នយោបាយ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អរគុណអឺរ៉ុបចំពោះជំហរបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះជំហរបន្តគាំទ្រ និង ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលបន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីសុភវិនិច្ឆ័យ ចំពោះសមិទ្ធផល នានា ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំសម្រេចបាន ។

ក្នុងជំនួបជាមួយលោក ច្សច អេដហ្កា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី១៥ កក្កដា លោក អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងវាយតម្លៃខ្ពស់ចំពោះ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរកន្លងមក រវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យនៃ ការអនុវត្តគម្រោងនានា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហភាពអឺរ៉ុប ដូចដែលបានកំណត់ក្នុងកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង តាមកម្មវិធីកែទម្រង់នីមួយៗ នៃកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប ។

លោកបន្តថា ការវាយតម្លៃនៃការអនុវត្តក្របខណ្ឌ ឆ្នាំ២០១៨ មានលទ្ធផលដូចជា៖ ១.កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ២០១៩ ចំនួន ៤.៣ លានអឺរ៉ូ ។

២.ភាពជាដៃគូកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០១៨-២០២១ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ២០១៩ ចំនួន១៧,៥ លានអឺរ៉ូ និង៣.កម្មវិធីជំរុញកំណើន វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន ៥លានអឺរ៉ូ ។

លោករដ្ឋមន្ត្រី នឹងជំរុញ ការសម្របសម្រួល ជាមួយក្រសួងជំនាញពាក់ព័ន្ធ ដើម្បីរៀបចំឯកសារ គាំទ្រសម្រាប់ការ បន្តបើកផ្តល់ថវិកាឆ្នាំ២០១៩ ក្នុងខែសីហា ឆ្នាំ២០១៩ នេះ ៕

ដោយ៖ ខា ដា

Facebook Comments

To Top