ព័ត៌មានជាតិ

រដ្ឋមន្រ្តីអប់រំអំពាវនាវមាតាបិតា បញ្ជូនកូនតូចមករៀនថ្នាក់មត្តេយ្យឲ្យច្រើន ដើម្បីជាគ្រឹះចូលថ្នាក់បឋម

ភ្នំពេញ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់មាតាបិតា ដែលមានកូនតូចៗ មានអាយុចាប់ពី២ឆ្នាំ ទៅ៣ឆ្នាំឲ្យមកចុះឈ្មោះចូលរៀន ថ្នាក់មត្តេយ្យសិក្សាឲ្យបានច្រើនកុះករបន្ថែមទៀត ដើម្បីជាគ្រឹះដល់ភាពរឹងមាំពេលឡើងចូលថ្នាក់បឋមសិក្សា ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បន្ទប់កុំព្យូទ័រ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នាសាលាបឋមសិក្សាបាក់ទូក លោក ហង់ ជួនណារ៉ុន បានថ្លែងថា លទ្ធផលសិក្សារបស់ សិស្សបានល្អគឺជាការចូលរួមរបស់អ្នកគ្រូ លោកគ្រូដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀន។

លោកសង្កត់ធ្ងន់ថា សិស្សានុសិស្សត្រូវមានអក្ខរកម្មផ្នែកឌីជីថល និងអក្ខរកម្មផ្នែកកុំព្យូទ័រផងដែរ ហើយក្រសួងលើកចិត្តដោយតាមរយៈផ្ដល់ជាកុំព្យូទ័រ និងជាថវិកាមួយចំនួន ។ តែលោកថា ផ្ដល់តែសាលាណាដែលមានការប្ដេជ្ញាចិត្តនូវការប្រើប្រាស់ឲ្យមានប្រសិទ្ធភាព ជាពិសេស ការថែទាំនៃការចូលរួម ព្រោះក្នុងសម័យបច្ចេកវិទ្យានេះ បើមិនចេះបច្ចេកវិទ្យាទេ គឺមិនអាចដើរទាន់ប្រទេសផ្សេងឡើយ។

រដ្ឋមន្រ្តីបន្ថែមថា ដូច្នេះហើយក្រសួងបានរៀបចំកម្មវិធីសិក្សាថ្មី ។ កម្មវិធីសិក្សាថ្មីនេះ គឺទី១ បង្រៀនឲ្យសិស្សផ្តោតទៅលើចំណេះចេះដឹងនូវភាសាជាតិគឺភាសារខ្មែរជាចម្បង។

លោកថា “ដូច្នេះហើយបានជាកម្រិតបឋមសិក្សាហ្នឹង យើងបង្រៀនវិធីសាស្រ្តបង្រៀនឲ្យចេះអាន ចេះសរសេរឲ្យបានស្ទាត់ពីថ្នាក់ទី១តែម្ដង ។ មិនតែប៉ុណ្ណោះទេ គឺត្រូវលើកទឹកចិត្តឲ្យមាតាបិតា បញ្ជូនសិស្ស បញ្ជូនកូនចៅឲ្យរៀនមត្តេយ្យសិក្សា ។ ចឹងមត្តេយ្យហ្នឹង គឺមានអាយុ ៣ ឆ្នាំ៥ឆ្នាំ ឲ្យគាត់មានមូលដ្ឋានឲ្យគាត់ត្រៀមខ្លួនបានល្អ ដើម្បីរៀននៅបឋមសិក្សា “។

លោកបញ្ជាក់ថា ក្រសួងអប់រំបាននឹងកំពុងអនុវត្តអំណានដំបូងនៅថ្នាក់បឋមសិក្សា ដោយរៀបចំជាកញ្ចប់អំណានដំបូង មានសៀវភៅគោលសិក្សារបស់ក្រសួង និងមានសៀវភៅជំនួយអំណានភ្ជាប់ជាមួយសៀវភៅគោល និងសៀវភៅណែនាំគ្រូ ដើម្បីឲ្យគ្រូចេះណែនាំ បង្រៀនសិស្សឲ្យបានកាន់តែល្អ ដើម្បីឲ្យសិស្សចូលចិត្តរៀន ។ ពោលគឺការបង្រៀនអានតាមបែបអក្ខរកម្ម ឲ្យសិស្សចេះអានស្ទាត់ និងចេះសរសេរបានល្អ ព្រមទាំងមានបំនិន ទាំងបំនិនស្គាល់តួអក្សរ បំនិនប្រកបតួអក្សរ បំនិនយល់ន័យ បំនិនយល់ឃ្លាសរសេរល្បៈ ជាដើម៕

ដោយ៖ ធី លីថូ

Facebook Comments

To Top