នយោបាយ

ប្រធានរដ្ឋសភា លើកទឹកចិត្ត ដល់រាជរដ្ឋាភិបាល ឲ្យពន្លឿនកម្មវិធីកែទម្រង់ ស៊ីជម្រៅ ដើម្បីធានា បានប្រព័ន្ធ រដ្ឋបាលស្អាតស្អំ

ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានលើកទឹកចិត្ត ដល់រាជរដ្ឋាភិបាល បន្តកិច្ចខិតខំពន្លឿន ការអនុវត្តកម្មវិធី និងអាទិភាពគោល នយោបាយ សំខាន់ៗ ដូចជាបន្តអភិវឌ្ឍ ធនធានមនុស្ស លើកកម្ពស់វិស័យកសិកម្ម ឧស្សាហកម្ម ការងារវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីឲ្យកម្ពុជា មានប្រព័ន្ធរដ្ឋបាល សាធារណៈមួយ កាន់តែស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពអាចដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដែលអាចឱ្យកម្ពុជាសម្រេចបាននូវវឌ្ឍនភាព និងវិបុលភាព តាមការរំពឹងទុក សំដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតីភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ និងនិរន្តភាព។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក របស់សម្ដេច ហេង សំរិន ។

សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញបើកសិក្ខាសាលា ស្វែងយល់ពីការកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេច ហេង សំរិន បានកោតសរសើររាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៨ ប្រកបដោយភាពត្រឹមត្រូវ និងសមស្រប ធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព និង បរិយាប័ន្ននិងបានជំរុញដល់ការ វិនិយោគទាំងក្នុងស្រុក និងវិនិយោគផ្ទាល់ពីបរទេស ហើយបានធ្វើឲ្យកំណើន សេដ្ឋកិច្ចសម្រេចបាន លើសពីការរំពឹងទុក រហូតដល់ ៧,៥% ។

ជាមួយគ្នានេះ សម្តេចបានលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការបន្ត និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សា និងធានានូវកំណើនសេដ្ឋកិច្ចខ្ពស់ រឹងមាំ និងមាននិរន្តភាព និងអាចដោះស្រាយបញ្ហាប្រឈមនានា។ សម្តេចបានជំរុញដល់រាជរដ្ឋាភិបាល បន្តអភិវឌ្ឍ និងការគ្រប់គ្រង ធនធានមនុស្ស ក្នុងវិស័យសាធារណៈ ឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ នៃចរន្តវិវត្តន៍សេដ្ឋកិច្ចតំបន់ និងសកលលោក ។ បន្តអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតលើកាតបង្កើនផលិតភាព ពិពិធកម្ម ការកែច្នៃកសិផល និងពាណិជ្ជូបនីយកម្ម ។

សម្តេច ហេង សំរិន បានលើកទឹកចិត្តរាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម២០១៥-២០២៥ ឱ្យយកាន់តែមានប្រសិទ្ធិភាព សំដៅបង្កើនសង្វាក់ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ក្នុងនោះការបន្តរៀបចំផែនការមេ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា ចូលក្នុងទីផ្សារអន្តរជាតិ និងត្រៀមចំពោះហានីភ័យនានា ដែលអាចកើតមានជាយថាហេតុ។ លើកទឹកចិត្ត និងគាំទ្រដល់ការធ្វើការកែ ទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ឱ្យកាន់តែប្រសើរសំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ ។

ចំពោះក្រមខណ្ឌនីតិប្បញ្ញត្តិវិញ សម្តេច បានស្នើឱ្យមានការ ជជែក ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បី រួមចំណែក និងគាំទ្រដល់កិច្ចខិតខំរាជរដ្ឋាភិបាលក្នុងដំណើរការកសាង និងអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យក្នុង ផ្តល់ផលប្រយោជនជូនប្រជា ពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ស្ថាប័ននីតិប្បញ្ញត្តិ ត្រូវបន្តការសិក្សា ស្រាវជ្រាវ និងផ្តួចផ្តើមគំនិតធ្វើច្បាប់ ឬវិសោធនកម្មច្បាប់នានា ដែលមានភាពខ្វះចន្លោះ ឬមិនទាន់ស្របទៅនឹងសភាពការណ៍ សំដៅបង្កើនប្រសិទ្ធភាព នៃការអនុវត្ត ជាពិសេសច្បាប់នានាដែលទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្តលើកកម្ពស់តួនាទីតាមដាន និងភាពជាតំណាងប្រជាពលរដ្ឋ ដោយត្រូវស្វែងយល់ពីក្តីកង្វល់ កង្វះខាត និងភាពប្រឈមរបស់ប្រជាពលរដ្ឋ នៅតាមមណ្ឌលរបស់ខ្លួន ឱ្យកាន់តែសកម្ម ដើម្បីធានាបាននូវភាពសុខដុម និងវិបុលភាពជូនប្រជាពលរដ្ឋ ជាដើម ៕

Facebook Comments

To Top