកាត់ដេរ នៅកម្ពុជា (GMAC) ដែលតំណាង ឲ្យសមាជិកជាង ៦០០ រោងចក្រ សហគ្រាស បានសម្ដែងការសោកស្តាយ ដែលនាពេលថ្មីៗនេះ មានការកើនឡើង នូវកូដកម្មខុសច្បាប់ នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលនាំឲ្យប៉ះពាល់លើបរិយាកាស វិនិយោគខណៈកម្ពុជា កំពុងប្រឈមនឹងការគំរាមកំហែង នៃការដកប្រព័ន្ធអនុគ្រោះពន្ធEBAដោយសហភាពអឺរ៉ុប ។

តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៦ កក្កដានេះ GMAC បញ្ជាក់ថា “សកម្មភាពខុសច្បាប់ទាំងនេះ ដែលដឹកនាំដោយសហជីព ទុច្ចរិតបានប៉ះពាល់ជាអវិជ្ជមាន ទៅលើបរិយាកាស វិនិយោគនៅក្នុងវិស័យនេះ ខណៈដែលយើងកំពុងប្រឈម នឹងការគំរាមកំហែង នៃការដកEBAដោយសហភាពអឺរ៉ុប” ។
ជាក់ស្តែងការធ្វើកូដកម្មនៅរោងចក្រBowker Garment Factory (Cambodia ) Limitedចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មិនបានគោរពតាមនីតិវិធីច្បាប់។ ភាគីទាំងពីរបានចរចាគ្នា ហើយចំណុចដែលមិនសះជាក៏ត្រូវបានបញ្ជូន ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩។ ទោះបីជាយ៉ាងណាក៏ដោយ កម្មករមួយចំនួន នៅតែបន្តធ្វើកូដកម្ម រំលោកច្បាប់ និងសេចក្តីបង្គាប់ឲ្យ ត្រឡ្បប់ចូលការងារវិញរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថ្កោលទោសរាល់ទង្វើខុសច្បាប់ទាំងឡាយណា ដែល ពាក់ព័ន្ធនឹងការធ្វើកូដកម្មមិនស្របតាមនីតិវិធីច្បាប់ ដែលអាចនាំឲ្យមាន ការបាត់បង់ទំនុកចិត្តពីអ្នកបញ្ជាទិញ និងអត្ថប្រយាជន៍ដល់ភាគីទាំងពីរ ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ស្នើសុំនិងអំពាវនាវទៅដល់សហជីព និងកម្មករទាំងអស់មេត្តា គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងនីតិវិធីដោះស្រាយវិវាទការងារ ព្រោះស្ថិរភាពនៃឧស្សាហកម្មកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈគឺពិតជាសំខាន់ណាស់៕

Facebook Comments

To Top