ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសចាត់វិធានការផ្លូវច្បាប់​ លើមន្រ្តីដែលពាក់ព័ន្ធ ឬផ្សំគំនិតប្រព្រឹត្តបទល្មើសព្រៃឈើ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានប្រកាសចាត់វិធានការផ្លូវច្បាប់ លើជនល្មើសប្រព្រឹត្តបទល្មើសព្រៃឈើ មិនថាអ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ឬមន្រ្តីអនុវត្តច្បាប់ក្នុង គណៈកម្មការនោះឡើយ។

គេហទំព័រហ្វេសប៊ុករបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដកស្រង់ប្រសាសន៍ នាយឧត្តមសេនីយ៍ សៅ សុខា ថា
ទទួលស្តាប់រាល់មតិយោបល់ គណៈកម្មការជាតិតែឯង មិនអាចការពារព្រៃឈើបានទេ។

គប្បីមេត្តាចូលរួមគាំទ្រ៖ ១.ក្រសួងស្ថាប័ន ដែលមានសមត្ថកិច្ចសុំ ពង្រឹងការសម្រេចចិត្ត ចេញលិខិតអនុញ្ញាតិច្បាប់ និងត្រួតពិនិត្យកិច្ចការដែលជាតួនាទី ភារកិច្ច ចងដោយច្បាប់អោយបានតឹងរឹង។ តាមការពិនិត្យ ដីសម្បទានមួយចំនួន មិនអាចដាំដំណាំកសិឧស្សាហកម្ម ដូចជាកៅស៊ូបានទេ ព្រោះខាងក្រោមសម្បូរណ៏ដោយថ្ម ។ គ្មានប្រភពទឹកខែប្រាំងទៀងផង។

២.ក្រុមហ៊ុនទទួលបានសិទ្ធិ ត្រូវគោរពបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដោយស្មោះត្រង់ ពន្ធដារត្រូវតែអនុវត្តន៏ដាច់ខាត ។

៣.បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស សុំមេត្តាយល់ថា កាលពីជំនាន់ដូនតាយើង មិនប្រកបរបបកាប់ឈើ ហេតុអ្វីលោកអាចរស់បាន។ មុខរបបមានច្រើនដែល អាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់ បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់។

៤.លើកនេះជនល្មើសមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់។ អោយតែរកឃើញថា ទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស ។ មន្ត្រីអនុវត្តន៏ច្បាប់ ក្នុងគណៈកម្មការ ក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៏ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធ និងបទល្មើស ។

សូមរំលឹកថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសជាប្រធាន និង លោក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាន កណ្តាលនគរបាលព្រំដែន ជាអនុប្រធាន ព្រមទាំងមានសមាជិកមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមទាំងអភិបាលរាជធានី-ខេត្តផងដែរ។
មួយរយៈពេលចុងក្រោយនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើការឃាត់ខ្លួនជនល្មើសជាបន្តបន្ទាប់ និងដុតបំផ្លាញចោល នៅនឹងកន្លែងនូវមធ្យោបាយ រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹង បទល្មើសព្រៃឈើផងដែរ ៕

Facebook Comments

To Top