ព័ត៌មានជាតិ

ប្រធានសហព័ន្ធវិនិយោគគិន៖​ ​ការរីកចម្រើនរបស់ជាតិសាសន៍មួយ គឺមិនអាចខ្វះ ធនធានមនុស្សបានឡើយ

ភ្នំពេញ៖ លោកឡី សុភាព ប្រធានសហព័ន្ធវិនិយោគគិន និងជាប្រធានសមាគម សហព័ន្ធវេជ្ជសាស្រ្ត ឧសថសាស្រ្ត និងទន្ទសាស្រ្តកម្ពុជា បានឲ្យដឹងថា ការរីកចម្រើនរបស់ជាតិសាសន៍មួយ មិនអាចខ្វះធនធានមនុស្សបានឡើយ ព្រោះធនធានមនុស្សនេះ គឺជារឿងមួយចាំបាច់ និងសំខាន់មិនអាចកាត់ថ្លៃបាន ។

ក្នុងឳកាសអញ្ជើញជាអធិបតីភាព ប្រគល់វិញ្ញាបនបត្រ និងជ័យលាភីដល់សិក្ខាកាម សិស្ស-និស្សិតសរុបប្រមាណជាង ២៥០នាក់ នៅទីស្នាក់ការសមាគម សហព័ន្ធវិនិយោគិនកម្ពុជា ស្ថិតក្នុងខណ្ឌជ្រោយចង្វ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ លោកបណ្ឌិត ឡី សុភាព​ បានថ្លែងថា វិទ្យាស្ថានអន្តរជាតិ ត្រូវរាជរដ្ឋាភិបាលទទួលស្គាល់ តាមរយៈសំណើរបស់រដ្ឋមន្រ្តីក្រសួងការងារ បណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ និងតាមការចុះហត្ថលេខា ស្នើសុំរបស់លោកដោយផ្ទាល់ នូវអនុក្រឹត្យលេខ១៨៤ អ.ន.ក្រ.ប.ក ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្ដីអំពីការទទួលស្គាល់វិទ្យាស្ថាន អាជីវកម្មអន្តរជាតិ ជាផ្លូវការរបស់រាជរដ្ឋាភិបាល។

លោកថា នេះគឺជាមោទនៈភាពមួយ របស់សិក្ខាកាម ក្រោយពីចេញអនុក្រឹត្យនេះរួច រាជរដ្ឋាភិបាល ចេញនូវសេចក្ដីប្រកាស និងចេញនូវអនុក្រឹត្យមួយទៀត ដែលទាក់ទងនឹងគោលនយោបាយជាតិ ស្ដីអំពីការសិក្សា អស់មួយជីវិត ។

ប្រធានវិនិយោគគិនបន្តថា “បើយើងនិយាយអំពីការរីកចម្រើន របស់ជាតិសាសន៍មួយ មិនអាចខ្វះបានទេនូវធនធានមនុស្ស។ ទី១គឺមនុស្ស ទីពីគឺការគ្រប់គ្រងធនធានមនុស្ស គឺជារឿងសំខាន់ និងចាំបាច់មិនអាចកាត់ថ្លៃបាន”។

ពាក់ព័ន្ធនឹងការអប់រំ បណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លោក ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា សូមបន្តការសិក្សារបស់ខ្លួន ឱ្យបានជាប់ជានិច្ច ស្របតាមការដាក់ចេញកម្មវិធី “រៀនមួយជីវិត”របស់រាជរដ្ឋាភិបាលកម្ពុជា ដូចនឹងពាក្យចាស់ពោលថា “រស់ដល់ចាស់ រៀនដល់ចាស់”។

ក្នុងឳកាសនោះ លោកបញ្ជាក់ថា នឹងមានគម្រោងផ្ដល់ អាហារូបករណ៍ថ្នាក់អនុបណ្ឌិតចំនួន ៥០០កន្លែង និងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ និងផ្នែកអប់រំបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សរុបចំនួន ៥,០០០កន្លែងទៀត ដល់ប្រជាពលរដ្ឋ ពិសេសយុវជននៅទូទាំងប្រទេស ដែលមានបំណងចង់បន្តការសិក្សា និងចង់ទទួលបាន ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ។

លោកបន្តថា ក្នុងឆ្នាំ២០១៩នេះ សមាគមនឹងសហការជាមួយ គ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ដើម្បីផ្ដល់អាហារូបករណ៍ នៅថ្នាក់អនុបណ្ឌិត ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ ព្រមទាំងផ្នែកអប់រំ បណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បន្ថែមទៀត។

រួមមាន៖សម្រាប់ថ្នាក់អនុបណ្ឌិត មានគ្រឹះស្ថានឧត្តមសិក្សា ចំនួន៣ធំៗ ទទួលការបង្រៀននិស្សិត តាមរយៈសមាគមទាំងពីរខាងលើ ក្នុងនោះរួមមាន៖ សាកលវិទ្យាល័យអន្តរជាតិ វិទ្យាស្ថានជាតិអភិវឌ្ឍន៍សហគ្រិន និងនវានុវត្តន៍ និងវិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិ ដោយនឹងផ្ដល់អាហារូបករណ៍ សរុបប្រមាណ ៥០០កន្លែង។

សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងផ្នែកអប់រំបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សមាគមគ្រោងនឹងផ្ដល់អាហារូបករណ៍ ជូនសិស្សក្រីក្រប្រមាណ ៥,០០០កន្លែង ឱ្យសិក្សាក្នុងគ្រឹះស្ថានឧត្តមសិក្សា ចំនួន៣ដែរ ក្នុងនោះរួមមាន៖ វិទ្យាស្ថានជាតិអភិវឌ្ឍន៍សហគ្រិន និងនវានុវត្តន៍ វិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិ និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។

សូមបញ្ជាក់ថា សិក្ខាកាម សិស្ស-និស្សិត ជាង២៥០នាក់ខាងលើនេះ ទទួលបានការអប់រំបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិ អស់រយៈពេលជាង ១ឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ន ពួកគេគឺសុទ្ធតែ ទទួលបានការងារធ្វើ និងមុខរបរគ្រប់គ្នាៗហើយ ដែលជាវឌ្ឍនភាពថ្មី សម្រាប់ប្រជាជាតិកម្ពុជា៕ ដោយ៖ ដារាត់

Facebook Comments

To Top